ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែតណាខ្លះក្លាយជារដ្ឋមន្ត្រី និងអ្នកធំក្នុងសភា?

3 ខែ មុន
  • ភ្នំពេញ

នៅ​លើ​ពិភពលោក​មាន​អ្នកកាសែត​មិន​តិច​ទេ ដែល​អាច​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី ឬ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​មួយ ដោយឡែក​នៅ​កម្ពុជា​មិន​មាន​អ្នកកាសែត​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក៏​ពិតមែន តែ​កម្ពុជា​មាន​អ្នកកាសែត​ក្លាយជា​ប្រធានរដ្ឋសភា អនុប្រធាន​ព្រឹទ្ធសភា រដ្ឋមន្ត្រី ជា​ច្រើន​រូប​ដែរ ។ នៅ​ក្នុង​ចំណោម​អ្នក​សារព័ត៌​មាននៅ​កម្ពុជា…

នៅ​លើ​ពិភពលោក​មាន​អ្នកកាសែត​មិន​តិច​ទេ ដែល​អាច​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី ឬ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​មួយ ដោយឡែក​នៅ​កម្ពុជា​មិន​មាន​អ្នកកាសែត​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក៏​ពិតមែន តែ​កម្ពុជា​មាន​អ្នកកាសែត​ក្លាយជា​ប្រធានរដ្ឋសភា អនុប្រធាន​ព្រឹទ្ធសភា រដ្ឋមន្ត្រី ជា​ច្រើន​រូប​ដែរ ។

នៅ​ក្នុង​ចំណោម​អ្នក​សារព័ត៌​មាននៅ​កម្ពុជា គេ​សង្កេត​ឃើញ​មាន អ្នកកាសែត​កម្ពុជា​ដ៏​លេចធ្លោ​ម្នាក់​ដែល​បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា គឺ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ដែល​បាន​ក្លាយ​ខ្លួន​ជា​ប្រធានរដ្ឋសភា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២៣​មក ។ នៅ​មុន​ប្រឡូក​នៅ​ក្នុង​អាជីព​ជា​អ្នកនយោបាយ សម្តេច​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​អ្នក​សារព័ត៌​មាននៅ​កាសែត​ប្រជាជន​នៅ​ក្នុង​រង្វង់​ចុង​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៨០​និង​ដើម​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៩០ ។

លោក ប្រាក់ សុ​ខុន អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា​ដែល​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ការ​រប​ទេស​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​អតីត​អ្នក​សារព័ត៌មាន​នៃ​កាសែត​កងទ័ព​មួយ​រូប​ផង​ដែរ កាលពី​សម័យ​នៃ​ទស្សវត្សរ៍​ឆ្នាំ​១៩៨០ ។ ដោយឡែក លោក ឱម យ៉ិ​ន​ទៀង ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​អតីត​អ្នក​សារព័ត៌​មាននៅ​កាសែត​ប្រជាជន​ផង​ដែរ នា​អំឡុង​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៨០ ។

លោក ខៀវ កា​ញា​រី​ទ្ធ សមាជិក​សភា ក៏​ជា​ឥស្សរជន​គួរ​ឲ្យ​កត់សម្គាល់​ដែល​បាន​ផ្លាស់​ប្តូរ​អាជីព​ពី​វិស័យ​សារព័ត៌មាន​មក​កាន់​មុខ​តំណែង​រាជរដ្ឋាភិបាល​សំខាន់​ៗ ។ លោក ខៀវ កា​ញា​រី​ទ្ធ ធ្លាប់​ធ្វើ​ជា​អ្នកកាសែត និង​និពន្ធ​នាយក​កាសែត​កម្ពុជា មុន​ចូល​ធ្វើ​នយោបាយ ។ ក្រោយមក​គាត់​បាន​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​គាត់​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​គោលនយោបាយ​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ​ឆ្នាំ​២០០៤ រហូត​ដល់​ឆ្នាំ​២០២៣ ។ អាជីព​របស់​លោក​ធ្វើ​ជា​គំរូ​ពី​ចលនា​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅ​តួនាទី​រដ្ឋាភិបាល​កម្រិត​ខ្ពស់​នៅ​កម្ពុជា ។ នៅ​ក្នុង​តំណែង​បច្ចុប្បន្ន​ជា​សមាជិក​សភា លោក គឺជា​សមាជិក​សភា​ដែល​សកម្ម​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​លោក​តែងតែ​ផ្សព្វផ្សាយ​ពី​នេះ​ពី​នោះ​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក ដោយ​រួម​ទាំង​ការ​រិះគន់​សកម្មភាព​មន្ត្រី និង​បាតុភាព​អសកម្ម​មួយ​ចំនួន រួម​ទាំង​ការ​កំសាន្ត​នានា …​។​ល​។

នៅ​ក្នុង​យុគសម័យ​នៃ​ការ​ផ្លាស់​ប្តូ​ចាប់តាំងពី​ការ​បោះ​ឆ្នោត​ខែកក្កដា ឆ្នាំ​២០២៣ មក​អ្នកកាសែត​ដែល​លេចធ្លោរ​ជា​ច្រើន​រូប​ទៀត​ក៏​បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល ដោយនៅ​ក្នុង​នោះ គឺ​មាន លោក នេត្រ ភក្ត្រា ជា​អ្នកកាសែត​ដ៏​លេចធ្លោ​មួយ​រូប​ទៀត​ដែល​បាន​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ។

នៅ​មុន​ពេល​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ខែសីហា ឆ្នាំ​២០២៣​មក លោក មាន​ប្រវត្តិ​ផ្នែក​សារព័ត៌មាន​ជាមួយ​បទ​ពិសោធន៍​ធ្វើ​ការងារ​តាំងពី​អ្នក​យក​ព័ត៌មាន នៅ​កាសែត​នៅ​ក្នុងស្រុក​រហូត​ក្លាយជា​និពន្ធ​នាយក និង​ដឹកនាំ​ស្ថាប័ន​ព័ត៌មាន ហើយ​ក្លាយជា​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម ។ លោក​ក៏​បាន​បោះ​ជំហាន​ក្លាយជា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ទំនាក់ទំនង​គោលនយោបាយ និង​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង ទៅ​កាន់​សាធារណៈជន ដោយ​ទាញ​យក​បទ​ពិសោធន៍​ដ៏​ទូលំទូលាយ​របស់​គាត់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ផ្សព្វផ្សាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចូលរួម​ជាមួយ​ទស្សនិកជន​ក្នុងស្រុក និង​អន្តរជាតិ ។

លោក ប៉ែន បូ​ណា ក៏​ជា​អ្នកកាសែត​កម្ពុជា​ដ៏​ឆ្នើម​មួយ​រូប​ទៀត ដែល​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​តួនាទី​សំខាន់​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក ប៉ែន បូ​ណា អ្នក​សារព័ត៌មាន​ល្បីឈ្មោះ នៅ​ក្នុង​ការ​សរសេ​អត្ថបទ​ជា​ភាសា​បារាំង និង​វិទ្យុ​បារាំង ហើយ​ក្រោយមក​ជា​និពន្ធ​នាយក​ទូរទស្សន៍​នៅ​ក្នុងស្រុក​មួយ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ដល់​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ។ អាជីព​របស់​លោក ប៉ែន បូ​ណា ក្នុង​វិស័យ​សារព័ត៌មាន​ត្រូវ​បាន​កត់សម្គាល់​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ផ្តល់​របាយការណ៍​ដែល​ត្រឹមត្រូវ និង​យល់​ដឹង ។

លោក​បាន​ក្លាយជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅ​ចុង​អាណត្តិ​នៃ​ទី​៦ ហើយ​នៅ​អណ​ត្តិ​ទី​៧ ក៏​ក្លាយជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ហើយ​តែងតែ​ចេញ​មុខ​ការពារ​សកម្មភាព និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់ ។

ដោយឡែក លោក ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បច្ចុប្បន្ន ក៏​ជា​អតីត​អ្នក​សារព័ត៌មាន ដោយ​លោក គឺជា​ថ្នាក់ដឹកនាំ​នៅ​វិទ្យុ​បារាំង​ផ្នែក​ភាសា​ខ្មែរ​មួយ​រូប ។ លោក គឺជា​អតីត​អ្នកវិភាគ​ភូមិសាស្ត្រ នយោបាយ​ដ៏​ល្បី​សម្រាប់​កម្ពុជា ហើយ​បញ្ញវ័ន្ត​កម្ពុជា​ជា​ច្រើន​រូប ដែល​បាន​ស្គាល់ និង​ទទួលស្គាល់​ការងារ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​របស់​លោក ។ សាវតា​របស់​លោក​ក្នុង​វិស័យ​សារព័ត៌មាន​អន្តរជាតិ បាន​ផ្តល់​ឱ្យ​លោក​នូវ​ទស្សនវិស័យ និង​ជំនាញ​ពិសេស​មួយ ដែល​លោក​នាំ​យក​មក​នូវ​តួនាទី​របស់​គាត់​ក្នុង​រដ្ឋាភិបាល បង្កើន​សមត្ថភាព​របស់​រដ្ឋបាល​កម្ពុជា​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ទស្សនិកជន​ជាតិ និង​អន្តរជាតិ ។

ក្រៅពី​នេះ​ក៏​មាន​អ្នកកាសែត​មួយ​ចំនួន​ទៀត បាន​ក្លាយ​ខ្លួន​ជា​មន្ត្រី​ព័ត៌មាន និង​ជា​ក្រុម​សមាជិក អ្នកនាំពាក្យ​ស្ថាប័ន​សំខាន់​ៗ​របស់​ជាតិ​ផ្សេង​ៗ​ទៀត ដោយ​រួម​ទាំង​ក្រសួងមហាផ្ទៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ