អ្នកនាង កាឆយ បានឆ្លងកាត់ជីវិតសិល្បៈយ៉ាងជូរចត់ ទំរាំអាចឈរជើងនៅក្នុងវិថីសិល្បៈបានដូចសព្វថ្ងៃ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់អ្នកនាងពេលនេះ គឺអ្នកនាងខ្លាចសិល្បៈបុរាណត្រូវបាត់បង់ បន្ទាប់ពីយុវជនជាច្រើនមិនចាប់អារម្មណ៍សិល្បៈបុរាណ ហើយអ្នកសិល្បៈបុរាណត្រូវបានគេមើលរំលង ។
អ្នកនាងកាឆយ មានឈ្មោះពិត យូ សុខសុធា គឺជាកូនស្រីរបស់តារាកំប្លែងល្បីឈ្មោះនាយ សង់
ស៊ីស ដែលមានកេរ្តិ័ឈ្មោះល្បីល្បាញកាលពីជំនាន់៩០ផ្លាយ នាពេលនោះ អ្នកនាងនិងឪពុក គឺនាយ សង់ស៊ីស បានចេញសម្តែងកំប្លែងរួមគ្នាគ្រប់ទិសទី ធ្វើឱ្យកេរ្តិ័ឈ្មោះវង្សត្រកូលអ្នកនាងល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ដែលជាឱកាសល្អសម្រាប់អ្នកនាងនិងគ្រួសារចេញរកប្រាក់ចិញ្ចឹមជីវិត និងកសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែល្បីល្បាញ។
អ្នកនាង កាឆយ បានឆ្លងកាត់ការហាត់រៀនផ្នែកសិល្បៈពីសាលារៀន និងមានគ្រូបង្ហាត់បង្រៀនត្រឹមត្រូវតាមក្បួនខ្នាត នៅឆ្នាំប៉ែតផ្លាយ អ្នកនាង កាឆយ បានរៀនផ្នែក ល្ខោន , របាំ និងចម្រៀងបុរាណ ប៉ុន្តែនៅឆ្នាំ ១៩៩៦ អ្នកនាងក៏បានផ្អាកពីការងារទាំងនោះមកចាប់អាជីពចម្រៀងបុរាណ និងកំប្លែងវិញ ពីព្រោះផ្នែកល្ខោន និងរបាំ មិនអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបានឡើយ ។
បច្ចុប្បន្ននេះ អ្នកនាង កាឆយ នៅតែបន្តអាជីពចម្រៀងបុរាណ និងកំប្លែងដូចដើម ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់អ្នកនាងពេលនេះ គឺសិល្បករចាស់ៗត្រូវបានគេមើលរំលង និងមិនសូវយកចិត្តទុកដាក់ ឬហៅសម្តែង និងច្រៀងដូចកាលពីមុនៗទេ បើទោះបីជាតារាចម្រៀងខ្លះនៅមានសមត្ថភាពក្នុងការច្រៀង ក៏មិនមានអ្នកចាប់អារម្មណ៍ដែរ ។ ដូច្នេះហើយ ទើបអ្នកនាងខ្លាចសិល្បៈបុរាណត្រូវបានបាត់បង់ ។
ម្យ៉ាងវិញទៀត យុវជនជំនាន់ក្រោយក៏មិនសូវជាចាប់អារម្មណ៍សិល្បៈបុរាណប៉ុន្មានដែរ ដោយសារតែអាជីពនេះមិនសូវរកប្រាក់ចំណូលបានច្រើនដូចចម្រៀងសម័យ ។ អ្នកនាង កាឆយ បន្តដោយសម្លេងខ្សោយៗ និងលាយឡំនិងទឹកភ្នែក ។ អ្នកនាងបាននិយាយថា រាល់ថ្ងៃនេះពិតជាមានអារម្មណ៍ភ័យខ្លាចណាស់ ខ្លាចសិល្បៈបុរាណ ត្រូវបាត់បង់ គ្មានអ្នកចាប់អារម្មណ៍។ សូមឱ្យយុវជនជំនាន់ក្រោយចូលរួមលើកស្ទួយសិល្បបុរាណខ្មែរឱ្យបានច្រើនឡើងវិញផង ។
អ្នកនាង កាឆយ មានបងប្អូនបង្កើត៨ នាក់ ប៉ុន្តែមានតែបងប្អូន៤នាក់ប៉ុណ្ណោះដែលប្រកបអាជីពសិល្បៈ ។ ចំណែកកូនទាំង៣នាក់របស់អ្នកនាងពុំមានដុងខាងផ្នែកសិល្បៈឡើយ អ្នកនាងពិតជាសោកស្តាយខ្លាំងណាស់ ដែលគ្មានកូនចៅណាអាចតតំណែងសិល្បៈពីរូបនាង ។ ឆ្នាំនេះ អ្នកនាង កាឆយមានវ័យ៥៣ឆ្នាំហើយ ៕
ចែករំលែកព័តមាននេះ