រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននៅលើបណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក បានបង្ហាញថា ភ្ញៀវទេសចរដែលនិយមទៅលេខកម្សាន្តខេត្តសៀមរាប មានការធ្លាក់ចុះ ដែលធ្វើឱ្យអ្នក ប្រកបរបរក្នុងវិស័យទេសចរណ៍ត្អូញត្អែរពីកត្តាជីវភាពប្រចាំថ្ងៃ និងមួយចំនួននិយាយថា ពួកគេអាចនឹងផ្លាស់ប្តូរទៅប្រកបអាជីវកម្មថ្មី ។
តើភ្ញៀវទេសចរពិតជាធ្លាក់ចុះពិតមែន ឬទេ ? ឆើ្លយតបនិងសំណួររបស់កម្មវិធីលុយ នៃសារព័ត៌មាន កោះសន្តិភាព ទៅនឹងការធ្លាក់ចុះ និងកត្តាដែលធ្វើឱ្យមានការធ្លាក់ចុះនៃ ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាប លោក លាក់ សុខុន ប្រធានសមាគមមគ្គុទេស៍ទេស ចរណ៍ខ្មែរ អង្គរ បានបង្វែរសំណួរទៅកាន់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយលោកមិន មានចម្លើយនោះទេ ។
លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យកម្មវិធីលុយ នៃសារព័ត៌មាន កោះសន្តិភាព ដឹងថា បច្ចុប្បន្ននេះជារដូវភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ពោល ចាប់ពីខែមេសា ដល់ខែកញ្ញា ។ ក្រោយវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរអន្តរជាតិកើនមកវិញមាន កម្រិតពិសេសទីផ្សារអាស៊ី រួមមាន ៖ ចិន ជប៉ុន កូរ៉េ ថៃ និងវៀតណាម ដែលពីជាទីផ្សារធំ សម្រាប់ខេត្តសៀមរាប ចំពោះភ្ញៀវទេសចរអឺរ៉ុប និងអាមេរិក កើនមកវិញច្រើនគួរកត់ សម្គាល់ ។ លោកប្រធានមន្ទីរស្តីទី បន្តថា អាជីវកម្មទេសចរណ៍បើកដំណើរការឡើងវិញមានចំនួន ច្រើន ជាពិសេសប្រឈមអ្នករកស៊ីជាមួយភ្ញៀវទេសចរក្នុងស្រុក និងទីផ្សារភ្ញៀវអាស៊ី ។
លោក ធិម សេរីវុឌ្ឍ បន្ថែមថា សម្រាប់ខេត្តសៀមរាប ទីផ្សារភ្ញៀវទេសចរធំសំខាន់ គឺទេសចរអន្តរជាតិ ចំពោះទេសចរក្នុងស្រុកមានកំណើនច្រើនតាមព្រឹត្តិការណ៍បុណ្យជាតិ អន្តរជាតិ ពិធីសាសនា វប្បធម៏ កីឡា និងព្រឹត្តិការណ៍ប្រពៃណីផ្សេងៗ ។ ព្រឹត្តិការណ៍មិនអាច កើតបានរៀងរាល់ខែនោះទេ ដែលអ្នករកស៊ីសម្រាប់ចំណែកទីផ្សារភ្ញៀវក្នុងស្រុកប្រឈម ។
ដោយឡែក កាលពីពេលថ្មីៗនេះ របាយការណ៍មួយ Mercer’s Cost of Living City Ranking 2024 ថា ភ្នំពេញ ជាទីក្រុងដែលមានការចំណាយខ្ពស់ជាងគេលំដាប់ទី ២ នៅអាស៊ី អាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខ ១២៣ នៅលើសកលលោក ដែលមានការចំណាយលើ ការរស់នៅខ្ពស់ជាងគេ ដែលអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិយាយថា របាយការណ៍នេះក៏នឹងធ្វើ ឱ្យភ្ញៀវទេសចរអន្តរជាតិខ្លាចរអានឹងចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ។ លោក ធិម សេរីវុឌ្ឍ បន្តថា សម្រាប់ខេត្តសៀមរាប មិនទាន់មានការវិភាគណាមួយលើការចំណាយនេះទេ ដូច្នេះលោកមិនអាចវិភាគបានទេ ដោយសារតែមិនមានលក្ខណៈវិទ្យាសាស្ត្រណាមួយ បញ្ជាក់ ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ៥ ខែ ដើមឆ្នាំ ២០២៤ នេះភ្ញៀវទេសចរជនជាតិអាមេរិក ជាប់ចំណាត់ថ្នាក់លេខមួយ ចូលទស្សនា ខេត្តសៀមរាបច្រើនជាងគេមានចំនួនរហូតដល់ ៤៩.២៥៨ នាក់ ដោយគិតចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែឧសភា ។ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៤ នេះ ខេត្ត សៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ៤៧២.២៥៨ នាក់ កើនឡើង ៣៦,៩៨ ភាគរយ បើធៀបជាមួយេយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។
បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ នេះ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ២៤ លានដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវ ទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានចំនួនជាង ៥ ម៉ឺននាក់ ។ ក្នុងរយៈ ពល ៦ ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនា ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរទិញសំបុត្រ ចូលទស្សនាអង្គរមានចំនួន ៥២១.៩៥០ នាក់ កើនឡើងជាង ៣៥ ភាគរយ បើធៀបរយៈពេល ដូចគ្នាឆ្នាំ ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ២៤,៣៥៧ ម៉ឺនដុល្លារអាមេរិក កើនឡើង ជិត ៣៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ កន្លងទៅ ៕
ចែករំលែកព័តមាននេះ