ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរ រក្សាទុក ប្រើប្រាស់ និងកែឆ្នៃដោយខុសច្បាប់ នូវសារធាតុញៀន នៅក្រុងបាវិត ដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ។
ដោយអនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល មួយកន្លែងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន០៥នាក់(ស្រី០១នាក់) មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ដូ ទៀនទុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
២.ឈ្មោះ ឡុង ធឹងលឹម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
៣.ឈ្មោះ ង្វៀង ម៉ាន់ទៀន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្វន្នស្នាក់បណ្តោះអាសន្នបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
៤.ឈ្មោះ វ៉ាង ញីវិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទីតាំងបន្ទប់ជួល រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
និង៥.ឈ្មោះ ដង ធីភឿង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៣៥៦,៥១ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ២៥៤,៥៩ក្រាម
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ទម្ងន់២២,៦២ក្រាម
(សរុបសារធាតុញៀនទម្ងន់ ១៧៦១,៧១ក្រាម)
-សារធាតុមិនច្បាស់ ទម្ងន់ ២២៦៧,៤៩មក្រាម
–ម្សៅកញ្ចប់ម៉ាក Extrajossចំនួន ០៨ប្រអប់
–ទឹកថ្នាំម៉ាក Lyyfeeling ១០ដប
–ទឹកថ្នាំដប ពណ៌ទឹកដោះគោ ០៦ដប
-ម្សៅម៉ត់ពណ៌សម៉ាក Clearama ទម្ងន់ ២៥គីឡូក្រាម
-ទឹកអាល់កុល ២៥លីត្រ
-ជញ្ជីងថ្លឺងថ្នាំញៀន ០៣គ្រឿង
-ម៉ាស៊ីនអ៊ុតមាត់ថង់ ០៤គ្រឿង
-ម៉ាស៊ីនក្រឡុក ០៣គ្រឿង
-ម្សៅល្មៀត ០១ដប
-ទូរសព្ទដៃ ០៨គ្រឿង
-រថយន្ត ០១គ្រឿង
-ម៉ូតូ ០១គ្រឿង
-លិខិតឆ្លងដែន ០៣ក្បាល
–កាតធនាគារ ០៣
ព្រមទាំងឧបករណ៍កែឆ្នៃ សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៥ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ