រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តសិស្សនិស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនបន្ថែមទៀតព្រោះជាពហុជំនាញដែលធ្វើឱ្យសិស្សនិស្សិតអាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀតដោយមិនត្រឹមតែមានជំនាញស្នូលរបស់ខ្លួនមួយមុខប៉ុណ្ណោះទេ ។
ការលើកឡើងបែបនេះ គឺនៅក្នុងពេល ដែលឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាសហប្រធាន ជាមួយឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកក្នុងកម្មវិធីប្រកួតប្រជែង រ៉ូបូត ថ្នាក់ជាតិ លើកទី១១ ឆ្នាំ២០២៤ នេះដែលរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិ មរតកតេជោ ។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី សិស្សនិស្សិត ដែលចូលរួមការប្រកួតប្រជែងនេះនឹងបានរៀនសូត្រពីការធ្វើការងារជាក្រុម ព្រោះថា ការបង្កើតរ៉ូបូតនីមួយៗនេះ ត្រូវការក្រុមពហុជំនាញផ្សេងៗគ្នា ដូចជាជំនាញកម្មវិធីកុំព្យូទ័រ ជំនាញមេកានិក ជំនាញអគ្គិសនីជាដើម ហើយការមានជំនាញជាក់លាក់ច្បាស់លាស់ សម្រាប់ជីវិតនេះគឺស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទិសដៅធ្វើឱ្យពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិច ។
ថ្លែងទៅកាន់កម្មវិធីដែលមានអ្នកចូលរួមជាង ៣ ពាន់នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានសង្ឃឹមថា អ្នកសិក្សាជំនាញបច្ចេកទេសទាំងអស់ នឹងអាចប្រើប្រាស់បច្ចេកវិទ្យា ដែលមាន ដើម្បីសម្រួលដល់ការរស់នៅ ការប្រកបរបរអាជីវកម្មរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ ។
សូមបញ្ជាក់ថា កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ៣ពាន់នាក់ និងមានក្រុមនិស្សិតចំនួន ៩ក្រុម ចូលរួមប្រកួតប្រជែង ដែលមកពីគ្រឹះស្ថានសិក្សានានាចំនួន ៥ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC), វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។
កម្មវិធីប្រកួតប្រជែង រ៉ូបូត ថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ ការប្រមូលផលស្រូវ ដែលមានគោលបំណង ដើម្បីផ្ដល់ឱកាសដល់និស្សិត មកពីបណ្ដាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិតឧបករណ៍បច្ចេកវិទ្យាជា រ៉ូបូត ដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯក សម្រាប់តំណាងកម្ពុជាទៅប្រកួតប្រជែង រ៉ូបូត ថ្នាក់អន្តរជាតិ នៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ