រាជធានីភ្នំពេញ៖ មេសហជីពនៅកម្ពុជាបានលើកឡើងថា គោលនយោបាយក្នុងការផ្តល់ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយជម្លោះ រវាងកម្មករ និងនិយោជក នៅតាមបណ្តារោងចក្រសហគ្រាសទៀតផង ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា បសស បានជួយសម្រាលបន្ទុកដ៏ច្រើនសម្រាប់កម្មករនិយោជិត ដែលមានការគាំពារចំពោះការព្យាបាលជំងឺ ការថែទាំសុខភាព ការពិនិត្យផ្ទៃពោះ និងសម្រាលកូន ជាដើម មិនតែប៉ុណ្ណោះ ប.ស.ស ក៏បានបញ្ឈប់លែងឱ្យកម្មករ និងនិយោជកមានជម្លោះជាមួយគ្នា ពេលមានគ្រោះថ្នាក់ការងារកើតឡើង ផងដែរ ។
លោកបានបញ្ជាក់ថា ភាពក្តៅក្រហាយ ទោម្និញដាក់គ្នារវាងកម្មករ និងយោជក ដែលធ្លាប់កើតឡើង គឺនៅពេលមានគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ ដែលនិយោជកភ្លាមៗ ពិបាកក្នុងការមានលទ្ធភាពទទួលខុសត្រូវ បានធ្វើឱ្យមានការប្តឹងតវ៉ាពីសំណាក់កម្មករនិយោជិត ។ យ៉ាងណាក៏ដោយ នៅពេលមានសេវា បសស បញ្ហាទាំងនោះត្រូវបានបញ្ចប់ ដោយគ្រាន់តែភាគីនិយោជក បង់ភាគទានទៅ ប.ស.ស ដើម្បីធ្វើការដោះស្រាយបន្ត ។
លោកថ្លែងថា៖ «នៅពេលយើងមានសេវា បសស រាល់គ្រោះថ្នាក់ការងារ រាល់ជំងឺវិជ្ជាជីវៈទាំងឡាយណា គឺជាបន្ទុករបស់ បសស ដូចនេះភាគីកម្មករនិយោជិតមិនចាំបាច់បែរមុខព្រួញទៅកាន់និយោជក ហើយនិយោជកក៏មិនចាំបាច់ពាក់មុខយក្ស ក្នុងស្ថានភាពណាមួយមកកាន់កម្មកររបស់ខ្លួន ដែលទាមទារនោះទេ គឺគ្រាន់តែបង់ភាគទានទៅ ប.ស.ស ដើម្បីចាត់ចែងដោះស្រាយបន្តជាការស្រេច» ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា សេវា ប.ស.ស ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្មករ និយោជិត ។ ក្នុងពេលបច្ចុប្បន្នការបង់ ប.ស.ស គឺជាបន្ទុករបស់និយោជក ដែលទាំងនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងសម្រួលឱ្យនិយោជកជាអ្នកទទួលខុសត្រូវ ១០០ ភាគរយ ។
លោកថ្លែងថា៖ «មិនត្រឹមតែប៉ុណ្ណឹងទេ យើងឃើញថា នៅពេលបងប្អូនមានជំងឺឈឺថ្កាត់អស់រាប់សិបម៉ឺនដុល្លារ រាប់សិបពាន់ដុល្លារគឺ បងប្អូនអត់មានចំណាយអីសូម្បី ១ ដុល្លារនោះទេ គឺជាបន្ទុករបស់រដ្ឋតែម្តង ដូចច្នេះយើងឃើញថាសេវា ប.ស.ស នេះពិតជាមានសារៈសំខាន់» ។
មួយវិញទៀត ហ្វា សាលី បន្ថែមថា ប.ស.ស ក៏មានការយកចិត្តទុកដាក់លើស្ត្រី ដែលមានផ្ទៃពោះ ឱ្យមានការឈប់សម្រាក រហូតដល់ ៤ ដង សម្រាប់ការពិនិត្យផ្ទៃពោះចាប់ពីមានគភ៌ ដែលទទួលបានប្រាក់ឧបត្ថម្ភ ៨ ម៉ឺនរៀលបន្ថែមទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការឈប់សម្រាកសម្រាលកូន ដែលមានប្រាក់ឧបត្ថម្ភ ១២០ ភាគរយ ហើយនៅក្រោយពេលសម្រាលក៏មានការថែទាំកុមារ រហូតដល់២ឆ្នាំ ដោយមានការឈប់សម្រាកបានច្រើនដងបន្ថែមទៀត ដើម្បីចាក់វ៉ាក់សាំងផ្សេងៗ សម្រាប់កុមារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ