ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីបើកអាជីវកម្មចិញ្ចឹមបង្កងអូស្ត្រាលីទទួលបានជោគជ័យ កសិករមួយគ្រួសារ រស់នៅភូមិចំការឃ្លៃ ឃុំពង្រ ស្រុករលាប្អៀរ បានសាកល្បងចិញ្ចឹមសត្វច្រើនប្រភេទទៀតក្នុងគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួន ។ ប៉ុន្តែការចិញ្ចឹមសត្វមួយចំនួនមិនទទួលបានជោគជ័យឡើយ ដោយខ្លះចិញ្ចឹមបាន តែគ្មានទីផ្សារ និងសត្វមួយចំនួនត្រូវការចំណាយទុនខ្ពស់ពេក ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/3819603d004fef455555741581dbd311.jpg)
យ៉ាងនេះក្តី គ្រួសារកសិករនោះបានអះអាងថា ការងាកមកចិញ្ចឹមខ្យងប័រ ឬខ្យងជប៉ុន គឺទទួលជោគជ័យ ល្អណាស់អាចរកចំណូលបានក្នុងមួយខែប្រមាណ៣លានរៀលបន្ថែមពីលើការចិញ្ជឹមបង្កងអូស្ត្រាលី ដែលលោកនៅបន្តចិញ្ចឹមរាល់ថ្ងៃ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/e41e167e9b50935425ad7de74b5e562c.jpg)
លោកនង ណារិទ្ធ ជាកសិកររស់នៅភូមិចំការឃ្លៃបានមានប្រសាសន៍ថា លោកបានចិញ្ចឹមបង្កងអូស្ត្រាលីអស់រយៈពេលច្រើនឆ្នាំណាស់មកហើយ ដោយទទួលបានជោគជ័យរហូតដល់បច្ចុប្បន្ន ។ ដោយចង់ពង្រីកអាជីវកម្មបន្ថែមលោកបានសាកល្បងចិញ្ចឹមកណ្ដូប ចិញ្ចឹមរុយ និងចិញ្ចឹមដួង ។ ក្រៅពីនោះ នៅមានចិញ្ចឹមត្រី ចិញ្ចឹមមាន់ ទា ផងដែរ ប៉ុន្តែការចិញ្ចឹមសត្វមួយចំនួនមិនទទួលបានផ្លែផ្កាឡើយ ដូចជាការចិញ្ចឹមកណ្ដូប ត្រូវចំណាយដើមទុនច្រើនពេក ចំណែកការចិញ្ចឹមដួងទទួលបានផ្លែផ្កា ប៉ុន្តែគ្មានទីផ្សារ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/42c460dbd08aaa2197adfada0019a609.jpg)
ក្រោយមករយៈពេលជិត១ឆ្នាំកន្លងមកនេះ លោកបានងាកមកចិញ្ជឹមខ្យងប័រ ឬខ្យងជប៉ុន ដោយទទួលបានលទ្ឋផលល្អប្រសើរ មានអតិថិជនគាំទ្រជាច្រើន មានទាំងអ្នកទិញសាច់យកទៅទទួលទាន និងអ្នកទិញកូនយកទៅចិញ្ចឹមបន្ត ដែលអាចឱ្យលោករកចំណូលបានប្រមាណ៣លានរៀល ក្នុងមួយខែពីការចិញ្ចឹមខ្យង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/13efccf14d578d864cb7310fce67f823.jpg)
លោក នង ណារិទ្ធ បានបញ្ជាក់ថា ការចិញ្ចឹមខ្យងប័រ ឬខ្យងជប៉ុន មានភាពងាយស្រួលណាស់ អ្នកមិនចេះចិញ្ចឹមក៏អាចចិញ្ចឹមបានដែរ ។ ចំណីរបស់វាក៏ងាយស្រួលវាស៊ីបន្លែសំណល់ផ្ទះបាយ ដូចជាត្រកួន និងស្លឹកស្ពៃជាដើម ។ យើងអាចទិញស្ពៃសេសសល់លើទីផ្សាដែលអ្នកលក់មិនអស់ ។
សម្រាប់គ្រួសារលក់បានចិញ្ចឹមចកអាសូឡា សម្រាប់ធ្វើជាចំណីឱ្យខ្យងស៊ី ។ ចំពោះចក អាសូឡានេះ កាលពីជាង១០ឆ្នាំមុន គេនាំចូលមកពីក្រៅប្រទេសយកមកចិញ្ចឹម ហើយកាលណោះ ១គីឡូក្រាមថ្លៃ៤ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នតម្លៃត្រឹម៣ពាន់រៀលប៉ុណ្ណោះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/92761554f8d7d1cf29ccb8b6eb4b7708.jpg)
ចកនេះ ជាចំណីត្រីចំណីខ្យង និងបង្កងផងដែរ។ ជាចុងក្រោយ លោកសំណូមពរដល់បងប្អូនដែលទិញខ្យងពីលោកយកទៅចិញ្ចឹម បើគ្មានទីផ្សារទេ សូមលក់ត្រឡប់មកឱ្យលោកវិញ លោកនឹងជួយលក់បន្តឲ្យអតិថិជនព្រោះតែតម្រូវការទីផ្សារច្រើនក្នុងគ្រាដែលលោកផលិតលក់សាច់មិនទាន់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/af3d6c09023b727dbb974f37ae030cc3.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/52d08b5b652739cfd5978ba72c4d78b1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/462aae1a56019237c72feef81ca8c4ee.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/fdd4e0306b39dffafa445dfa353eedcb.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/561db1d5d47af712f2fe36e38c93c971.jpg)
ចែករំលែកព័តមាននេះ