ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​អាច​ទទួល​ជើងហោះហើរ​ថ្មី​ពី​ហ្វី​លី​ពី​ន

5 ខែ មុន
  • សៀមរាប

ក្រុមហ៊ុន​អាកាសចរណ៍ សេ​ប៊ូ ប៉ា​ស៊ី​ហ្វិ​ក អ៊ែ​ឡាញ (CEBU PACIFIC AIRLINE) អាច​នឹង​ត្រូវ​ហោះហើរ​ត្រង់​មក​កាន់​ខេត្តសៀមរាប​នៅ​ពេល​ខាង​មុខ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្តសៀម​រាប​។…

ក្រុមហ៊ុន​អាកាសចរណ៍ សេ​ប៊ូ ប៉ា​ស៊ី​ហ្វិ​ក អ៊ែ​ឡាញ (CEBU PACIFIC AIRLINE) អាច​នឹង​ត្រូវ​ហោះហើរ​ត្រង់​មក​កាន់​ខេត្តសៀមរាប​នៅ​ពេល​ខាង​មុខ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្តសៀម​រាប​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​នេះ ​ត្រូវ​បាន​បង្ហើប​នៅ​ពេល​ដែល​លោកស្រី ហ្លី​រី​ដា អាន កា​មិ​ល ម៉ា​យូ (Flerida Ann Camille p. Mayo)​ ឯកអគ្គរដ្ឋទូត​ហ្វី​លី​ពី​ន បាន​ជួប​ពិភាក្សា​ជាមួយនឹង លោក ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប ​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០២៤​ កន្លង​ទៅ ។

ក្នុង​ជំនួប​នេះ​ដែរ​ លោកស្រី បាន​បង្ហាញ​នូវ​បំណង ធ្វើ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ហ្វី​លី​ពី​ន​មក​កាន់​ខេត្តសៀមរាប ដោយ​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ហើយ​លោកស្រី នឹង​ធ្វើការ​ពិភាក្សា​ផ្ទាល់​ជាមួយ​អាកាស​ចរ CEBU PACIFIC AIRLINE ដើម្បី​សិក្សា​អំពី​ការ​ហោះហើរ​ត្រង់​មក​កាន់​ខេត្តសៀមរាប​។

បន្ថែម​ពីលើ​នេះ លោកអភិបាលខេត្ត​បាន​ស្នើ​សុំ​ទៅ​ភាគី​ហ្វី​លី​ពី​ន​ឱ្យ​មានការ​ភ្ជាប់​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព​រវាង​ខេត្តសៀមរាប ជាមួយ​ខេត្ត​សេ​ប៊ូ (CEBU) របស់​ប្រទេស​ហ្វី​លី​ពី​ន ដែល​ជា​ខេត្ត​មាន​សក្តានុពល​នាំមុខ​ផ្នែក​ទេសចរណ៍​របស់​ហ្វី​លី​ពី​ន រួម​ជាមួយនឹង​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ម្ហូបអាហារ ភេសជ្ជៈ និង​ក្រុមហ៊ុន​វិនិយោគ​ផ្សេង​ៗ​ទៀត​ដែល​អាច​មក​វិនិយោគ​នៅ​ខេត្តសៀមរាប​ផ្ទាល់​។

ទន្ទឹម​នោះ លោកស្រី បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ហ្វី​លី​ពី​ន ដែល​កំពុង​រស់នៅ​ក្នុង​ខេត្តសៀមរាប ភាគច្រើន​ពួក​គាត់​ប្រកប​មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​ជា​បុព្វ​ជិ​ក​សាសនា​កាតូលិក និង​ខ្លះ​ទៀត​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​កិច្ចការ​សង្គម ពួក​គាត់​បាន​បង្ហាញ​អារម្មណ៍​កក់ក្តៅ​ក្នុង​ការ​ទទួល​បានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​រដ្ឋបាល​ខេត្ត ចំពោះ​សុខទុក្ខ និង​សុខ​សុវត្ថិភាព​របស់​ពួក​គាត់​។

លោក អភិបាលខេត្ត​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី និង បន្ត​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ ជំរុញ​ក្នុង​វិស័យ​ទេសចរណ៍ វិនិយោគ និង​ការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​ខេត្តសៀមរាប និង​ខេត្ត​សេ​ប៊ូ ដើម្បី​ឱ្យ​ចេញ​ជា​លទ្ធផល​ផ្លែផ្កា​សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាជន​ខេត្តសៀមរាប និង​ប្រជាជន​ហ្វី​លី​ពី​ន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ