ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញថោកៗពីចិនកំពុងសម្លា.ប់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងក្នុងតំបន់

3 ខែ មុន
  • ភ្នំពេញ

បច្ចុប្បន្ន​ស្ថានភាព​ទីផ្សារ​ការ​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ក៏​ដូច​ជា នៅ​ក្នុង​តំបន់​មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​មានការ​ជៀត​ចូល​នូវ​ទំនិញ​ថោក​ៗ​ពី​ប្រទេស​ចិន ។ លោក ហៀ​ម ចិ​ត្រា ជា​អ្នកទិញ​ទំនិញ​ពី​ប្រទេស​ចិន​ម្នាក់​បាន​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន​ថា ការ​បញ្ជា​ទិញ​ទំនិញ​ពី​ចិន ដោយ​ផ្ទាល់​ទោះបីជា​ត្រូវ​រង់ចាំ​យូរ​បន្តិច​ក៏​ដោយ…

បច្ចុប្បន្ន​ស្ថានភាព​ទីផ្សារ​ការ​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ក៏​ដូច​ជា នៅ​ក្នុង​តំបន់​មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​មានការ​ជៀត​ចូល​នូវ​ទំនិញ​ថោក​ៗ​ពី​ប្រទេស​ចិន ។

លោក ហៀ​ម ចិ​ត្រា ជា​អ្នកទិញ​ទំនិញ​ពី​ប្រទេស​ចិន​ម្នាក់​បាន​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន​ថា ការ​បញ្ជា​ទិញ​ទំនិញ​ពី​ចិន ដោយ​ផ្ទាល់​ទោះបីជា​ត្រូវ​រង់ចាំ​យូរ​បន្តិច​ក៏​ដោយ ប៉ុន្តែ​វា​មាន​ភាព​ងាយស្រួល តម្លៃ​ថោក​ជាង​ទំនិញ​ក្នុងស្រុក ។ លោក ហៀ​ម ចិ​ត្រា បន្ត​ថា ការ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន វា​អាច​មាន​ហានិភ័យ​ដែរ ប្រសិនបើ​យើង​មិន​ស្គាល់​ប្រភព​នៃ​ទំនិញ​ច្បាស់លាស់ និង​មិនដឹង​អំពី​និ​តិ​វិធី​នៃ​ការ​បញ្ជា​ទិញ​មុន​ពេល​សម្រេចចិត្ត​បង់លុយ​លើ​ថ្លៃ​ទំនិញ​ទាំងនោះ តែ​គុណភាព និង​រូបរាង​អាច​ទទួលយក​បាន​នូវ​ប្រភេទ​ទំនិញ​ដែល​ខ្លួន​ពេញចិត្ត​ទិញ ។

ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ទិញ​ដោយ​ផ្ទាល់​ពី​ទីផ្សារ​ចិន តាម​រយៈ​ការ​បញ្ជា​ទិញ​អន​ឡាញ អ្នក​ទទួល​លក់ទំនិញ​បន្ត​ពី​ប្រទេស​ចិន​មក​ក្នុងស្រុក​ម្នាក់​ដែល​ប្រាប់​ត្រឹមតែ​ឈ្មោះ​ថា រី​ណូ (Rhino) បានអោយ​ដឹង​ថា ការ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន​យក​លក់​បន្ត​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ងាយស្រួល គុណភាព​ទំនិញ​អាច​ទទួលយក​បាន ជា​ហេតុ​ធ្វើ​អោយ​ទំនិញ​ចិន​ទាំងនោះ​អាច​ទាក់ទាញ​ចិត្ត​អតិថិជន​ងាក​មក​ប្រើប្រាស់ និង​ទិញ​ទំនិញ​ទាំងនោះ ជាង​ទំនិញ​មក​ពី​ប្រទេស​ផ្សេង​ៗ ។

អ្នកលក់​អន​ឡាញ ទំនិញ​ចិន​រូប​នេះ​បន្ត​ថា រាល់​ទំនិញ​ពី​ប្រទេស​ចិន​រូប​លោកស្រី ត្រូវ​បញ្ជា​ទិញ​ចំនួន​ច្រើន ហើយ​មក​ដល់​មាន​ក្នុង​ស្តុក​ស្រាប់ ទើប​ផុស​លក់​លើ​បណ្តាញ​សង្គម​ផ្សេង​ៗ​អោយ​អតិថិជន​ជា​ពលរដ្ឋ​ក្នុងស្រុក​បានឃើញ​ពេញចិត្ត និង​ធ្វើការ​បញ្ជា​ទិញ​បន្ត​យក​ទៅ​ប្រើប្រាស់ ។

នៅ​ក្នុង​ស្ថានភាព​នេះ ស្ត្រី​អាជីវករ​លក់​សម្លៀក​បំពាក់​នៅ​ផ្សារ​កណ្តាល​ឈ្មោះ អ៊ី​វ ស៊ី​វន បាន​និយាយ​ថា ឥឡូវ​លក់ដូរ​មិនសូវ​ដាច់​ទេ ។ ក្នុង​ផ្សារ​មាន​តែ​អ្នកលក់​ប៉ុន្តែ​មិនសូវ​មាន​អ្នកទិញ​ទេ ។ ស្ត្រី​អាជីវករ​រូប​នេះ​លើក​ឡើង​ថា «​ចាប់តាំងពី​បើក​ផ្សារ​ឡើង​វិញ​នៅ​ក្រោយ​កូ​វី​ដ​១៩ មក​ការ​លក់ដូរ​មិនសូវ​ដាច់​ទេ តែ​មិនដឹងរ​កអី យើង​មាន​តូប​ខ្លួនឯង​ក៏​ចេះ​តែ​មក​លក់ដូរ​ទៅ គ្រាន់​បាន​ផ្សែផ្សំ​គ្នា​ជាមួយ​ប្រាក់ខែ​ប្តី ដើម្បី​ចិញ្ចឹម​កូន​» ។ អ្នកស្រី ពិសិដ្ឋ លី​ន​ដា ជា​អាជីវករ​លក់​ស្បែកជើង នៅ​ផ្សារ​ច្បារ​អំពៅ ក៏​បាន​ត្អូញត្អែរ​ដូច​គ្នា​ដែរ​ថា ការ​លក់ដូរ​កាន់តែ​ពិបាកទៅ​ៗ​មិនដឹង​ថា ពេល​ណា​ទើប​មាន​មនុស្ស​ដើរ​ផ្សារ​ច្រើន​វិញ​នោះ​ទេ បើ​ម្នាក់​ៗ​ឮ​តែ​ត្អូញ​ពី​ការ​បាត់បង់​ប្រាក់​ចំណូល ។ អ្នកស្រី ពិសិដ្ឋ លី​ន​ដា បាន​ត្អូញត្អែរ​ថា «​លក់​មិន​ដាច់​ទេ​បង​អើយ​។ គ្មាន​មនុស្ស​ដើរ​ផ្សារ​ទេ ចង់​ដាច់​បាយ​ហើយ ។ សព្វថ្ងៃ​ទ្រាំ​លើស​ពី​ទ្រាំ​មិនដឹង​ប្រាប់​អ្នក​ណា​» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា «​ប្រទេស​ចិន​ជា​ប្រទេស​អ្នក​ផលិត​សម្រាប់​ពិភពលោក ផលិតកម្ម​ខ្ពស់ ហើយ​ប្រភេទ​ទំនិញ និង​ផលិតផល​ទាំងនោះ​ឯង ប្រទេស​ចិន​បាន​កាត់​ជា​ជំ​រៀក​តូច​ៗ មាន​ន័យ​ថា អ្នក​ដែល​មាន​ជីវភាព​ក្រោម​មធ្យម និង​លើ​មធ្យម​ប្រើ​បាន​តាម​កម្រិត​តាម​ការ​ចង់បាន​» ។

លោក​បណ្ឌិត ហុង វណ្ណៈ បន្ថែម​ថា ប្រទេស​ចិន​ផលិត​ស្ទើរតែ​គ្រប់​ប្រភេទ​នៃ​ផលិតផល​ទាំង​នេះឯង ឥទ្ធិពល​ទាំងនោះ​បាន​ចូល​ទៅ​វា​.​យ​លុក​ប្រទេស​មួយ​ចំនួន ដែល​មាន​ឧស្សាហកម្ម ធុន​តូច​ក៏​ដូច​ជា​ឧស្សាហកម្ម​ធន់​មធ្យម ឬ​ក៏​ក្រោម​មធ្យម ធ្វើ​អោយ​មានការ​ពិបាក​ក្នុង​ការ​ផលិត ដោយសារ​តែ​ថ្លៃដើម​ខ្ពស់ ។

អ្នកវិភាគ​សេដ្ឋកិច្ច រូប​នេះ​បន្ត​ថា «​ប្រទេស​ចិន​មាន​ថ្លៃដើម​ទាប ហើយ​អ្នក​ប្រើប្រាស់រ​ត់ទៅ​រក​ផលិតផល ឬ​ក៏​ទំនិញ​ដែល​មាន​ថ្លៃដើម ឬ​ក៏​មាន​ថ្លៃ​ទាប​ហ្នឹងហើយ​ប្រើ​ការ​បាន ។ នៅ​ពេល​នេះ ប្រទេស​ចិន​កំពុង​បំពេញ​នូវ​តម្រូវការ​ទាំងនោះ​បាន​ដូច​ប្រទេស​ចិន​ធ្វើ​ទៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត ។ បើ​និយាយ​ពី​សកលភាវូបនីយកម្ម តំបន់​ពិភពលោក​យើង​មិន​អាច​ហាមឃាត់​ចរន្ត ឬ​លំហូរ​នៃ​ទំនិញ​ទាំង​អស់នោះ​បាន​ទេ អាហ្នឹង​បើ​យើង​និយាយ​អោយ​ស្មើ​សិទ្ធិ​ស្មើមុខ​វា​ផ្អែក​លើ​តម្រូវការ​អ្នក​ប្រើប្រាស់ អ្នក​ដែល​មាន​តម្រូវការ​ផលិតផល​ទាំង​អស់នោះ គឺ​លំហូរ​ទំនិញ​ទាំង​អស់នោះ​ចេះ​តែ​ទៅ​ហើយ​» ។

មក​ដល់​ពេល​នេះ ក្រៅពី​ប្រទេស​កម្ពុជា ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ទំនិញ​តម្លៃ​ថោក​ពី​ចិន និង​ទីផ្សារ​អន​ឡាញ​មាន​កំណើន​នោះ​នៅ​ក្នុង​តំបន់​ដូច​ជា​ប្រទេស​ថៃ​ជាដើម គឺ​បាន​ប្រឈម​មុខ​នឹង​ជួប​បញ្ហា​ធ្ងន់​ជាង​កម្ពុជា​ផង ។

តាម​សារព័ត៌មាន The Straits Time បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ការ​ហូរ​ចូល​ដូច​ជា ទឹកប្រាក់​ទំនប់​នៃ​ទំនិញ​ពី​ចិន​ចូល​ទីផ្សារ​នៅ​អាស៊ាន រោងចក្រ​ធុន​តូច​និង​មធ្យម​នៅ​ថៃ ប្រមាណ​ជា​ជិត​២០០០ បាន​បិទទ្វារ កាលពី​ឆ្នាំ​២០២៣ ដោយសារ​តែ​មិន​អាច​ប្រកួតប្រជែង​ជាមួយនឹង​ទំនិញ​តម្លៃ​ថោក ហើយ​គុណភាព​ប្រសើរ​របស់​ចិន​បាន ។

ក្រៅពី​ប្រទេស​ថៃ និង​កម្ពុជា ស្ថានភាព​នៃ​អាជីវកម្ម​នៅ​ផ្សារ​ទំនើប​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ប្រកួតប្រជែង​ជាមួយនឹង​ទីផ្សារ​អន​ឡាញ និង​ទំនិញ​តម្លៃ​ថោក​ពី​ចិន ។ មក​ដល់​ពេល​នេះ​មាន​សេចក្តីរាយការណ៍​ថា អា​ជីករ​នៅ​តាម​ផ្សារ​ទំនើប​នានា​នៅ​ម៉ា​ឡេ​ស៊ី សុទ្ធតែ​ត្អូញត្អែរ​អំពី បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ