(បាងកក)៖ វិថីYaowarat (Chinatown) ក្នុងទីក្រុងបាងកក ដែលល្បីល្បាញដែលមានលក់ម្ហូបអាហារតាមដងផ្លូវដ៏រស់រវើក បានទទួលការចាប់អារម្មណ៍ពីទស្សនិកជនអន្តរជាតិ បន្ទាប់ពីវីដេអូចម្រៀងថ្មីរបស់ Lisa សមាជិកក្រុម Blackpink មានភាពសាយភាយខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
ចាប់តាំងពីការចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា បទចម្រៀង “Rockstar” បានទាក់ទាញអ្នកទស្សនាជាង ៦០លានដង ដោយតារាចម្រៀងរូបនេះបានច្រៀង និងរាំនៅពីនៅវិថីYaowarat ដែលគេស្គាល់ថាជាChinaTown ដែលស្ថិតនៅជុំវិញភោជនីយដ្ឋាន និងតូបលក់អាហារដែលបម្រើម្ហូបចិននៅចំកណ្តាលទីក្រុងបាងកក។
ការកើនឡើងនៃប្រជាប្រិយភាពនាពេលថ្មីៗនេះបានជំរុញឱ្យរដ្ឋាភិបាលថៃពង្រីកកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់ខ្លួនលើសពីតំបន់ Yaowarat ដើម្បីរួមបញ្ចូលសង្កាត់ដែលនៅជិតៗ។
អ្នកនាំពាក្យរងរដ្ឋាភិបាលបានគូសបញ្ជាក់ថាអ្នកគាំទ្រទូទាំងពិភពលោករបស់ Lisa លើវិស័យទេសចរណ៍ថៃ តំបន់ Yaowarat អាចក្លាយជាចំណុចក្តៅថ្មីសម្រាប់អ្នកទស្សនា។ ហើយវីដេអូចម្រៀងនេះបានជួយលើកកម្ពស់ មុខមាត់របស់ប្រទេស និងទាក់ទាញទស្សនិកជនឱ្យកាន់តែទូលំទូលាយ ហើយអាជ្ញាធរគ្រោងនឹងណែនាំសកម្មភាពទេសចរណ៍ថ្មីៗនៅក្នុង Chinatown ដើម្បីជំរុញអាជីវកម្មក្នុងស្រុក។
អ្នកក្នុងវិស័យទេសចរណ៍បានអំពាវនាវដល់រដ្ឋាភិបាលឲ្យពង្រឹងអនាម័យ និងសុវត្ថិភាពនៅលើផ្លូវ Yaowarat ដើម្បីសម្រួលដល់លំហូរភ្ញៀវទេសចរ។
Chinatown ស្ថិតនៅក្នុងតំបន់ចំណាស់ជាងគេបំផុតមួយនៃទីក្រុងបាងកក។ ផ្លូវ Yaowarat គឺជាសរសៃឈាមសំខាន់នៃ Chinatown ទីក្រុងបាងកក ដែលគ្រួសារដែលមានដើមកំណើតចិនបានដំណើរការតូបលក់អាហារ ភោជនីយដ្ឋាន និងតូបផ្សារអស់ជាច្រើនទសវត្សរ៍មកហើយ៕ ប្រភព៖ VN EXPRESS/The Nation Thailand
ចែករំលែកព័តមាននេះ