រាជធានីភ្នំពេញ៖ យោងតាមសារាចរណែនាំ ស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជោ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង ស្ថាប័ន គ្រឹះសា្ថនសាធារណៈនិងឯកជន ត្រៀមលក្ខណៈចូលរួមអបអរសាទរការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជោ ឱ្យអធិកអធមបំផុត តាមរយៈការគោះគង និងទូងស្គរព្រមៗគ្នានៅវេលាម៉ោង ៩ និង ០៩នាទីព្រឹក ស្របពេលដែលសម្តេច នឹងចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយ ។
ឆ្លើយតបទៅកាន់សារាចរណែនាំមួយនេះ ក្នុងនាមជាគ្រឹះសា្ថនឯកជនដែលជារបស់កូនខ្មែរ១០០% ក្រុមហ៊ុន ជីប ម៉ុង បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ។ កាលពីថ្ងៃទី ០៥ ខែសីហា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង និងថ្នាក់ដឹកនាំកំពូលជាច្រើនរូប បានដឹកនាំបុគ្គលិកច្រើនជាងគេ នៃពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង ប្រគុំស្គរជ័យ ការសម្ដែងឆៃយ៉ាំ និងការច្រៀងកម្សាន្តពីតារាចម្រៀងផលិតកម្ម សាន់ដេ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ ។
បន្ថែមពីនេះ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការឧបត្ថម្ភធំរៀបចំព្រឹត្តិការប្រគំតន្ត្រីច្រើនជាងគេ ដើម្បីអបអរសាទរពិធីបើកការដ្ឋាននេះរួមមាន៖ ការប្រគំតន្ត្រីនៅកោះពេជ្រ ការប្រគំតន្ត្រីនៅមាត់ទន្លេតាខ្មៅ ខេត្តកណ្ដាល ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ការលេងល្បែងកម្សាន្តផ្សេង និងការប្រគំតន្ត្រី នៅខេត្តក្រុងជាច្រើនផ្សេងទៀត ។ ការចូលរួមនេះ គឺដើម្បីធ្វើយ៉ាងណាអបអរសាទរ ឱ្យបានអធិកធអម ឱ្យសក្ដិសមទៅនឹងគុណប្រយោជន៍ដ៏ច្រើន លើសលប់ នៃសមិទ្ធផលថ្មីមួយនេះ ។
សមិទ្ធផលថ្មី ចារជាប្រវត្តិសាស្ត្រ កំពុងតែរៀបចំបង្ហាញខ្លួននៅប្រទេសកម្ពុជា ។ សមិទ្ធផលថ្មីនោះគឺគម្រោងព្រែកជីក ហ្វូណនតេជោ ដែលនឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់ប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបន្ថែមធម្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដោយតភ្ជាប់ពីសមុទ្រមកកាន់ទន្លេ ជួយសម្រួលដល់ការជនលិច និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗសម្រាប់ប្រជាពលរដ្ឋ ដែលព្រែកជីកនេះឆ្លងកាត់ ។
គួរបញ្ជាក់ថា ព្រែកជីក ហ្វូណនតេជោ នេះជាគម្រោងដែលផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងតែបន្ដជំរុញ និងអនុវត្តលើគម្រោងព្រែកជីក ហ្វូណនតេជោ អោយមានការអភិវឌ្ឍនឹងសម្រេចបាននាពេលខាងមុខនេះ ។ ហើយក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនដែលបង្កើតឡើងដោយសហគ្រិនខ្មែរ រីកលូតលាស់នៅកម្ពុជា និងចាក់គ្រឹះយ៉ាងរឹងមាំជាង ៤ទសវត្សមកហើយ ក៏ដោយសារតែការក្រុមហ៊ុនមានទស្សនវិស័យវែងឆ្ងាយ និងទទួលបានការគាំទ្រពីប្រជាជនទូទាំងប្រទេស ពីរាជរដ្ឋាភិបាល និងកត្តាសេដ្ឋកិច្ចផងនោះ ទើបធ្វើឱ្យក្រុមហ៊ុនរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។
សមិទ្ធផលដ៏អស្ចារ្យនៃគម្រោងនេះ នឹងបម្រើផលប្រយោជន៍ដល់ការលើកកម្ពស់វិស័យដឹកជញ្ជូន វិស័យកសិកម្ម វារីវប្បកម្ម ទេសចរណ៍ និងការចិញ្ចឹមសត្វផងដែរ ដែលក្លាយជាកត្កាជំរុញមួយដ៏ខ្លាំងក្លា និងជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែឆាប់រហ័ស ។ ហើយ ជីប ម៉ុង ក៏សង្ឃឹមយ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់ផលប្រយោជន៍ដ៏មហិមា ដោយកាត់បន្ថយ រយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន ដែលអនុញ្ញាតឱ្យអាជីវកម្មរបស់ ជីប ម៉ុង មានភាពប្រកួតប្រជែងកាន់តែខ្លាំង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ