រាជធានីភ្នំពេញ ៖ វាមិនតែងតែងាយស្រួលទេក្នុងការឆ្លើយតបទៅនឹងអាកប្បកិរិយារបស់កូនដោយការយល់ចិត្ត ។ ប៉ុន្តែនៅពេលដែលអ្នកបង្ហាញកូនថា អ្នកយល់ និងគោរពតម្រូវការរបស់ពួកគេ នោះអ្នកកំពុងបង្កើតនូវទំនុកចិត្ត និងទំនាក់ទំនងយ៉ាងល្អជាមួយកូនរបស់អ្នក ។ ប្រើគន្លឹះខាងក្រោមនេះ ដើម្បីអនុវត្តការយល់ចិត្ត ចំពោះកូនរបស់អ្នក ៖
១. អនុវត្តតាម «ច្បាប់ផ្លាទីន» មិនមែន «ច្បាប់មាស» ទេ ៖ អ្នកប្រហែលជាធ្លាប់ស្គាល់ច្បាប់មាស ប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលអ្នកចង់ឱ្យអ្នកដទៃធ្វើដាក់អ្នក ។ ប៉ុន្តែការយល់ចិត្តពឹងផ្អែកលើច្បាប់ផ្លាទីន ប្រព្រឹត្តចំពោះអ្នកដទៃតាមរបៀបដែលពួកគេចង់បាន និងត្រូវការ ។ វិធីសាស្ត្រនេះផ្តោតលើការយល់ដឹងពីអ្វីដែលកូនត្រូវការពីអ្នក ជំនួសឱ្យអ្វីដែលអ្នកតែងគិតថា ពួកគេត្រូវការ ។
២. សួរសំណួរបើកចំហ ៖ កុំស្មានថា អ្នកដឹងពីអារម្មណ៍របស់កូនអ្នក ។ វាមានសារៈសំខាន់ណាស់ក្នុងការយកចិត្តទុកដាក់ចំពោះសកម្មភាព និងការគិតរបស់កូន ដើម្បីយល់ពីអារម្មណ៍របស់ពួកគេ ប៉ុន្តែវាក៏មានសារៈសំខាន់ដូចគ្នាក្នុងការសួរពួកគេដោយផ្ទាល់ ។ នៅពេលអ្នកសួរសំណួរបើកចំហ ពួកគេអាចចែករំលែកអ្វីដែលនៅក្នុងគំនិតរបស់ពួកគេដោយមិនមានអារម្មណ៍ថា អ្នកសន្មត់ ឬគិតទុកមុនរួចហើយ ។ ជាឧទាហរណ៍ សួរថា តើថ្ងៃនេះកូនមានរឿងអ្វីពិបាកចិត្តទេ ? ឃើញកូនមិនសូវសប្បាយចិត្ត តើកូនមានអារម្មណ៍តានតឹង ខឹង ឬភ័យអំពីអ្វីមួយ ? ។
៣. ទុកចោលប្រតិកម្មផ្ទាល់ខ្លួនរបស់អ្នក ៖ អ្នកមិនចាំបាច់កប់ចោលនូវអារម្មណ៍ខ្លួនឯង ឬយល់ស្រប ឬទទួលយកអាកប្បកិរិយារបស់គេឡើយ ប៉ុន្តែព្យាយាមរក្សាការផ្តោតអារម្មណ៍របស់អ្នកលើការស្តាប់កូន និងមើលឃើញស្ថានភាពតាមរយៈភ្នែករបស់ពួកគេ ។
៤. ប្រើពាក្យថា «ខ្ញុំ» ដើម្បីចៀសវាងការស្តីបន្ទោស ៖ សាកល្បងនិយាយថា ដូចជា ប៉ា ឬ ខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាអន់ចិត្តនឹងកូនហើយនៅថ្ងៃនេះ ។ ពាក្យថា ខ្ញុំ បញ្ជាក់ថា អ្នកមិនបានស្តីបន្ទោសកូននោះឡើយ ។ វាកំពុងឱ្យអ្នកបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ហើយអាចលើកទឹកចិត្តកូនឱ្យគិតអំពីអារម្មណ៍របស់អ្នក ។
៥. ស្តាប់យ៉ាងសកម្មនូវអ្វីដែលកូននិយាយ ៖ ការយល់ចិត្តទាមទារឱ្យមានការស្តាប់សកម្ម មានន័យថា ផ្តល់ការយកចិត្តទុកដាក់ពេញលេញរបស់អ្នក ហើយស្តាប់ទាំងពាក្យសម្ដី និងសំឡេងរបស់កូន ។
៦. កុំឆាប់ចូលជួយ ឬជួសជុលបញ្ហាឱ្យកូន ៖ ក្នុងនាមជាឪពុកម្តាយ អ្នកតែងតែចង់ជួយ ចង់ជួសជុលបញ្ហា ចង់ព្យាយាមរកដំណោះស្រាយភ្លាមៗ ។ ពេលខ្លះវាមានប្រយោជន៍ជាងក្នុងការស្តាប់ និងយល់ពីអ្វីដែលពួកគេបានធ្វើខុស ។ ពេលខ្លះពួកគេក៏ប្រហែលជាមិនចង់ឱ្យអ្នកដោះស្រាយបញ្ហាឱ្យនោះដែ រ។
៧. បញ្ជាក់អារម្មណ៍ ៖ ប្រាប់កូនអ្នកថា ពួកគេមានសិទ្ធិមានអារម្មណ៍ និងបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ។ វាជាការសំខាន់ក្នុងការទទួលស្គាល់ថា អារម្មណ៍របស់ពួកគេ គឺពិតសម្រាប់ពួកគេ ៕ ប្រភព ៖ understood
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ