រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងទាំងអស់គ្នា មានក្តីរន្ធត់ចិត្ត ឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវជាស្វាមីរបស់លោកជំទាវ ឆាង ស៊ាម ដែលបានទទួលមរណភាព កាលពីថៃ្ងព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:១៩ នាទីព្រឹក ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ ។
មរណភាពរបស់ ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ជីតា និងញាតិមិត្តន ក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលធ្លាប់មានស្នាដៃរួមចំណែកយ៉ាងសកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅគ្រប់កាលៈទេសៈទាំងអស់ ដើម្បីបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នាពេលកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននោះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅជាមួយ លោកជំទាវ និងក្រុមគ្រួសារ ញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ សូមបានទៅកាន់ឋាន បរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ