ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​អ៊ុយ​ក្រែន​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​សុខ​ជាតិ​រយៈ​ពេល​ដប់​ឆ្នាំ

4 ខែ មុន

ទី​ក្រុង​ហ្វាសាណូ៖​ ​​នៅ​ទី​បំផុត លោក​បៃដិន និង​លោក​ហ្សេឡិនស្គី​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិ​សុខ​ជាតិ​រយៈពេល​ដប់​ឆ្នាំ​​​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ ​​លោក​ទាំង​២​ចាត់​ទុក​ថា​នេះ​ជា​គោល​ចារឹក​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំង​២​។ ប៉ុន្តែ​គេ​គិត​ថា​ត្រឹម​តែ​កិច្ច​ព្រម​ព្រៀង​នេះ​តែ​១​មិន​ទាន់​​គ្រប់​គ្រាន់​ទេ​។ លោក​ហ្សេឡិន​ស្គី​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា​តើ​លោក​អាច​ពឹង​លើ​ជំនួយ​របស់ប្រទេស​អាមេរិក​រហូត​ដល់​ពេល​ណា​។​ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​អ៊ុយ​ក្រែន​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​បន្ថែម​ទៀត​ដើម្បី​​ការ​ពារ​ជន​ស៊ីវិល​អ៊ុយ​ក្រែន​ និង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​ជី​ប្រាំពីរ​…

ទី​ក្រុង​ហ្វាសាណូ៖​ ​​នៅ​ទី​បំផុត លោក​បៃដិន និង​លោក​ហ្សេឡិនស្គី​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិ​សុខ​ជាតិ​រយៈពេល​ដប់​ឆ្នាំ​​​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ ​​លោក​ទាំង​២​ចាត់​ទុក​ថា​នេះ​ជា​គោល​ចារឹក​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំង​២​។ ប៉ុន្តែ​គេ​គិត​ថា​ត្រឹម​តែ​កិច្ច​ព្រម​ព្រៀង​នេះ​តែ​១​មិន​ទាន់​​គ្រប់​គ្រាន់​ទេ​។ លោក​ហ្សេឡិន​ស្គី​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា​តើ​លោក​អាច​ពឹង​លើ​ជំនួយ​របស់ប្រទេស​អាមេរិក​រហូត​ដល់​ពេល​ណា​។​

លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​អ៊ុយ​ក្រែន​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​បន្ថែម​ទៀត​ដើម្បី​​ការ​ពារ​ជន​ស៊ីវិល​អ៊ុយ​ក្រែន​ និង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​ជី​ប្រាំពីរ​ (G7) ដែល​រៀ​ប​​ចំ​ឡើង​នៅ​ប្រទេស​អ៊ីតាលី​។

លោក​បៃដិន​ថ្លែង​ថា​គោល​បំណង​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ដើម្បី​ពង្រឹង​​វិស័យ​ការ​ពារ​ជាតិ​អ៊ុយ​ក្រែន និង​​ប្រព័ន្ធ​ទប់​ទល់។ លោក​ហ្សេឡិន​ស្គី​ចាត់​ទុក​ថា​នេះ​ជា​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ​​ដ៏​ពិត​ប្រាកដ​​១​។ គ្រាន់​តែ​ថា​លោក​មិន​ទាន់​អស់​ចិត្ត​ទេ​ថា​តើ​ប្រទេស​អាមេរិក និង​​​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត​បន្ត​ជួយ​អ៊ុយ​ក្រែន​រហូត​ដល់​ពេល​ណា​។​

លោក​ដាក់​ជា​សំណួរ​ថា​តើ​ពិភព​លោក​នឹង​មាន​ឯក​ភាព​គ្នា​រហូត​ដល់​ពេល​ណា? ជា​ពិសេស​ ការ​ឯក​ភាព​គ្នា​នៅ​ប្រទេស​អាមេរិក​​ និង​​អឺរ៉ុប​។ ​​លោក​ក៏​​ចង់​ដឹង​ដែរ​ថា​តើ​ការ​ឯក​ភាព​គ្នា​នេះ​អាច​នឹង​រង្គោះ​រង្គើ ឬ​ប្រែ​ប្រួល​ដែរ​ឬ​ទេ​នៅ​ពេល​លទ្ធ​ផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​អាច​នឹង​ប្រែ​ប្រួល​។ លោក​ចង់​មានន័យ​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ជួន​កាល​មាន​តែ​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ​។ បើ​លោក​បៃដិន​បន្ត​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​មិន​អី​ទេ​។ ប៉ុន្តែ​បើ​លោក​ត្រាំជាប់​ឆ្នោត​វិញ​​សេណារីយា​នឹង​ប្រែ​ប្រួល​។​

លោក​ហ្សេឡិន​ស្គី​ក៏​ឆ្លៀត​និយាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ចរិត​ឈ្លាន​ពាន​របស់រុស្ស៊ី​​ផង​ដែរ​។ លោក​ថ្លែង​ថា​បើ​អ៊ុយ​ក្រែន​ដួល​រលំ លោក​ហ៊ាន​និយាយ​ថា​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​ដទៃ​ទៀត​ក៏​ត្រូវ​តែ​ដួល​រលំ​ដូច​គ្នា​​។ ថ្មី​ៗ​នេះ​ ​អាមេរិក និង​អឺរ៉ុប​ឯក​ភា​ព​គ្នា​​​​ថា​នឹង​​​​​ផ្អិប​ទុក​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​ដ៏​មហា​សាល​ជា​បន្ត​ទៀតរហូត​ដល់​​​រុស្ស៊ី​យល់​ព្រម​សង​ការ​ខូច​ខាត​ដែល​ខ្លួន​បាន​បង្ក​ឡើង​ទៅ​លើ​អ៊ុយ​ក្រែន​។ ឥឡូ​វនេះ គេ​ឯក​ភាព​គ្នា​ថា​នឹង​បង្វិលទ្រព្យ​សម្បត្តិ​រុស្ស៊ី​៥០​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។

​រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ប្រទេស​រុស្ស៊ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទៀត លោ​ក​បៃដិន​ចាត់​ទុក​ថា​វិធាន​ការ​ទាំង​នេះ​ជា​សារ​នយោ​បាយ​ផ្ដាំ​ទៅ​លោក​ពូទីន​ថា​គាត់​ (លោក​ពូទីន) មិន​អាច​បំបែក​បំបាក់​សាមគ្គី​ភាព​របស់​ពួក​យើង​បាន​ឡើយ​។​ យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ, ​បស្ចិម​ប្រទេស​នឹង​ដក​លុយ​បន្តិច​ម្ដង​ៗ​ដែល​បាន​ពី​អត្រា​ការ​ប្រាក់​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​រុស្ស៊ី​ជាង​២៦០​ពាន់​លាន​ដុល្លារ​​។ ភាគ​ច្រើន​​នៃ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ត្រូវ​បាន​ផ្អិប​ទុក​នៅ​ទ្វីប​អឺរ៉ុប​​។ ទ្រព្យ​សម្បត្តិ​ទាំង​នេះ​អាច​យក​ធ្វើ​ជា​ទ្រព្យ​តម្កល់ ឬ​ទ្រព្យ​បញ្ចាំ​សម្រាប់​ឱ្យ​អ៊ុយ​ក្រែន​ខ្ចី​លុយ​ពី​ប្រទេស​អាមេរិក​​៥០​ពាន់​លាន​ដុល្លារ​​ និង​​ខ្ចី​ពី​ប្រទេស​ដទៃ​ទៀត​។

អ៊ុយ​ក្រែន​នឹង​ទទួល​បាន​សាច់​ប្រាក់​​ជា​បណ្ដើរ​ៗ​​ចាប់​ពី​ឆ្នាំ​២០២៤​នេះ​ត​ទៅ​​។ ប៉ុន្តែ​ការ​ដក​យក​ប្រាក់​ទៅ​ប្រើ​ប្រាស់​ត្រូវ​តែ​ធ្វើ​ឡើង​​មួយជំហាន​ម្ដង​ៗ​​។ នេះ​បើ​​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិ​បាល​អាមេរិក​។ ​អ៊ុយ​ក្រែន​អាច​យក​ប្រាក់​ដែល​បង្កក​ទុក​នោះ​ទៅ​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ សេដ្ឋ​កិច្ច​ មនុស្ស​​ធម៌ និង​ការ​ស្ដារហេដ្ឋា​រចនា​សម្ព័ន្ធ​ឡើង​វិញ​។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​ប្រទេស​ជី​ប្រាំ​ពីរ​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ ហើយ​នឹង​ទុក​ឱ្យ​នៅ​ចំហ​នូវ​គម្រោង​រឹប​អូស​ទ្រព្យ​សម្បត្តិ​បង្កក​របស់​រុស្ស៊ី​ទាំង​អស់​។ រហូត​មក​ដល់​ពេល​នេះ ក្រុម​សម្ព័ន្ធ​មិត្ត​មិន​ទាន់​និយាយ​ឱ្យ​បាន​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ​​​នៅ​ត្រង់​ចំណុច​នេះ​​។ មូលហេតុ​ដោយ​សារ​ពួក​គេ​ត្រូវ​គិត​ទៅ​ដល់នីត្យានុកូល​ភាព ឬ​ទិដ្ឋ​ភាព​ច្បាប់​ និង​ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ