ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន Panasonic ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានផ្ដួចផ្ដើមរៀបចំការដាំដើមឈើបានយ៉ាងជោគជ័យនាពេលថ្មីៗនេះនៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ តាមរយៈគម្រោងមួយហៅថា Eco Relay ដោយមានការជួយជ្រោម ជ្រែងពីបងប្អូនក្នុងសហគមន៍ បុគ្គលិក Panasonic ទាំងអស់គ្នាបានចូលរួមដាំកូនឈើសរុបចំនួន ១២០ ដើម ហើយធានាបានថា កូនឈើទាំងនេះលូតលាស់បានយ៉ាងល្អ និងផ្ដល់ផលប្រយោជន៍យ៉ាងសម្បូរបែបដល់បរិស្ថាន ។ គម្រោង Eco Relay នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Panasonic ចំពោះការអភិវឌ្ឍ និងលើកស្ទួយសហគមន៍ប្រកបដោយចីរភាព ។
តាមរយៈគម្រោងនេះផងដែរ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់បុគ្គលិក Panasonic និងប្រជាជនក្នុងតំបន់ទាំងអស់គ្នា ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវចម្រុះ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីប្រកបដោយតុល្យភាព ។ ដោយការដាំដើមឈើនេះ ពួកយើងសង្ឃឹមថា យើងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានធម្មជាតិនៅក្នុងតំបន់នេះ និងលើកកម្ពស់អត្ថប្រយោជន៍នៃបរិស្ថានក្នុងរយៈពេលយូរអង្វែង ។
លោក Hisakazu Maeda អគ្គនាយកក្រុមហ៊ុន Panasonic Cambodia មានប្រសាសន៍ថា «ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុនយើងចំពោះនិរន្តរភាពនៃបរិស្ថាន ។ ពួកយើងមានមោទនភាពណាស់ ដែលបានឃើញអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងក្នុងការសហការគ្នាដើម្បីលើកកម្ពស់ដល់គម្រោងនេះ។ សកម្មភាពទាំងអស់នេះ គឺជាការជំរុញស្មារតីអ្នកផ្សេងទៀតឱ្យចូលរួមជាមួយគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនៃបរិស្ថានរបស់យើង» ។ គម្រោង Eco Relay គ្រាន់តែជាចំណែកមួយក្នុងចំណោមគម្រោងផ្សេងទៀត ដែលពួកយើងកំពុងខិតខំធ្វើដើម្បីបង្កើតអនាគតដ៏ប្រសើរប្រកបដោយចីរភាព ។ តាមរយៈសកម្មភាពទាំងអស់នេះ ពួកយើងក៏មានគោលបំណងក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃការការពារបរិស្ថានទៅដល់ប្រជាជនក្នុងតំបន់ផងដែរ។
ក្រុមហ៊ុន Panasonic Cambodia មានការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃការរស់នៅ ដោយអភិវឌ្ឍផលិតផលឱ្យស្របទៅតាមគោលការណ៍នៃការការពារបរិស្ថាន ។ ការផ្ដើមគំនិតនេះ ត្រូវបានជំរុញដោយឆន្ទៈប្រកបដោយនិរន្តរភាព និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ផលជាវិជ្ជមាន ។ ទន្ទឹមនឹងនេះផងដែរ យើងសូមចូលរួមគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDGs ដោយបន្តខិតខំអនុវត្តសកម្មភាពឱ្យបានខ្លាំងក្លា ដើម្បីសម្រេចគោលដៅទាំងនេះនៅពេលអនាគតខាងមុខ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ