រាជធានីភ្នំពេញ ៖ នៅចាំបានទេ អ្នកស្រី មិន ចិន្តា ជាស្ត្រីមានពិការភ្នែកទាំងសងខាងម្នាក់ ដែលបានទទួលអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យ ហ្លីនឌ័រ (Flinders)ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០២២ ឥឡូវនេះ អ្នកស្រីបានបញ្ចប់ការសិក្សាអនុបណ្ឌិតជំនាញគោលនយោបាយ និងការអភិវឌ្ឍពិការភាព ដ៏ត្រចះត្រចង់ ក្រោយពេលដែលតស៊ូរៀនសូត្រប្រមាណជាជាង២ឆ្នាំកន្លងមក ។
អ្នកស្រីបានចែករំលែកនូវដំណឹងដ៏រីករាយ និងមោទនភាពសម្រាប់ពលរដ្ឋកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដោយបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសនេះដល់រូបអ្នកស្រី ។ អ្នកស្រី មិន ចិន្តា ក៏បានប្រកាសអរគុណដល់មិត្តភក្តិ និងក្រុមគ្រួសារ ដែលបានផ្តល់ការគាំទ្រ និងលើកទឹកចិត្តរហូតដល់អ្នកស្រីបានបញ្ចប់ការសិក្សាកម្រិតឧត្តម ហើយក៏បង្ហាញនូវសេចក្តីសង្ឃឹមថា ចំណេះដឹងទាំងនេះ នឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ ។ អ្នកស្រីបានបញ្ជាក់ថា «សង្ឃឹមថា សមិទ្ធផលរបស់ខ្ញុំនៅពេលនេះ នឹងផ្តល់ផលវិជ្ជមាននៅក្នុងសង្គមរបស់ខ្ញុំ ជាពិសេសការបើកទ្វារសម្រាប់ប្រជាជនកម្ពុជាផ្សេងទៀត ដែលពិការភ្នែកក្នុងការកែប្រែជីវិតរបស់ពួកគេតាមរយៈការអប់រំ»។
នៅក្នុងបទសំភាសន៍ពីប្រទេសអូស្ត្រាលី កាលពីអំឡុងពេលចាកចេញពីកម្ពុជាបានមួយរយៈនោះ អ្នកស្រី មិន ចិន្តា បានប្រកាសថា អ្នកស្រីមិនដែលផ្ដេកផ្ដួលតាមវាសនាឡើយ ទោះបីជាអ្នកស្រីធំដឹងក្តីដោយពិការភាពភ្នែកក៏ដោយ និងបានប្រឹងប្រែងរៀនសូត្រជាបន្តបន្ទាប់ នៅក្នុងក្តីស្រមៃ គឺចង់ក្លាយជាធនធានមនុស្សប្រកបដោយគុណសម្បត្តិ និងលក្ខណៈសម្បត្តិសម្រាប់សង្គម ។ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះ បានបង្ហាញនូវឆន្ទៈ ចង់ប្រើចំណេះ និងជំនាញ ក៏ដូចជាបទពិសោធន៍នៃជីវិតនៅខាងក្រៅប្រទេស ដើម្បីជួយជ្រោមជ្រែង និងដោះស្រាយបញ្ហាដល់អ្នកមានពិការភាព និងបញ្ឈប់ការរើសអើងក្នុងសង្គមកម្ពុជាទូទៅ ។
មកដល់ពេលនេះ អ្នកស្រី មិន ចិន្តា ជាស្ត្រីខ្មែរមានពិការភាពភ្នែកដំបូង ដែលបានទទួលអាហារូបករណ៍ Australia Awards សម្រាប់ការសិក្សារយៈពេល២ឆ្នាំ លើជំនាញគោលនយោបាយ និងការអភិវឌ្ឍពិការភាព ហើយនៅក្នុងការសិក្សា អ្នកស្រីពិតជាមានការលំបាក ប៉ុន្តែមិនដែលបោះបង់ការលំបាកនេះទេ ហើយបានតស៊ូរហូតបានលទ្ធផលដូចថ្ងៃនេះ ។
អ្នកស្រី មិន ចិន្តា កើតក្នុងគ្រួសារកសិករមួយ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយអ្នកស្រីជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ ហើយបានតស៊ូរៀនសូត្រទាំងខ្លួនពិការរហូតដល់ឆ្នាំ២០១២ ចិន្តា បានចាកចេញពីស្រុកកំណើត បន្តការសិក្សានៅរាជធានីភ្នំពេញ នៅក្នុងថ្នាក់បរិញ្ញាបត្រជំនាញចិត្តវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំ២០១៦ ហើយក៏ត្រូវបានក្លាយជាមន្ត្រីរាជការនៅក្នុងក្រសួងសង្គមកិច្ច ។
នៅក្នុងជីវិតជាមន្ត្រីរាជការផង លោកស្រីនៅតែបន្តប្រឹងប្រែងរៀន និងធ្វើបច្ចុប្បន្នភាពចំណេះ និងជំនាញជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២០ ក៏បានប្រឡងជាប់អាហារូបករណ៍ តាមរយៈកម្មវិធី Australia Awards សិក្សានៅប្រទេសអូស្ត្រាលី លើជំនាញគោលនយោបាយ និងការអភិវឌ្ឍពិការភាពនេះ ប៉ុន្តែដោយសារតែបញ្ហាកូវីដ ការសិក្សារបស់អ្នកស្រីត្រូវពន្យារពេល នៅឆ្នាំ២០២២វិញ ហើយក៏បានសិក្សារហូតដល់បញ្ចប់នៅពេលនេះ ។
មកដល់ពេលនេះ កម្ពុជាមានជនពិការភាពដែលបម្រើការក្នុងវិស័យសាធារណៈនៅតាមក្រសួង និងស្ថាប័នរដ្ឋ៣៧កន្លែង នៅក្នុងចំនួន៣.៧៤៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន៨៦២នាក់ ខណៈវិស័យឯកជន បានទទួលជនមានពិការភាពឱ្យចូលធ្វើការមានចំនួន ៥.៨៣៩នាក់ ក្នុងនោះស្ត្រីចំនួន៣.៨៣៦នាក់ ៕
ចែករំលែកព័តមាននេះ