(ចិន)៖ នារីចិនវ័យ២៦ឆ្នាំម្នាក់ មានការអប់រំនិងមានសម្រស់ស្រស់ស្អាត បានលាឈប់ពីការងារការិយាល័យ និងជ្រើសរើសចាប់អាជីពជាអ្នកចិញ្ចឹមជ្រូក ដែលទទួលបានប្រាក់ខែជាង៨០០ដុល្លារ ត្រូវបានអ្នកលេងបណ្តាញសង្គមចិន ចាប់អារម្មណ៍នឹងរឿងរ៉ាវនេះជាខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានចិន Sina News ស្ត្រីវ័យក្មេងដែលមានឈ្មោះ Zhou នេះមកពីខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញអក្សរសាស្ត្រ។ នាងបានធ្វើការនៅកសិដ្ឋានចិញ្ចឹមជ្រូកអស់រយៈពេលបីឆ្នាំមកហើយ ហើយលើកឡើងថានាងមិនមានការសោកស្តាយដែលបោះបង់ការងារក្នុងម៉ាស៊ីនមកធ្វើការនៅកសិដ្ឋាននេះ។
Zhou បានរំលឹកថា មុនពេលក្លាយជាអ្នកចិញ្ចឹមជ្រូក នាងបានធ្វើការជាបុគ្គលិកការិយាល័យនៅក្នុងទីក្រុង ជាមួយនឹងប្រាក់ខែខ្ពស់គួរសម។ ទោះជាយ៉ាងណានាងបានលាឈប់ពីការងារដោយសារមានភាពធុញទ្រាន់ និងសម្ពាធពេក បន្ទាប់ពីនោះនាងត្រូវបានមិត្តភក្តិម្នាក់ណែនាំពីការងារចិញ្ចឹមជ្រូកនៅក្នុងកសិដ្ឋាន។ ដំបូងឡើយ និស្សិតស្រីវ័យ២៦ឆ្នាំរូបនេះ មានការស្ទាក់ស្ទើរ ព្រោះនាងខ្លាចថា វាមិនមែនជាការងារយូរអង្វែង និងកង្វក់ខ្លាំង ហើយការងារនេះក៏មិនទទួលបានការគាំទ្រពីគ្រួសាររបស់នាងឡើយ។
ហើយការងារដំបូងរបស់នាងនៅកសិដ្ឋានគឺការតម្រៀបសុកជ្រូកដែលមានឈាម និងក្លិនស្អុយ ទោះបីជាយ៉ាងនេះក្ដី នាងនៅតែមិនចុះចាញ់។ ពេលនេះនាងក៏ត្រូវបានសហការីរបស់គាត់ស្គាល់ថាជាអ្នកជំនាញចិញ្ចឹមជ្រូកយ៉ាងប៉ិនប្រសប់។
នៅក្នុងវីដេអូមួយនៅលើ គណនី Douyin របស់នាង (បណ្តាញសង្គមចិន) នាងបាននិយាយថា «ប្រសិនបើអាចធ្វើទៅបាន ខ្ញុំគិតថាមនុស្សគួរតែព្យាយាមធ្វើការសម្រេចចិត្តដោយក្លាហាន ដូចជាការលាឈប់ពីការងារ ការស្លៀកពាក់មិនអើពើនឹងភ្នែកអ្នកដទៃដើម្បីធ្វើកិច្ចការដែលអ្នកស្រឡាញ់។»
យុវជនចិនកាន់តែផ្តល់អាទិភាពការងារដែលធ្វើឱ្យពួកគេសប្បាយចិត្តជាងការងារដែលនាំមកនូវប្រាក់ចំណូលខ្ពស់។
ហើយនេះមិនមែនជារឿងថ្មីឡើយដោយនៅខែមីនា ឆ្នាំ២០២៣ ស្ត្រីអាយុ៣០ឆ្នាំនៅភាគខាងកើតប្រទេសចិនបានឈប់ពីការងារដែលមានប្រាក់ខែខ្ពស់ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់នាងវិញដើម្បីដាំឪឡឹក៕
ចែករំលែកព័តមាននេះ