រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា អាទិភាពចម្បងរបស់សមាគមសិល្បករខ្មែរ គឺត្រូវផ្ដោតការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សិល្បកររៀមច្បងរបស់យើង ខណៈពេលដែលយើងកំពុងអនុវត្តលើគំនិតផ្ដួចផ្ដើមនានា ដើម្បីផ្ដល់ជូនពួកគាត់នូវការទទួលស្គាល់ ការគាំទ្រ និងធនធានចាំបាច់ផ្សេងៗ ដែលពួកគាត់ត្រូវការ ដើម្បីបន្តការងារ ឬស្នាដៃដ៏មានតម្លៃរបស់ពួកគាត់ ។
តាមរយៈសំណេរដែលបានបង្ហោះតាមបណ្តាញសង្គមលោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរបានលើកឡើងថា ខ្ញុំតែងមានក្ដីរំភើប និងកោតស្ញប់ស្ញែងជានិច្ចចំពោះការលះបង់ និងគតិបណ្ឌិតរបស់សិល្បកររៀមច្បងយើង ។ ពួកគាត់គឺជាសសរស្ដម្ភនៃមរតកវប្បធម៌យើង ជាធនធានមនុស្សរស់ដែលរួមចំណែកថែរក្សានូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងប្រពៃណីជាតិយើង ។
ប៉ុន្តែទន្ទឹមនឹងនេះ ខ្ញុំក៏សង្កេតឃើញថា សិល្បកររៀមច្បងយើងភាគច្រើនជួបនូវការលំបាក ពិសេសនៅពេលពួកគាត់ឈានចូលដល់វ័យចាស់ជរា ហើយគុណសម្បត្តិស្នាដៃដែលពួកគាត់បានរួមចំណែកក្នុងសង្គមកន្លងមក ក៏ត្រូវបានកប់បាត់បន្តិចម្ដងៗទៅតាមពេលវេលា។
លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថា ការពិតនេះ ធ្វើឱ្យខ្ញុំរំជួលចិត្ត ហើយជំរុញឱ្យខ្ញុំចាប់ផ្ដើមគិតរកវិធានការដោះស្រាយ ។ សិល្បករជើងចាស់របស់យើង ស័ក្ដិសមនឹងទទួលបាននូវអ្វីដែលលើសពីការគោរព ហើយពួកគាត់គួរតែទទួលបាននូវការគាំពារ និងមើលថែយ៉ាងយកចិត្តទុកដាក់ ។ ពួកគាត់បានបន្សល់ទុកនូវអ្វីៗជាច្រើនដល់យើង ដូច្នេះ នេះជាពេលដែលយើងត្រូវតបស្នងពួកគាត់វិញ ។
ហេតុនេះហើយ ទើបខ្ញុំតាំងចិត្តធានាថា អាទិភាពចម្បងរបស់សមាគមសិល្បករខ្មែរ គឺត្រូវផ្ដោតការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សិល្បកររៀមច្បងរបស់យើង ។ យើងកំពុងអនុវត្តលើគំនិតផ្ដួចផ្ដើមនានាដើម្បីផ្ដល់ជូនពួកគាត់នូវការទទួលស្គាល់ ការគាំទ្រ និងធនធានចាំបាច់ផ្សេងៗដែលពួកគាត់ត្រូវការដើម្បីបន្តការងារ ឬស្នាដៃដ៏មានតម្លៃរបស់ពួកគាត់ ។
បើតាមលោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ ដើម្បីបង្ហាញពីការគោរពដឹងគុណ និងផ្ដល់កិត្តិយសដល់សិល្បកររៀមច្បង យើងមិនអាចនិយាយត្រឹមតែមាត់នោះទេ ពោលគឺត្រូវតែអនុវត្តផងដែរ។ សូមរួមគ្នាកសាងអនាគតដ៏ប្រសើរមួយដើម្បីឱ្យស្នាដៃនៃវីរសិល្បករយើងរីកចម្រើន និងបន្តជំរុញទឹកចិត្តដល់យុវជនជំនាន់ក្រោយ ៕
ចែករំលែកព័តមាននេះ