រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៦-៧ ខែមិថុនា ឆ្នាំ ២០២៤ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី ៧ ឆ្នាំ ២០២៤ -The 7th BICC 2024 ស្តីពី “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី ១ ឆ្នាំ ២០២៤-The 1st BELTEI IU Research Forum 2024” ស្តីពី “តួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ សម្រាប់កំណើនសេដ្ឋកិច្ច-Role of Higher Education Institutions in Promoting Research and Innovation for Economic Growth” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិក -អគ្គនាយក ប៊ែលធីគ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកល វិទ្យាល័យ ប៊ែលធីអន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ព្រមទាំងមានការធ្វើបទបង្ហាញ ពីសាកលវិទ្យាល័យដៃគូចំនួន ៣៣ មកពី ១៨ប្រទេសជុំវិញពិភពលោក ជូនសិស្ស-និស្សិតប៊ែលធី និងអ្នកអាណាព្យាបាល ប្រមាណ ១២,០០០ នាក់ ចូលរួមផ្ទាល់និងតាមប្រព័ន្ធ Zoom ។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ បានមានប្រសាសន៍ថា BICC គឺជាសន្និសីទអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូ នៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលផ្តោតលើ ៧ ចំណុចសំខាន់ៗ៖
១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក ។
២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេសនិងក្រៅប្រទេស ។
៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានា ជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី ។
៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម ។
៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន ។
៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិត ប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេស ទៅបន្តការសិក្សានៅបរទេស ។
៧- ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ។
ឯកឧត្តមសាកលវិទ្យាធិការ បានបន្ថែមថា ដើម្បីចូលរួមលើកកម្ពស់គុណភាព នៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែមានប្រសិទ្ធភាពនិងស្តង់ដា ដែលមានការទទួលស្គាល់ជាអន្តរជាតិ សាកលវិទ្យាល័យក៏បានរៀបចំ “វេទិកាស្រាវជ្រាវ លើកទី ”១” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញនិងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងស្នាដៃសិក្សាស្រាវជ្រាវ ពីវាគ្មិនជាតិ-អន្តរជាតិជាច្រើនរូបផងដែរ ។
នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍ អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង គឺលោក កែវ ពិសិដ្ឋ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ San Mateo Colleges of Silicon Valley និងសាកលវិទ្យល័យ California នៃសហរដ្ឋអាម៉េរិក ព្រមទាំងការសម្តែងសិល្បៈ វប្បធម៌ប្រពៃណីជាតិខ្មែរ ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទ អំពីសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាពលេចធ្លោ នៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលសុទ្ធសឹងជាបណ្ឌិត-បញ្ញវន្ត មានចំណេះដឹងខ្ពង់ខ្ពស់ ប្រកប ដោយសីលធម៌ និងគុណធម៌ខ្ពស់ ដែលនឹងបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណគ្រឹះស្ថានសិក្សាទាំង ៣៣ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សា របស់សាកលវិទ្យាល័យខ្លួន ជូនដល់សិស្ស-និស្សិតកម្ពុជា ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC នឹងរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ