ទីក្រុងវ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សប្រជាធិបតេយ្យចេញមកបញ្ជាក់គោលជំហររបស់បក្សដើម្បីជៀសវាងការមន្ទិលសង្ស័យថាតើខ្លួនអាចនឹងរកអ្នកផ្សេងមកជំនួសលោកបៃដិន ឬយ៉ាងណា? ក្ដីបារម្ភមានកាន់តែខ្លាំងបន្ទាប់ពីលោកបៃដិនធ្វើមិនបានល្អទាល់តែសោះនៅក្នុងវេទិកាតទល់មតិគ្នានៅទីក្រុងអាត្លង់តាកាលពីយប់ថ្ងៃព្រហស្បតិ៍។
កាលនោះ លោកបៃដិនមានឱកាសច្បិចយកចំណុចខ្សោយរបស់លោកត្រាំមកវាយប្រហារដើម្បីនិយាយយកប្រៀប។ ប៉ុន្តែជាក់ស្ដែង លោកមានជំងឺផ្ដាសាយ និយាយស្អកៗ ខ្សិបៗ ហាក់ដូចជាជាមនុស្សងងុយគេង។ លោកមានអាការៈត្រុនៗ និងរញីរញ័រដល់ថ្នាក់លោកត្រាំនិយាយដៀមដាមនៅពេលក្រោយមកទៀតថាប្រទេសចិនមិនខ្លាចមេដឹកនាំអាមេរិកដែលញ័រទទ្រើកដូចលោកបៃដិនទេ។ ជារួម គេទទួលស្គាល់ទាំងអស់គ្នាថាលោកបៃដិននិយាយមិនបានល្អទេតាំងពីដើមរហូតដល់ចប់។
ថ្មីៗនេះ មន្ត្រីកំពូលៗរបស់គណបក្សប្រជាធិបតេយ្យបញ្ជាក់ច្បាស់ៗថាគ្មានការរកអ្នកថ្មីជំនួសលោកបៃដិនឡើយ។ ការថ្លែងដូច្នេះបន្ទាប់ពីក្រុមអ្នកសរសេរវិចារណកថានយោបាយរបស់កាសែតញូយ៉កថាមស៍ (New York Times) បញ្ចេញមតិរបស់ខ្លួនថាលោកបៃដិនគួរណាស់ដកខ្លួនពីបេក្ខភាពប្រធានាធិបតី។ គណបក្សប្រជាធិបតេយ្យយល់ថាបញ្ហាសំខាន់នៅពេលនេះគឺរកវិធីទប់ស្កាត់មិនឱ្យលោកត្រាំឡើងទៅកាន់អំណាចបាននៅអាណត្តិថ្មី មិនមែនត្រូវមកបន្តុះបង្អាប់លោកបៃដិនទេ។
វិចារណកថានយោបាយរបស់ញូយ៉កថាមស៍ជំរុញឱ្យលោកបៃដិនដកខ្លួនពីបេក្ខភាពប្រធានាធិបតី លោកបៃដិនកំពុងជួបជុំក្រុមគ្រួសារដើម្បីសម្រាកវិស្សមកាលនៅជំរំខេមដេវីដ (Camp David)។ កាសែតញូយ៉កថាមស៍បានដកស្រង់ប្រភពដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសារលោកបៃដិនមកចុះផ្សាយថាក្រុមគ្រួសារជំរុញឱ្យលោកបៃដិនកុំបោះបង់ចោលបេក្ខភាពប្រធានាធិបតីឱ្យសោះ ហើយត្រូវតែខំប្រឹងជាបន្តទៀត។ ញូយ៉កថាមស៍សរសេរថាគ្រួសាររបស់លោកបៃដិនមានកំហឹងមិនតិចទេចំពោះការរៀបចំមិនបានល្អឱ្យលោកបៃដិនទៅជជែកតតាំងគ្នាទាំងតតាក់តតុប។
មានចលនាអំពាវនាវឱ្យលោកបៃដិនដកខ្លួនពីបេក្ខភាពប្រធានាធិបតីកាន់តែច្រើនឡើងៗចាប់តាំងពីក្រោយការជជែកដេញដោលនោះ។ លទ្ធផលស្ទង់មតិរបស់ទូរទស្សន៍ស៊ីប៊ីអែស (CBS) បង្ហាញថាមន្ត្រីរបស់គណបក្សប្រជាធិបតេយ្យ១០%ថែមទៀតគិតថាលោកបៃដិនគួរដកខ្លួនថយ។ កាលពីមុន, អ្នកគិតដូច្នេះមាន៣៦%។ ឥឡូវនេះកើនឡើងដល់៤៦%។
លោករ៉ាហ្វែល វ៉ាណុក (Raphael Warnock) ជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋចចចាថ្លែងថាគណបក្សប្រជាធិបតេយ្យគ្មានផែនការរកអ្នកជំនួសលោកបៃដិនទេ ហើយលោកឈរនៅខាងលោកបៃដិនជានិច្ច។ «បេសកកម្មរបស់យើងគឺជំរុញឱ្យលោកបៃដិនបន្តដំណើររហូតដល់ថ្ងៃបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤»។
លោកហាគីម ចែហ្វហ្វ្រ៊ី (Hakeem Jeffries) ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យទទួលស្គាល់ថាលោកបៃដិនហាក់ដូចជាចាញ់ប្រៀបគេនៅក្នុងការតទល់មតិ។ ប៉ុន្តែការចាញ់នៅពេលនេះដើម្បីឈ្នះនៅពេលក្រោយទៀតប្រៀបដូចជាយុទ្ធសាស្ត្រថយក្រោយមួយជំហានដើម្បីទៅមុខដប់ជំហាន។ លោកគ្រីស ឃូន (Chris Coons) ជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋដឺឡាវែ (Delaware) ថ្លែងថាលោកបៃដិនចាំបាច់ណាស់ត្រូវតែឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីដើម្បីយកឈ្នះលោកត្រាំ។ សមាជិកព្រឹទ្ធសភារូបនេះជឿជាក់ថាមានតែលោកបៃដិនម្នាក់គត់ដែលមានក្រឡាអាចយកឈ្នះលោកត្រាំបាន។
មែនទែនទៅ, បើទុកជាមន្ត្រីជាន់ខ្ពស់របស់បក្សគាំទ្រលោក ឬមិនគាំទ្រលោកមិនសំខាន់ទេ។ សំខាន់គឺលោកបៃដិនខ្លួនឯងជាអ្នកសម្រេចចិត្ត។ បើលោកសម្រេចចិត្តថានៅ, គ្មាននរណាបង្ខំលោកបានឡើយ។ កាសែតញូយ៉កថាមស៍ចុះផ្សាយថាអ្នកដែលជំរុញឱ្យលោកបៃដិនតស៊ូនៅក្នុងរឿងនេះគឺលោកហាន់ថឺ បៃដិន (Hunter Biden) ជាកូនប្រុសរបស់លោកបៃដិនដែលត្រូវតុលាការកាត់ទោសកាលពីថ្ងៃទី១១ខែមិថុនាពីបទភូតកុហកនៅក្នុងសំណុំរឿងទិញកាំភ្លើងក្រោមឥទ្ធិពលគ្រឿងញៀន។
តាមមើលទៅ, គណបក្សប្រជាធិបតេយ្យបានប្រកាន់ជំហររឹងណាស់នៅក្នុងករណីរក្សាទុកលោកបៃដិន។ សូម្បីតែលោកត្រាំក៏មិនជឿថាលោកបៃដឹនសុខចិត្តដកខ្លួនថយដែរ។ ក្រោយការតទល់មតិនោះ គេគិតថាលោកបៃដឹននឹងដកខ្លួនថយនៅពេលដែលមិនទាន់ហួសពេល។ ប៉ុន្តែលោកត្រាំគិតផ្សេងពីនេះ។ យោងតាមលោកត្រាំ, នៅក្នុងគណបក្សប្រជាធិបតេយ្យមានតែលោកបៃដិនម្នាក់ប៉ុណ្ណោះដែលមានប្រៀបជាងអ្នកដទៃទៀត។
បើដកលោកបៃដិនដាក់អ្នកផ្សេង គណបក្សប្រជាធិបតេយ្យគ្មានសង្ឃឹមថាឈ្នះឆ្នោតទេព្រោះអ្នកដទៃទៀតរឹតតែអន់ជាងលោកបៃដឹនទៅទៀត។ លទ្ធផលស្ទង់មតិបង្ហាញថាអ្នកដទៃទទួលបានសំឡេងគាំទ្រតិចជាងលោកបៃដឹនឆ្ងាយណាស់។ បើស្ដាប់មើលទៅ, លោកបៃដិនក៏មិនមែនជាមនុស្សចង់ក្រាញអំណាច ឬចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីប៉ុន្មាន។ ប៉ុន្តែគាត់ធ្វើនេះដើម្បីផលប្រយោជន៍របស់បក្ស៕
ចែករំលែកព័តមាននេះ