ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មី​ជាតិ ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​កុមារ​អូទីស្សឹម និង​ដោ​ន​ស៊ី​ន​ដ្រូ​ម នៅ​វិទ្យាល័យ​អប់រំ​ពិសេស ក្រុង​តា​ខ្មៅ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ២ ខែមេសា ឆ្នាំ ២០២៤ មី​ជាតិ បាន​រៀបចំ​កម្មវិធី «​ចែករំលែក​ក្ដី​ស្រឡាញ់​ជាមួយ​កុមារ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ២ ខែមេសា ឆ្នាំ ២០២៤ មី​ជាតិ បាន​រៀបចំ​កម្មវិធី «​ចែករំលែក​ក្ដី​ស្រឡាញ់​ជាមួយ​កុមារ អូ​ទី​ស្សឹម និង​ដោ​ន​ស៊ី​ន​ដ្រូ​ន​» នៅ​វិទ្យាល័យ​អប់រំ​ពិសេស ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ស្រប​ជាមួយ​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​យល់​ដឹង​ពី​អូ​ទី​ស្សឹម​ពិភពលោក ២ មេ​សា ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ដោយ គម្រោង​ខ្មែរ​ដើម្បី​ខ្មែរ របស់​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) ដែល​បាន​រៀបចំ​យ៉ាង​អធិកអធម និង​មាន​ចូលរួម​ពី​ដៃគូ​អាជីវកម្ម លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្ស​ប្រមាណ ៣៥០ នាក់ ។

ថ្ងៃ​ទី ២ ខែមេសា ត្រូវ​បាន​អង្គការសហប្រជាជាតិ កំណត់​យក​ជា​ទិវា​យល់​ដឹង​ពី​អូ​ទី​ស្សឹម​ពិភពលោក ។ ទិវា​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​តាំងពី​ឆ្នាំ ២០០៨ មក សម្រាប់​កម្រិត​ពិភពលោក និង​ចាប់ពី​ឆ្នាំ ២០១៤ មក សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។ អូ​ទី​ស្សឹម គឺជា​ជំងឺ​ដែល​មាន​កើតឡើង​យ៉ាង​ជាក់ស្តែង និង​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​សម្រាប់​លោក​អ្នកជា​ឪពុក​ម្តាយ​ផង និង​បុគ្គល​អ្នកជំងឺ​ផ្ទាល់​ផង ព្រោះ​វា​ជា​ទម្រង់​មួយ​នៃ​ពិការ​ភាព ។ ជា​មធ្យម​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ១៥០ កើត​ជំងឺ​នេះ​នៅ​លើ​ភព​ផែនដី ។

លោក ចាន់ សា​រិ​ន នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តា​ខ្មៅ និង​ជា​ប្រធាន​អង្គការ HHC បានឱ្យ​ដឹង​ថា សាលា​កុមារ​អូ​ទី​ស្សឹម​នៃ​អង្គការ HHC បាន​បង្កើត​ឡើង​ក្នុង​រយៈពេល ៩ ឆ្នាំ ហើយ​បាន​ប្រមូល​កុមារ​ពិការ​ភាព ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្សឹម ឱ្យ​បាន​ចូល​រៀន​ស្រប​តាម​កម្មវិធី​អប់រំ​ពិសេស ដោយ​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត និង​មន្ទីរ​សង្គមកិច្ច ក្នុង​ការ​រៀបចំ​សាលា​កុមារ​អូ​ទី​ស្សឹម បាន​ចំនួន ៥ ទីតាំង ដោយ​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ កាកបាទក្រហមកម្ពុជា ព្រម​សប្បុរស​ជនជាតិ និង​អន្តរជាតិ ។ ហើយ​សព្វ​ថ្ងៃនេះ​បាន​កែរ​សម្រួល​មក​ជា​វិទ្យាល័យ​អប់រំ​ពិសេស ដែល​មាន​កុមារ​ពិការ​ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្សឹម បាន​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ចំនួន ២០៥ នាក់ ស្រី ៦៨ នាក់ ។ បន្ថែម​ពី​នេះ លោកនាយក​ក៏​បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន មី​ជាតិ ដែល​បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ជួបជុំ​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​កូន​ៗ​កុមារ​អូ​ទី​ស្សឹម នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តា​ខ្មៅ ក្នុង​ទិវា​យល់​ដឹង​ពី​អូ​ទី​ស្សឹម​ពិភពលោក ព្រម​ជាមួយ​ការ​ពាំនាំ​នូវ​គ្រឿង​ឧបភោគបរិភោគ​ថវិកា និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ទៅ​ដល់​កូន​ៗ​ផង​ដែល ។

លោក​បន្ត​ថា បញ្ហា​ប្រឈម​របស់​វិទ្យាល័យ​អប់រំ ពិសេស​មានការ​ប្រឈម​មួយ​ចំនួន​ដូច​ជា ៖ ខ្វះ​អគារសិក្សា សម្ភារ និង​ធនធាន មនុស្ស​ជាដើម ។ ចាប់ពី​ឆ្នាំ ២០២៤ តទៅ ខ្ញុំបាទ​នឹង​បន្ត​ខិតខំ​រក​ជំនួយ​មក​សាសង់​សាលារៀន​បន្ថែម​ដើម្បី​ឆ្លើយ​តប​ទៅ​និង​សិស្ស​ចំនួន​ជិត ១៨០ នាក់​ដែល​កំពុង​រង​ចាំ និង​ស្វែងរក​ដៃគូ​អភិវឌ្ឍ​មក​ពី​ខាងក្រៅ​ប្រទេស​ដើម្បី​សម្រេច​គោលដៅ​ដ៏​សំខាន់​នេះ​ឱ្យ​បាន​សម្រេច​ជា​ស្ថាពរ​នៅ​បំណាច់​ឆ្នាំ ២០៣០ ។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) បាន​មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ ពី​តម្រូវការ​ចាំបាច់​នៃ​វិទ្យាល័យ គួប​ផ្សំ​ជាមួយ​ឱកាស​នៃ​ការ​ប្រារព្ធ ទិវា​យល់​ដឹង​ពី​កុមារ​អូ​ទី​ស្សឹម​ពិភពលោក ក្រុមការងារ មី​ជាតិ បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​នៅ​ជួបជុំ​មួយ​នេះ​ឡើង ដើម្បី​បាន​មក​ជម្រាបសួរ​សុខទុក្ខ​លោកគ្រូ អ្នកគ្រូ និង​ពាំនាំ​នូវ​សម្ភារ​ចំ​បាច់ រួម​មាន​គ្រឿង ៖​ឧបភោគបរិភោគ អម​ដោយ​សកម្មភាព​កម្សាន្ត​ដើម្បី​ចូលរួម​ចែករំលែក​ភាព​សប្បាយ​រីករាយ​ដល់​កូន​ៗ​ទាំងអស់ រួម​ទាំង​ជួយ​សម្រួល​ដល់​តម្រូវការ​ចាំបាច់ ក្នុង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​វិទ្យាល័យ​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​គឺ​ផ្តល់​នូវ​ការ​ស្រលាញ់​រាប់អាន និង​ភាព​កក់ក្តៅ​ចំពោះ​កូន​ៗ​កុមារ​អូ​ទី​ស្សឹម ។

បន្ថែម​ពី​នេះ លោក​ជំទាវ ក៏​បាន​ខ្ញុំ​អំពាវនាវ​ដល់ ឪពុក​ម្តាយ សូម​យកចិត្តទុកដាក់​និង​តាមដាន​ពី​សុខភាព កូន​ៗ ចាប់តាំងពី​ពេល​សម្រាល ប្រសិនបើ​មាន​សញ្ញា​មិន​ប្រក្រតី​ណាមួយ​សូម​រួសរាន់​ស្វែងរក​សេវា​ប្រឹក្សា​យោបល់ និង​វេជ្ជសាស្ត្រ​ឱ្យ​បាន​លឿន ដើម្បី​ធានា​ដល់​ការ​ព្យាបាល​កុមារ និង​កូន​ៗ​របស់​លោក​អ្នក​បាន​ទាន់​ពេលវេលា ។ ការ​ជួយ​កុមារ​បាន​ទាន់​ពេល​អាច​ជួយ​កុមារ​ឱ្យ​មានការ​រីក​ចម្រើន​សុខមាលភាព​ល្អ​ប្រសើរ​ទាំង​សមត្ថភាព​រាង​កាយ និង​បញ្ញា​ស្មារតី​របស់​ពួក​គេ ។

លោក​ជំទាវ​បន្ត​ថា មីជាតិ បាន​តាំងចិត្ត ក្នុង​ការ​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ដល់​ការ​បង្កើត​ឱ្យ​មាន​គម្រោង​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ចូលរួម​ដោះស្រាយ និង​ឆ្លើយ​តប​បញ្ហា​សង្គម លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ទូលំទូលាយ ។ ក្នុង​ឱកាស​នេះ​ផង​ដែល​ខ្ញុំ និង​ក្រុមការងារ​មី​ជាតិ បាន​នាំ​មក​ជូន​នូវ​សម្ភារ និង​ស្បៀងអាហារ​មួយ​ចំនួន​ជូន​វិទ្យាល័យ​អប់រំ​ពិសេស ក្រុង​តា​ខ្មៅ មាន​ដូច​ជា ៖ មី​ជាតិ វី​តា​ល់ ជា​ច្រើន​កេស​, អង្ករ​, សម្ភារសិក្សា និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា កម្មវិធី​សួរសុខទុក្ខ​ផ្តល់​អំណោយ​មនុស្សធម៌ ក្នុង​ឱកាស​ទិវា​យល់​ដឹង​ពី​កុមារ​អូ​ទី​ស្សឹម​ពិភពលោក ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន មី​ជាតិ នេះ​កើតឡើង​បាន​ក៏​ដោយសារ​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន និង​អ្នក​ប្រើប្រាស់​ផលិតផល​មី​ជាតិ ដែល​ជា​មី​ឆ្អិន​ស្រាប់​មុន​ដំបូង​គេ​នៅ​កម្ពុជា និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា រសជាតិ​បែប​ខ្មែរ បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ សម្រាប់​ប្រជាជន​កម្ពុជា ។ មី​ជាតិ ប្តេជ្ញា​បន្ត​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​សង្គម និង​សប្បុរសធម៌​នានា​បន្ត​ទៀត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ៕ អត្ថបទសហការ