ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! លី មួយ​លាង គ្រង​ម្កុដ Miss Teen International ២០២៤

3 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត កញ្ញាឯក​យុវវ័យ​កម្ពុជា លី មួយ​លាង បាន​គ្រង​ម្កុដ​នៃ​កម្មវិធី Miss Teen International ២០២៤ ដែល​បាន​យកឈ្នះ​ទៅ​លើ​បេ​ក្ខ​នារី​ដែល​មក​ពី​ប្រទេស​ប្រមាណ​៣០…

នៅ​ទីបំផុត កញ្ញាឯក​យុវវ័យ​កម្ពុជា លី មួយ​លាង បាន​គ្រង​ម្កុដ​នៃ​កម្មវិធី Miss Teen International ២០២៤ ដែល​បាន​យកឈ្នះ​ទៅ​លើ​បេ​ក្ខ​នារី​ដែល​មក​ពី​ប្រទេស​ប្រមាណ​៣០ ជុំវិញ​ពិភពលោក ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។

មុន​នឹង​អាច​គ្រង​ម្កុដ​នា​ពេល​នេះ លី មួយ​លាង ត្រូវ​បាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​កម្ពុជា​ជា​ច្រើន​បាន​ដាក់​ក្តី​សង្ឃឹម​ច្រើន​ពី​ការ​ទទួល​ជ័យ​ជំ​នៈ​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ ដោយសារ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​យុវតី​កម្ពុជា​រូប​នេះ​ធ្វើ​បាន​យ៉ាង​ល្អ ទាំង​សមត្ថភាព និង​រូប​សម្រស់ ជា​ពិសេស​ឈុត​តំណាង​ជាតិ​យ៉ាង​លេចធ្លោ គឺ​ឈុត​សត្វ​មយូរា​ដែល​មាន​ស្លាប​តំណាង​ឲ្យ​សេរីភាព​របស់ LGBT បញ្ឈប់​នូវ​ការ​រើសអើង​ភេទ និង​បង្ហាញ​ពី​សិទ្ធិ​របស់​ពួក​គេ​ដែល​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​មាន​សិទ្ធិ​សេរីភាព​ដូច​មនុស្ស​ទូទៅ​ដែរ​។

ភាពល្អ​ឥត​ខ្ចោះ​ទាំង​អសនេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ដាក់​ពិន្ទុ​ក្នុង​ការ​ប្រកួត​បាន​សម្រេច​ឲ្យ លី មួយ​លាង គ្រង​ម្កុដ Miss Teen International ២០២៤ ដែល​អាច​យកឈ្នះ​បេ​ក្ខ​នារី​ជា​ច្រើន​រូប​មក​ពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ។

ក្រោយ​គ្រង​ម្កុដ លី មួយ​លាង បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា នាទី​ចុង​ក្រោយ ខ្ញុំ​ធ្វើ​បាន​ហើយ​សម្រាប់​កម្ពុជា​។ នាង​បន្ថែម​ថា ខ្ញុំ​បាន​ឈ្នះ​ការ​ប្រកួតប្រជែង​ផ្នែក​យុវវ័យ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក អរគុណ​អ្នក​រាល់គ្នា​ដែល​គាំទ្រ​ខ្ញុំ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​នាំ​មក​នូវ​មោទនភាព ជាមួយ​ការ​នាំ​មក​នូវ​ម្កុដ​យុវវ័យ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ។

ជា​ការ​កត់សម្គាល់​មុន​ឡើង​យន្តហោះ​ចេញពី​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី Miss Teen International ២០២៤ នៅ​ប្រទេស​ឥណ្ឌា លី មួយ​លាង បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌មាន​ថា នាង​មានការ​ប្ដេជ្ញា​ចិត្ដ​ថា​នឹង​នាំ​យក​លទ្ធផល​ល្អ​ជូន​ជាតិ​មាតុភូមិ ។នាង​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​មុន​ចេញ​ទៅ​ប្រកួត​នេះ នាង​បាន​ហ្វឹកហាត់​ខ្លាំង​ទ្វេ​ដង​តាំងពី​វគ្គ​សំណួរចម្លើយ ទាំង​ការ​ដើរ​លើ​ឆាក Evening gown និង​ឈុត​ប្រចាំ​ថ្ងៃ ។

នាង​បន្ថែម​ថា បេក្ខភាព​ទាំង៣០​ប្រទេស ដែល​នឹង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ គឺ​សុទ្ធតែ​មាន​ចំណុច​ពិសេស​របស់​គេ​រៀង​ៗ​ខ្លួន ហើយ​នាង​ក៏​បាន​សិក្សា​ពី​សមត្ថភាព​របស់​ពួក​គេ​មួយ​ចំនួន​ហើយ ។

យ៉ាងណា​ក្នុង​នាមរូប​នាង​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ធំ​នេះ​នាង​នឹង​ពាំនាំ​យក​ភាព​អស្ចារ្យ​អំពី​សិល្បៈ វប្បធម៌​របស់​យើង​ទៅ​បង្ហាញ​ជូន​អន្ដរជាតិ​នៅ​ក្នុង​ឱកាស​នោះ​ដែរ ។

គួរ​បញ្ជាក់​ថា លី មួយ​លាង បេក្ខភាព​មក​ពី​ប្រទេស​កម្ពុជា បាន​គ្រង​ម្កុដ Miss Teen International ២០២៤ ដោយនៅ​ក្នុង​នោះ​ចំណាត់ថ្នាក់ 1st Runner Up is បាន​ទៅ​លើ​កញ្ញា Anettemarrero មក​ពី​ប្រទេស Cuba ខ​ណៈ​ពេល​ចំណាត់ថ្នាក់ 2nd Runner up បាន​ទៅ​លើ​កញ្ញា Orianaribeiro មក​ពី​ប្រទេស Namibia ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ