អ្នកជំនាញកម្ពុជាបានអះអាងថា វិបត្តិសេដ្ឋកិច្ចនៅក្នុងតំបន់និង ផលវិបាកដែលកំពុងតែកើតមាននៅក្នុងសង្គមកម្ពុជានាពេលសព្វថ្ងៃនេះ មានសភាពរ៉ាំរ៉ៃហើយផលរបស់វាហាក់ធ្ងន់ធ្ងរជាងវិបត្តិដែលបានជួបកាលពីឆ្នាំ ១៩៩៧ និង ឆ្នាំ២០០៨ ។
មិនថាតែកម្ពុជានោះទេ សូម្បីតែប្រទេសជិតខាង និងក្នុងតំបន់មួយចំនួនកំពុងទទួលរងនូវវិបាកនៃការលក់រាយរបស់ក្រុមអាជីវករ ទល់និងក្រុមអាជីវកម្មតាមប្រព័ន្ធអនឡាញ និងការហៀរចូលដោយទំនិញតម្លៃថោកពីប្រទេសចិនថែមទៀតនោះ ធ្វើអោយកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែជួបប្រទះបញ្ហា។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងថា ផលវិបាកនៃសេដ្ឋកិច្ចកម្ពុជា កើតចេញពីកម្រិតជាតិ តំបន់ និងសកល ហើយ ឥទ្ធិពលនេះបានរាលដាលបន្តបន្ទាប់គ្នា ចាប់ផ្តើមពីកម្រិតជាតិ រហូតដល់កម្រិតអាជីវករ និងកម្រិតប្រជាជន។
លោកបណ្ឌិត បានអោយកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាព ដឹងថា «និយាយជារួមកម្រិតប្រជាជន ផលប៉ះពាល់ទាំងអស់ គឺកើតឡើងប្រសិនជា បញ្ហាសេដ្ឋកិច្ចសព្វថ្ងៃ ដែលយើងឃើញអតិផរណាជាមូលហេតុធំ ហើយបុព្វហេតុដែលធ្វើអោយមានអតិផរណា គឺយើងឃើញលំអានជាបន្តបន្ទាប់ហើយ គឺចាប់ពីភាពតានតឹង សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ហើយបន្តមកគឺមានកូវីដ១៩ បន្ទាប់មកទៀត គឺសង្គ្រាមរុស្សីនិងអ៊ុយក្រែន បន្ទាប់មកទៀតសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ »។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា បញ្ហាទាំងអស់នេះធ្វើអោយច្រវ៉ាក់ការផ្គត់ផ្គង់សកលប្រែប្រួល បែងចែកជាបក្សពួក ដែលនៅជាពហុប៉ូលដដែល គ្រាន់តែពុះពិភពលោកជាចំរៀកៗ។ បញ្ហានេះធ្វើអោយប្រទេសតូចៗពិបាកក្នុងការរត់តាម និងហត់នឿយនិងរឿងទាំងអស់ដែលក្រុមប្រទេសមហាអំណាចធ្វើ និងកំពុងធ្វើ។
អ្នកជំនាញសេដ្ឋកិច្ច បន្តថា «បញ្ហាសេដ្ឋកិច្ចក៏ដូចគ្នាដែរ ប្រទេសធំ ដែលយើងដឹងហើយថា ប្រទេសចិនជារោងចក្រពិភពលោក ដូច្នេះឥទ្ធិពលនៃការរីក ការលក់ដូរ នាំចេញនូវទំនិញសព្វសារពើរ ប្រទេសចិនគឺជាប្រទេសដែលផលិតខ្លាំង ផលិតកម្មខ្ពស់។ ឥទ្ធិពលទាំងនោះបានចូលទៅវាយលុកក្នុងប្រទេសមួយចំនួនដែលមានឧស្សាហកម្មធុនមធ្យម ឬក៏ក្រោមមធ្យមឲ្យ មានការពិបាកផលិត ដោយសារតែថ្លៃដើមខ្ពស់ រីឯប្រទេសចិនមានថ្លៃដើមទាប ដែលធ្វើអោយអ្នកប្រើប្រាស់រត់ទៅរកទំនិញដែលមានថ្លៃដើមទាប ហើយប្រើការបាន»។
អ្នកជំនាញរូបនេះ បន្តថា បើនិយាយពីសកលភាវូនីយកម្ម យើងមិនអាចហាមឃាត់ចរន្ត ឬលំហូរទំនិញទាំងនោះបាននោះទេ ប៉ុន្តែប្រទេសនីមួយៗសុទ្ធតែមានរបាំងសម្រាប់ប្រទេសនីមួយៗ ដោយសារតែប្រទេសទាំងនោះក៏ជាអ្នកផលិតទំនិញសម្រាប់ផ្គត់ផ្គង់តំរូវការផ្ទាល់របស់ប្រជាជន។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា «វិបិត្តរបស់ប្រជាជនថ្នាក់ក្រោមវាធំធេង ទាក់ទងជាមួយកម្លាំងផលិតវិញគឺSMEs នេះឯងដែលជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ ដូចខ្ញុំបានជម្រាប កម្លាំងផលិតកម្ម វាឡើងថ្លៃវាថ្លៃខ្ពស់ ដែលមិនអាចលក់នៅលើទីផ្សារបានត្រូវតែបង្ខំចិត្តបិទទ្វារ។ ខុសពីវិបិត្តសេដ្ឋកិច្ច វិបត្តិវិនិយោគធំៗ ប៉ុន្តែខ្ញុំជឿជាក់ថា ឥទ្ធិពលទាំងអស់ ដូចខ្ញុំបញ្ជាក់ខាងដើម” ។
លោកបានបន្តថា វិបិត្តសេដ្ឋកិច្ច៩៧ក៏ដូចជាវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ វាជះឥទ្ធិពលបន្តបន្ទាប់គ្នា គ្រាន់តែប្រភេទនៃវិបត្តិខុសៗគ្នា ហើយវិបត្តនាពេលបច្ចុប្បន្ននេះ វាស្ទើរតែវិបត្តិសេដ្ឋកិច្ចរ៉ាំរៃ ជាងវិបត្តិសេដ្ឋកិច្ច២០០៨ និង វិបត្តិហិរញ្ញាវត្ថុឆ្នាំ១៩៩៩៧។
អ្នកជំនាញសេដ្ឋកិច្ច បន្ថែមថា បញ្ហាទាំងអស់នេះអាចដោះស្រាយបាន ដោយក្នុងប្រទេសធំៗរដ្ឋាភិបាលមានសាច់ប្រាក់ចាក់ចូលទៅក្នុងការវិនិយោគសាធារណៈ ឬការបំពេញបន្ថែមលើ SMEs ឬជំរុញក្នុងកម្ចីផ្សេងៗ ដើម្បីរុញអោយដំណើរការលើឧស្សាហកម្ម SMEs មួយចំនួនច្បាស់លាស់ ឬឧបត្ថម្ភជាសាច់ប្រាក់មួយចំនួនលើមន្ត្រីរាជការ ដែលត្រូវមានកញ្ចប់ពិសេស។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា «ការវិនិយោគសាធារណៈច្រើន ការទាក់ទាញវិនិយោគគិនបរទេសតាមរយៈការផ្តល់សម្បទាន ឬក៏សេវាល្អៗពីរដ្ឋាភិបាលទៅអោយវិនិយោគគិន ធ្វើយ៉ាងម៉េចទាក់ទាញអោយវិនិយោគគិនមក យកលុយមកដាក់ ហើយវិស័យទេសចរណ៍ដូចគ្នាដែរ កាលណាយើងធ្វើគោលនយោបាយទាក់ទាញគេ បញ្ចុះតម្លៃពិសេសយ៉ាងម៉េច ដើម្បីពួកគេមកទស្សនានៅប្រទេសយើងតាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយ»។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានអោយកម្មវិធីលុយ ដឹងដែរថា វិបាកសេដ្ឋកិច្ចបច្ចុប្បន្នប៉ះពាល់ភាគច្រើនលើសហគ្រាសធនតូចនិងមធ្យម របស់កម្ពុជាជាពិសេសប៉ះពាល់ខ្លាំងលើជីវភាពរបស់ប្រជាជនជាទូទៅ រហូតមកដល់ពេលនេះយើងមិនទាន់ឃើញមានសញ្ញា ងើបឡើងវិញទាក់ទងនិងSMEs ទោះបីជាសេដ្ឋកិច្ចកម្ពុជាមានកំណើនយ៉ាងណាក៏ដោយ។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា «ដើម្បីអោយSMEs មានការងើបឡើងមកវិញ ដើម្បីលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនោះ ខ្ញុំយល់ឃើញថារាជរដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់និងគាំទ្រ បន្ថែមទៀត ទៅដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសគឺការទទួលបាននូវហិរញ្ញាវត្ថុ ប្រាក់កម្ចីនិងដើមទុនដែលមានអត្រាការប្រាក់អនុគ្រោះ ការផ្តល់នូវចំណេះ ជំនាញ បច្ចេកវិទ្យា ទាក់ទងបច្ចេកវិទ្យាការផលិត បច្ចេកវិទ្យាឌីជីថលដល់សហគ្រាសទាំងនោះ»។
លោកបណ្ឌិត ជ័យ តិច បន្តថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ដើម្បីអោយសហគ្រាសធុនតូច និងមធ្យម មានតម្លៃថ្លៃដើមទាប តាមរយៈការលើកលែងពន្ធ ឬអនុគ្រោះពន្ធមួយចំនួនសំខាន់ៗ ជាពិសេសតម្លៃអគ្គីសនីដែលជាប្រភពថាមពលសំខាន់ក្នុងការផលិត៕
ចែករំលែកព័តមាននេះ