ពលរដ្ឋកម្ពុជាសមញ្ញដែលពីមុនពិបាកនៅក្នុងការស្នើសុំទិដ្ឋាការចូលទៅប្រទេសជប៉ុននោះ នៅពេលនេះ ត្រូវបានក្រសួងការបរទេសជប៉ុនទទួលស្គាល់ និងបើកសិទ្ធិរហូតដល់អាចស្នើសុំទិដ្ឋាការតាមប្រព័ន្ធអនឡាញ ដូចជា ពលរដ្ឋ១០ប្រជាជាតិដទៃទៀត ដោយរួមទាំងអាមេរិកផងដែរ ។
ការបន្ធូរបន្ថយ និងបើកសិទ្ធិដល់ពលរដ្ឋកម្ពុជានេះ ត្រូវបានក្រសួងការបរទេសជប៉ុនអនុញ្ញាត តាំងតែពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈគម្រោងសម្រួលទិដ្ឋាការមួយដែលគេហៅថា ប្រព័ន្ធអ៊ីវីសា របស់ជប៉ុន ដែលបានប្រកាសជូនពលរដ្ឋអូស្ត្រាលី ប្រេស៊ីល កម្ពុជា កាណាដា អារ៉ាប់ប៊ីសាអូឌីត សិង្ហបុរី អាហ្វ្រិកខាងត្បូង តៃវ៉ាន់ និងសហភាពអារ៉ាប់អេមីរ៉ាត អង់គ្លេស និង អាមេរិក ។
ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា អ៊ីវីសា នេះ គឺអាចអនុវត្តបានសម្រាប់តែអ្នកដែលចូលទៅក្នុង ប្រទេសជប៉ុននៅក្នុងរយៈពេលខ្លី ពោលគឺមិនលើសពី៩០ថ្ងៃ ហើយបានតែសម្រាប់អ្នកដែលធ្វើដំណើរទេសចរណ៍តែប៉ុណ្ណោះ ហើយទិដ្ឋាការអេឡិចត្រូនិកនឹងត្រូវបានចេញសម្រាប់អ្នកដែលបានដាក់ពាក្យតាមរយៈគេហទំព័រ eVISA របស់ប្រទេសជប៉ុន ។
ប្រភពដដែលបានសង្កត់ធ្ងន់ផងដែរថា អ្នកធ្វើដំណើរដែលមាន អ៊ីវីសា តម្រូវឱ្យបង្ហាញ ការជូនដំណឹងអំពីការចេញទិដ្ឋាការ នៅអាកាសយានដ្ឋានតាមប្រព័ន្ធ អ៊ីនធើណិត ដោយឡែកទិន្នន័យ PDF រូបថត និងច្បាប់ចម្លងដែលបានបោះពុម្ពនឹងមិនត្រូវបានទទួលយកទេ ។
ប្រភពដដែលបានបន្តថា ប្រសិនបើអ្នកមានបំណងចង់ទៅលេងប្រទេសជប៉ុនសម្រាប់គោលបំណងផ្សេងទៀត ឬសម្រាប់ការស្នាក់នៅរយៈពេលវែង សូមដាក់ពាក្យស្នើសុំរបស់អ្នកទៅកាន់ស្ថានទូតជប៉ុន ស្ថានអគ្គកុងស៊ុល ឬការិយាល័យកុងស៊ុលដែលមានយុត្តាធិការលើទីកន្លែងរស់នៅរបស់អ្នក ។
នេះគឺជាសមិទ្ធផលមួយថ្មីនៃវិស័យការទូតរបស់កម្ពុជា ពីព្រោះកន្លងមក ការស្នើសុំទិដ្ឋាការចូលទៅប្រទេស ជប៉ុនសម្រាប់ពលរដ្ឋកម្ពុជាមិនសូវជាងាយស្រួលប៉ុន្មានឡើយ ។ អ្នកដែលមានបំណងចង់ទៅ ប្រទេសជប៉ុន បានលុះត្រាតែមានការអញ្ជើញពីស្ថាប័ន ឬពីអ្នកណាម្នាក់ហើយក៏តម្រូវឲ្យមានការធានាពីអ្នកទីបីនៅប្រទេសជប៉ុនជាដើម ។
ការបន្ធូរបន្ថយលក្ខខណ្ឌនៅក្នុងការស្នើសុំទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជានៅពេលនេះ គឺស្របពេលដែលពលរដ្ឋកម្ពុជាជាច្រើនបានកំពុងតែចាប់អារម្មណ៍ចង់ចេញទៅសាកថ្មជីវិតនៅក្នុងប្រទេសជប៉ុនផងដែរ ខណៈដែលជប៉ុន គឺជាគោលដៅទេសចរណ៍មួយដែលពលរដ្ឋកម្ពុជាប្រាថ្នាចង់ទៅលេងកម្សាន្ត ៕
ចែករំលែកព័តមាននេះ