រាជធានីភ្នំពេញ៖ សមាជិកសរុបនៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២ លាននាក់ (២ ២២៩ ៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។
ឯកឧត្តម កត្តា អ៊ន បានបញ្ជាក់លំអិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងគួរឱ្យកត់សំគាល់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នេះ ដែលបង្ហាញថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ សមាជិកសរុបដែលបានចុះឈ្មោះក្នុងបញ្ជិកាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន ៖
ប.ស.ស. ផ្នែកថែទាំសុខភាពមានសមាជិកសរុបចំនួនជាង ២,២ លាននាក់ ក្នុងនោះមាន កម្មករនិយោជិតចំនួនជាង ១, ៥៦ លាននាក់ មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួនជាង ៤៣ ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ១៧ ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ៥,៦ ម៉ឺន ។
ដោយឡែក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិការោងចក្រ សហគ្រាសជាកាតព្វកិច្ចសរុប ចំនួន ២១ ២៨៨ មានកម្មករនិយោជិតសកម្មចំនួនជាង ១,៥៦ លាននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្តបានចំនួនជិត ៥ ពាននាក់។ ក្នុងឆមាសទី១ ឆ្នាំ២០២៤ សមាជិក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិកាសមាជិកថ្មី ដែលមានរោងចក្រ សហគ្រាសជាកាតព្វកិច្ច ចំនួន ៣ ០១៣ មានកម្មករនិយោជិតចំនួនជិត ១៣ម៉ឺននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្ត បានចំនួន ៩៤១នាក់ ។
ចំណែក ប.ស.ស. ផ្នែកហានិភ័យការងារ មានសមាជិកសរុបចំនួនជាង ១,៨ លាននាក់ ក្នុងនោះកម្មករនិយោជិតចំនួនជាង ១,៥៦ លាននាក់ មន្ត្រីរាជការសាធារណៈជាង ២៤,៦ ម៉ឺននាក់ និងបានអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជាង ១៣,៦ ម៉ឺននាក់ផងដែរ ។
ឯកឧត្តម កត្តា អ៊ន លើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល ។
ឯកឧត្តម បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ។
ឯកឧត្តម ពន្យល់ថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លា.ប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្ស ប្រកបដោយសក្តានុពលភាពនាពេលអនាគត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ