រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមចុងឆមាសទី១នេះ ទុន បម្រុងអន្តរជាតិមានចំនួន ២០ ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ បើទោះបីជា ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិក៏ដោយ ។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី១៩ ខែកក្កដា នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថាបច្ចុប្បន្ន ទុនបម្រុងអន្តរជាតិមានកម្រិតស្មើនឹង ៧ ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា ៣ ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថា ខ្ពស់គ្រប់គ្រាន់ ក្នុងការរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ដែលជាមូលដ្ឋានចាំបាច់មួយ ក្នុងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ។
លោកជំទាវ មានប្រសាសន៍ថា ការពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ចាំបាច់ត្រូវការការប្រើ ប្រាស់ រូបិយវត្ថុជាតិឱ្យបានទូលំទូលាយ នៅក្នុងសេដ្ឋកិច្ច ដែលការណ៍នេះ ការដាក់ចេញនូវវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅទាមទារការពង្រឹង និងសម្របសម្រួលថែមទៀត ជាពិសេសពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងស្ថានភាពដែលកម្រិតដុល្លារូបនីយកម្ម បន្តស្ថិតនៅកម្រិតខ្ពស់នៅឡើយ ។ បើតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាអាចស្ថិតក្នុងអត្រា ៦ ភាគរយ សម្រាប់ឆ្នាំ២០២៤ នេះ ដែលខ្ពស់ជាងឆ្នាំមុន ៥ ភាគរយ ដោយ កំណើននេះ ត្រូវបានគាំទ្រជាចម្បង ដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍ ។
ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ការនាំចេញផលិតផលកាត់ដេរកើន១៧,២ភាគរយ និងការនាំចេញផលិតផលកសិកម្មកើន ៤៧,៨ ភាគរយ ខណៈចំនួនភ្ញៀវអន្តរជាតិបានកើនឡើង ២១,២ភាគរយ ។ ដោយឡែក វិស័យសំណង់និង អចលនទ្រព្យ ដែលជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន នៃសេដ្ឋកិច្ចកម្ពុជា បន្តទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ ដោយត្រូវបានរំពឹងថា មានកំណើនត្រឹម ១,៤ ភាគរយ និង ០,៨ ភាគរយរៀងគ្នា ។ កំណើនទាបនៃវិស័យនេះ គួបផ្សំនឹងកម្រិតទាបជាងមុននៃចំណាយរបស់ភ្ញៀវអន្តរជាតិ បានប៉ះពាល់មួយផ្នែកដល់ចំណូល របស់ប្រជាពលរដ្ឋដែលជះឥទ្ធិពលអវិជ្ជមានដល់ការប្រើប្រាស់ និងសកម្មភាពក្នុងវិស័យផ្សេងទៀត ជាពិសេស ការជួញដូរដុំ និងរាយ ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្ថែមទៀតថា នៅពេលឆាប់ៗខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រព័ន្ធបាគង ដើម្បីដោះស្រាយបញ្ហាប្រឈមទៅលើការប្រើប្រាស់រូបិយបណ្ណចាស់ ទក់ រហែក ក៏ដូចជាបង្ហាញពីការធ្វើទំនើបកម្មនៃការប្រើប្រាស់កាបូបប្រាក់ឌីជីថលរបស់កម្ពុជា។ នៅពេលភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជា គឺពួកគេអាចដោនឡូតកម្មវិធីបាគង(App) បើទោះបីជាមិនទាន់មានគណនីធនាគារនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អាចប្រើក្រេឌីតកាតដែលមានពីប្រទេសរបស់ខ្លួនដូចជា៖ VISA Card, Master Card, Union Pay ជាដើម ។
លោកជំទាវបន្តថា ការដាក់ចេញនេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរ ក្នុងការចាយវាយស្រួល ដូចប្រជាជននៅក្នុងស្រុក ក៏ដូចជាដោះស្រាយបញ្ហាមួយចំនួន ដែលភ្ញៀវទេសចរអន្តរជាតិ ដែលជួបប្រឈមក្នុងចាយរូបិយបណ្ណដុល្លារ ឬក្រដាសប្រាក់ធំៗ ។ ពោលគឺ ជួយកាត់បន្ថយទៅលើការប្រើប្រាស់រូបិយបណ្ណរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា ។
គម្រោងនៃការដាក់ឱ្យប្រើប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរអន្តរជាតិនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យធនាគារជាតិ នៃកម្ពុជា ធ្វើការជាមួយធនាគារពាណិជ្ជ ក្នុងការកែសម្រួលលក្ខខណ្ឌ ទទួលយកប្រាក់ដុល្លារអាមេរិក ដែលខ្ទេច មានស្នាមប្រឡាក់តិចតួច ឬក៏មាន រហែកតិចតួច ធ្វើការប្ដូរជូនដល់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីលើកទឹកចិត្តដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជា បន្ទាប់ពីមានព័ត៌មានថា ភ្ញៀវទេសចរមានការ រអ៊ូរទាំចំពោះការចាយប្រាក់ដុល្លារ ក្នុងការធ្វើទេសចរនៅខេត្តសៀមរាប ។
សូមបញ្ចាក់ផងដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញ បានមានប្រសាសន៍ថា បញ្ហាបន្ដិចបន្ទួចនាំឱ្យប៉ះពាល់ ដល់សតិអារម្មណ៍របស់ភ្ញៀវទេសចរ ដែលការណ៍នេះ ត្រូវតែកែសម្រួលជាបន្ទាន់ ។
លោកជំទាវបណ្ឌិត ជា សិរី ទទួលយកអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដោយបញ្ជាក់ថា នឹងធ្វើការជាមួយភាគីពាក់ព័ន្ធ មានដូចជា បេឡាកររបស់ធនាគារនីមួយៗ អំពីការវិនិច្ឆ័យលើការប្រើប្រាស់រូបិយបណ្ណចាស់ ទក់ រហែក របស់ភ្ញៀវទេសចរ ស្របពេលដែលនឹងគ្រោងដាក់ឱ្យប្រើប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរអន្តរជាតិ នាពេលខាងមុខ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ