ខេត្តពោធិ៍សាត់ ៖ ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ នៅលើផ្ទៃដីជាង២៥ហិកតា អតីតចំណតយន្ដហោះចាស់ (វាលសម្ដេចយស) ស្ថិតក្នុងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
លោក កែវ រតនៈ ចាត់ទុកពហុកីឡដ្ឋាននេះ ជាសំណង់ប្រវត្តិសាស្ត្រមួយរបស់ខេត្តពោធិ៍សាត់ ក្នុងយុគសម័យទំនើប។ ដើម្បីសុខភាព សុខុមាលភាព របស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន បានសម្រេចបង្កើតពហុកីឡដ្ឋាននេះឡើង ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក កែវ រតនៈ លើកឡើងថា ការបង្កើតពហុកីឡដ្ឋានសម្តេចតេជោក្រគរនេះ ពិតជាបានផ្តល់លទ្ធភាពឱ្យអង្គភាពរដ្ឋមួយ អាចមានស្វ័យភាព និងធ្វើសកម្មភាពក្រសោប សម្រាប់អភិវឌ្ឍវិស័យកីឡានៅក្នុងខេត្ត ក្រៅខេត្ត កាន់តែរីកចម្រើនបន្ថែមទៀត ព្រោះថា ជាបណ្តុំសហការគ្នា និងអភិវឌ្ឍន៍៍បន្តទៅរកភាពរីកចម្រើន កាន់តែខ្លាំងនាពេលខាងមុខ ។
លោក កែវ រតនៈ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងមន្ត្រីរាជការជាង២ម៉ឺននាក់ ដោយយកទីតាំងអតីតវាលយន្តហោះសម្តេចយស ឃុំស្នាអន្សានេះ ជាកន្លែងប្រារព្ធពិធី។ នៅពេលនោះ សម្តេចបានប្រកាសឲ្យរូបលោក ដែលកាលនោះជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា យកទីលានចំណតយន្តហោះវាលសម្ដេចយសស្រុកក្រគរ ដែលទុកចោលនេះ ធ្វើជាពហុកីឡដ្ឋានខ្នាតអន្តរជាតិ ដែលអាចធ្វើការប្រកួតកីឡាភូមិភាគខាងលិច នៃប្រទេសកម្ពុជា។ ឆ្លងតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន លោកបានសហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ធ្វើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារ និងសាលាបឋមសិក្សាមួយកន្លែង រួចរាល់ជាស្ថាពរ ក៍ឈានមកបើកការដ្ឋានសាងសង់នៅថ្ងៃនេះ។ លោកសង្ឃឹមថា ពហុកីឡដ្ឋាននេះ នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋក្នុងស្រុកក្រគរ ។
សូមបញ្ជាក់ថា ការសាងសង់ពហុកីឡដ្ឋានសម្តេចតេជោក្រគរ លើផ្ទៃដីប្រមាណ២៥ហិកតានេះ រួមមាន ៖ តារាងបាល់ទាត់ខ្នាតធំ ចំនួន២ តារាងបាល់ទាត់ខ្នាតតូចចំនួន៣ តារាងបាល់ទះចំនួន៦ តារាងបាល់បោះចំនួន៣ តារាងវាយសីចំនួន៤ ព្រមទាំងទីតាំងផ្សេងៗ សម្រាប់លេងកម្សាន្តជាច្រើនទៀត ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងលោកអភិបាល នៃគណៈអភិបាលខេត្ត បានជូនរបស់កំដរដៃដល់ប្រជាពលរដ្ឋចូលរួមចំនួន៧២០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស និងថវិកា៥ម៉ឺនរៀលផងដែរ ៕
ចែករំលែកព័តមាននេះ