(ថៃ)៖ តូបមាន់បំពងមួយនៅផ្សារក្នុងប្រទេសថៃ ស្រាប់តែទាក់ទាញអតិថិជនជាច្រើនបន្ទាប់ពីរូបថតប៉ុន្មានសន្លឹកត្រូវបានគេបង្ហោះតាមអ៊ីនធឺណិត។
កាលពីពេលថ្មីៗនេះ តូបលក់មាន់បំពងមួយកន្លែងក្នុងខេត្ត Samut Prakan ប្រទេសថៃ ស្រាប់តែបានទាក់ទាញអតិថិជនរាប់ពាន់នាក់ដោយហេតុផលនឹកស្មានមិនដល់នោះគឺ កូនស្រីអាយុ ១៧ឆ្នាំរបស់ម្ចាស់ហាងមានមុខមាត់មើលទៅស្រដៀងនឹង Lisa សមាជិកក្រុម BLACKPINK។ យោងតាមប្រភពព័ត៌មាននាងបានឆ្លៀតឱកាសវិស្សមកាល ដើម្បីជួយម្តាយរបស់នាងលក់ដូរហើយចៃដន្យបានបង្កឱ្យមានការពិភាក្សាដ៏ក្តៅគគុកនៅលើបណ្តាញសង្គមដោយសារតែរូបរាងរបស់នាង។
ទំព័រហ្វេសប៊ុកថៃ ThaiMarketing ថ្មីៗនេះបានចែករំលែករូបភាពប្រចាំថ្ងៃរបស់កញ្ញា លក់មាន់បំពង។ មហាជនជាច្រើនបានសរសើរថាយុវតីរូបនេះមានរូបសម្រស់ស្អាត និងមានចរិតរមទម្យ ថែមទាំងគិតថាជាមួយនឹងប្រជាប្រិយភាព និងរូបរាង បែបនេះ នាងអាចលេចមុខជាអ្នកសិល្បៈបាន។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៍មាន យុវតីរូបនេះបាននិយាយថា នាងមានអារម្មណ៍អៀនបន្តិចនៅពេលនាងល្បី ប៉ុន្តែនាងចាប់អារម្មណ៍ខ្លាំងក្នុងការសម្តែង ហើយក៏បានចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនៅសាលាផងដែរ។ សិស្សស្រីវ័យ ១៧ ឆ្នាំរូបនេះបានចែករំលែកថា៖ «ខ្ញុំសប្បាយចិត្តដែលមើលទៅដូចជាតារាចម្រៀងដែលគេស្ងើចសរសើរដូច Lisa។ បើខ្ញុំមានឱកាស ខ្ញុំក៏ចង់ឈានជើងចូលវិស័យសម្ដែងដែរ»៕ ប្រភព៖ The Nation Thailand
ចែករំលែកព័តមាននេះ