រាជធានីភ្នំពេញ ៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និងសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅការរកឃើញរបស់សង់ត្រាល់ ថា គ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិត នៃវិស័យកាត់ដេរនៅកម្ពុជា និងគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ ។ ការចេញេសេចក្តីថ្លែងការណ៍ និងប្រតិកម្មបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់បានចេញរបាយការណ៍កាលពីថ្ងៃទី ៤ ខែមិថុនាកន្លងទៅស្តីពីសេរីភាពសហជីពនៅកម្ពុជា ។
ក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានសង្កត់ធ្ងន់ថារបាយការណ៍សង់ត្រាល់ គ្រាន់តែជាផ្នែកមួយនៃព័ត៌មានបន្ថែមក្នុងការជំរុញឲ្យសេរីភាពសហជីពកាន់តែប្រសើរប៉ុណ្ណោះដែលមិនអាចតំណាងឱ្យស្ថានភាពនៃវិស័យកាត់ដេរនៅកម្ពុជានោះឡើយព្រោះសហជីពនៅកម្ពុជារួមទាំង CCAWDU និងសហជីពជាង ៦០០០ ផ្សេងទៀតកំពុងអនុវត្តសកម្មភាពរបស់ខ្លួន ទៅតាមច្បាប់ជាតិ និងអន្តរជាតិជាធម្មតា ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ៖ «សហជីពទូទៅនៅប្រទេសកម្ពុជា អាចអនុវត្តសកម្មភាពរបស់ខ្លួនបានទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ យើងអាចបញ្ជាក់ភស្តុតាងបានតាមវត្តមានរបស់ស៊ីខៅឌូ និង សកម្មភាពរបស់ខ្លួន ហើយក៏មានសហជីព និងសហព័ន្ធដែលបម្រើផលប្រយោជន៍ ជូនកម្មករ និយោជិតកំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ ។ ចំពោះបញ្ហា សេរីភាពសហជីពយើងបាន និងកំពុងជួបឧបសគ្គខ្លះៗ ដែលប្រទេសផ្សេងៗក៏ជួបដូចគ្នាដែរ ប៉ុន្តែយើងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗដូចជារាជរដ្ឋាភិបាល និយោជក ម្ចាស់ម៉ាក និងអង្គការដៃគូពាក់ព័ន្ធ (ILO-BFC) ជាដើម ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាបន្តបន្ទាប់ ។ ចំពោះកិច្ចការទំនាក់ទំនងវិជ្ជាជីវ:នៅក្នុងឧស្សាហកម្មកម្ពុជាមានស្ថានភាពល្អ និង អាចគ្រប់គ្រងបានដើម្បីលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍កម្មករ និយោជិត ឲ្យប្រសើរឡើង» ។
ទន្ទឹមនឹងនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មក (CUMW) លោកប៉ាវ ស៊ីណា វិញហៅរបាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដោយធ្វើការតែជាមួយសហជីពចំនួនពីរ និងធ្វើបទសម្ភាសន៍ជាមួយរោងចក្រ ១០ ប៉ុណ្ណោះ ដូចនេះមិនអាចចាត់ទុកត្រឹមត្រូវឡើយ ។ លោកប៉ាវ ស៊ីណា ៖ «ក្នុងរបាយការណ៍ ប្រើឈ្មោះ តែ ២ ស្ថាប័នប៉ុណ្ណោះ CATU & CCAWDU ហើយ យកគោលដៅតែ ១៤ រោងចក្រ ក្នុងចំណោម ជាង ៧០០ រោងចក្រ ជាសមាជិក BFC» ។
សម្រាប់ប្រធានសម្ព័ន្ធសហជីពចលនាកម្មក របាយការណ៍ដែលមិនឆ្លុះបញ្ចាំងស្ថានភាពពិតបែបនេះ មិនត្រឹមតែវាយប្រហារគម្រោងរោងចក្រកាន់តែប្រសើរ (BFC) ប៉ុណ្ណោះទេប៉ុន្តែកំពុងតែធ្វើឱ្យមានក្តីព្រួយបារម្ភដល់អ្នកបញ្ជាទិញ ។
ជាមួយគ្នានេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ព្រមានអង្គការសង់ត្រាល់មិនអាចយករបាយការណ៍ ដែលខ្លួនសហការធ្វើជាមួយនេះប្រើប្រាស់ ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះភាគីណាមួយឡើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ