ឧបករណ៍ភ្លេងខ្មែរមានច្រើនប្រភេទ ហើយសុទ្ធសឹងជាឧបករណ៍មានតម្លៃសម្រាប់ការប្រគុំភ្លេងខ្មែរ ក្នុងនោះក៏មានឧបករណ៍ភ្លេងមួយឈ្មោះថា «ស្គរ» ។ ក្នុងន័យថែរក្សានូវកេរតំណែលភ្លេងខ្មែរ បុរសម្នាក់បានខិតខំតស៊ូរៀនសូត្រអំពីរបៀបធ្វើស្គរពីឪពុកដើម្បីរក្សាកេរតំណែលដូនតារបស់ខ្លួន ។
ក្រឡេកទៅមើលទឹកដៃស្អាតវិញ យើងអាចនិយាយបានថា ពិតជាល្អអស្ចារ្យ ព្រោះថា បុរសម្នាក់នេះបានចំណាយពេលរាប់ឆ្នាំរៀនសូត្រពីឪពុក និងជីតា រហូតដល់ក្លាយខ្លួនជាអ្នកជំនាញក្នុងការធ្វើឧបករណ៍ទាំងស្គរខ្មែរ ពិសេស គឺទឹកដៃនៃការធ្វើស្គរក៏ល្អស្អាតមិនធម្មតា រហូតមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ។
កូនខ្មែររូបនេះ ចាប់យកអាជីពជាអ្នកធ្វើស្គរ ដោយសារតែការស្រឡាញ់ ចិត្តចង់ថែរក្សាស្នាដៃដូនតាខ្មែរ ហើយក៏ជាមុខរបរតជំនាន់របស់គ្រួសារ ដូច្នេះការដែលមានចិត្តចង់ថែរក្សាអភិរក្ស ជារឿងសំខាន់ កុំចាំដល់បាត់បង់ទើបស្តាយក្រោយ ។ ជាមួយនេះដែរ ឃើញថា ឧបករណ៍ដែលប្រសូតចេញពីទឹកដៃរបស់លោកមួយៗឃើញថា សែនល្អ លើសពីការរំពឹង ដែលទឹកដៃចេញមកមានក្បាច់រចនាគួរទីជាទាក់ទាញសមនឹងបទពិសោធន៍ដែលបានរៀនកាលពីកន្លងមក ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក ពៅ ពិសី ម្ចាស់សិប្បកម្មលក្ខណៈគ្រួសារធ្វើស្គរ ដែលស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះស្រែ ស្រុកឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ និយាយថា សិប្បកម្មធ្វើស្គរនេះជាមុខរបរតជំនាន់របស់គ្រួសារលោក តពីជីតាដល់ឪពុក និងរូបលោកផ្ទាល់ ។
លោកពិសីដែលជាសិប្បករមួយរូប បន្តជំនាញមួយនេះពីឪពុក ដោយសារតែការស្រលាញ់ចូលចិត្ត និងចង់ថែរក្សាស្នាដៃ ដែលបានបន្សល់ទុកពីដូនតាខ្មែរ ហើយលោកចាប់ផ្តើមជាមួយសិប្បកម្មធ្វើស្គរនៅឆ្នាំ២០១៥ គិតមកដល់បច្ចុប្បន្ន៩ឆ្នាំហើយ អាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានគួរសម្យ ។ លោកពិសីថា ឧបករណ៍មួយចំនួនទៀត មានបង្ហាញពីរចម្លាក់ក្បាច់ខ្មែរយ៉ាងស្រស់ស្អាត សម្រាប់វត្ថុធាតុដើមលោកទិញពីគេ ដូចជា ស្បែកក្របីសម្រាប់ធ្វើស្គរធំ ស្បែកគោសម្រាប់ធ្វើស្គរឆៃយ៉ាំ ហើយស្គរនេះផងដែរភាគច្រើនធ្វើពីដើមគគីរ និងមានឈើជាច្រើនទៀត ទៅតាមតម្រូវការក្នុងការផលិតរបស់លោក ។
ការធ្វើស្គរ និងឧបករណ៍មួយចំនួនទៀត លោកថា មិនលំបាកទេសម្រាប់លោក ដោយមូលហេតុផលថា លោកបានរៀនសូត្រនឹងសិក្សាស្វែកយល់ជាមួយឪពុកតាំងពីក្មេង ។ ចំពោះស្នាដៃចំណេះជំនាញដែលលោកឪពុកបានបន្សល់ទុកជាកេរដំណែល លោកពិសីថា ចង់អោយក្មេងជំនាន់ក្រោយបន្ត និងថែរក្សាស្នាដៃដូនតាខ្មែរបន្តទៀត ហើយលោកក៏មានការព្រួយបារម្ភផងដែរ ដោយសារតែរបរនេះទាល់តែស្រលាញ់ចូលចិត្ត មានការផ្ចិតផ្ចង់ទើបអាចធ្វើបាន។
គួរជម្រប់ដែរថា ស្នាដៃរបស់លោក ពិសី ពិតជាល្អរហូតមានការគាំំទ្រ ទាំងក្នុង និងក្រៅប្រទេស ក៏ដោយជាតាមបណ្តាលខេត្តនានា ដោយស្គរធំរបស់លោកពិតកងលឺកងរំពងចេញមកពីរោះរណ្តំ ៕ ដោយ៖ សែ សម
ចែករំលែកព័តមាននេះ