ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Forbes បញ្ជីសម្រាំងប្រចាំឆ្នាំ «ស្ត្រីដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក»

8 ខែ មុន

អន្តរជាតិ ៖ ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹក

អន្តរជាតិ ៖ ដូចដឹងស្រាប់ហើយថា ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភព​លោកប្រារព្ធពិធីដើម្បីរំលឹកការអបអរសាទរ ដោយឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាពរបស់ស្ត្រីនិងបុរសត្រូវមានភាពស្មើគ្នា នៅក្នុងសង្គមគ្រួសារ និងនៅលើគ្រប់វិស័យ នយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង វិស័យផ្សេងៗទៀត។

សមត្ថភាពដឹកនាំរបស់ស្ត្រីលើកិច្ចការ និងតួនាទីធំៗ ក៏មិនចាញ់បុរសផងដែរ ដែលជាហេតុនាំទស្សនាវដ្ដីពាណិជ្ជកម្មសហរដ្ឋអាម៉េរិក Forbes ដែលល្បីល្បាញទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ២០០៤ មក បានធ្វើការបោះពុម្ពផ្សាយបញ្ជីប្រចាំឆ្នាំដែលចេញរៀងរាល់ចុងឆ្នាំ ដោយបង្ហាញអំពីស្ត្រីដ៏មានឥទ្ធិពលបំផុតទាំង១០០រូប នៅលើពិភពលោក ហើយបញ្ជីនេះ ចងក្រងដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យផ្សេងៗពីអ្នកជំនាញដូចជា ការតាមដានលើកិច្ចការបុគ្គល ក៏ដូចជារឿងរ៉ាវទាក់ទងនឹងសេដ្ឋកិច្ច។

ជាក់ស្តែង ការបោះពុម្ពផ្សាយចុងក្រោយនៃបញ្ជីស្ត្រីមានឥទ្ធិពលបំផុតទាំង១០០រូប នៅលើពិភព​លោករបស់ទស្សនាវដ្ដី Forbes គឺកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ។ ដើម្បីរំលឹកដល់ថ្ងៃទិវានារីអន្តរជាតិ៨ មីនា កន្លងទៅ ដោយក្នុងនោះសារព័ត៌មានកោះសន្តិភាព សូមធ្វើការដកស្រង់តែស្ត្រីកំពូលទាំង១០រូបប៉ុណ្ណោះ នៅក្នុងចំណោម១០០រូបប្រចាំឆ្នាំ ២០២៣។

១០. លោកស្រី Melinda French Gates ៖ ជនជាតិអាម៉េរិក អាយុ៥៩ឆ្នាំ គឺជាស្ត្រីដ៏មានឥទ្ធិពលបំផុតម្នាក់ នៅក្នុងការងារសប្បុរសធម៌ ហើយលោកស្រីក៏ជាសហប្រធាននៃមូលនិធិ Bill and Melinda Gates ផងដែរ។ នៅក្នុងខែឧសភា ឆ្នាំ ២០២១ មហាសេដ្ឋីអាម៉េរិក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងលោកស្រី Melinda Gates បានប្រកាសអំពីការលែងលះគ្នា ប៉ុន្តែនៅតែជាសហប្រធាននៃមូលនិធិដដែល។

បន្ទាប់ពីបានប្រកាសលែងលះគ្នា លោក Bill Gates បានផ្ទេរភាគហ៊ុនយ៉ាងហោចណាស់ ៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនសាធារណៈជាច្រើនទៅឱ្យលោកស្រី Melinda ហើយជាផ្នែកមួយនៃបេសកកម្មរបស់មូលនិធិ ដើម្បីជួយមនុស្សទាំងអស់ឱ្យមានសុខភាពល្អ ជីវិតប្រកបដោយផលិតភាព លោកស្រីបានលះបង់ការងារជាច្រើន ដើម្បីសិទ្ធិស្ត្រី និងកុមារី។

៩. លោកស្រី Mary Barra ៖ ជនជាតិអាម៉េរិក អាយុ៦២ឆ្នាំ គឺជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត GM ចាប់តាំងពីឆ្នាំ ២០១៤។ លោកស្រីគឺជាស្ត្រីដំបូងគេ ដែលដឹកនាំក្រុមហ៊ុនផលិតរថយន្តធំ GM ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំទាំង៣នៅអាមេរិក។ លោកស្រីបានបណ្តាក់ទុនរាប់ពាន់លានដុល្លារទៅលើរថយន្តអគ្គិសនី និងរថយន្តបើកបរដោយស្វ័យប្រវត្តិ។ ក្រុមហ៊ុន GM បានប្រកាសកាលពីចុងឆ្នាំ ២០២៣ ថា ក្រុមហ៊ុនមានគោលបំណងផលិតរថយន្តអគ្គិសនី ១លានគ្រឿង នៅចុងឆ្នាំ ២០២៥ ។

លោកស្រី Barra បានចាប់ផ្តើមធ្វើការដំបូងនៅក្រុមហ៊ុន GM ក្នុងឆ្នាំ ១៩៨០ ដែលចេញពីនិស្សិតក្នុងកម្មវិធីសហប្រតិបត្តិរបស់ក្រុមហ៊ុន។ ផ្នែកដំបូងដែលលោកស្រីធ្វើការគឺម៉ាកយីហោ Pontiac Motors ។ លើសពីនេះទៀត លោកស្រីគឺជាប្រធាននៃសមាគមលើកកម្ពស់សេដ្ឋកិច្ចអាមេរិក Business Roundtable ដែលជាបណ្តុំនៃ CEO សាជីវកម្មដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏អង្គុយនៅលើកៅអីក្រុមប្រឹក្សាភិបាលសម្រាប់ក្រុមហ៊ុន Walt Disney ផងដែរ។

៨. លោកស្រី Abigail Johnson ៖ ជនជាតិអាម៉េរិក អាយុ៦២ឆ្នាំ បានបម្រើការជានាយកប្រតិបត្តិក្រុមហ៊ុនឈ្មួញកណ្តាល Fidelity Investments តាំងពីឆ្នាំ ២០១៤ នៅពេលដែលលោកស្រីបានចូលកាន់តំណែងជំនួសឪពុក ហើយបានក្លាយជាប្រធានចាប់តាំងពីឆ្នាំ ២០១៦។ ជីតាលោកស្រីមានឈ្មោះថា Edward Johnson II បានបង្កើតមូលនិធិដ៏ធំ មានមូលដ្ឋាននៅទីក្រុងបូស្តុន (Boston) នៅក្នុងឆ្នាំ ១៩៤៦ ។

លោកស្រី Abigail មានភាគហ៊ុនប្រមាណ ២៨.៥% នៃក្រុមហ៊ុន ដែលគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣ ដែលគ្រប់គ្រងលើទ្រព្យសកម្មសរុបចំនួន ៤.៥ទ្រីលានដុល្លារ។ លោកស្រីបានប្រឡូកនៅក្នុងវិស័យរូបិយបណ្ណគ្រីបតូក្នុងឆ្នាំ ២០១៨ ហើយក្រុមហ៊ុន Fidelity បានចាប់ផ្តើមវេទិកាមួយដែលអនុញ្ញាត​ឱ្យវិនិយោគិនស្ថាប័នធ្វើពាណិជ្ជកម្ម Bitcoin និង Ether។

៧. លោកស្រី Jane Fraser ៖ ជនជាតិអង់គ្លេស សញ្ជាតិអាម៉េរិក អាយុ៥៧ឆ្នាំ គឺជានាយកប្រតិបត្តិដ៏យូររបស់ក្រុមហ៊ុនធនាគារវិនិយោគអាម៉េរិក Citigroup។ លោកស្រីត្រូវបានតែងតាំងជាអ្នកស្នងតំណែង CEO របស់លោក Michael Corbat នៅក្នុងឆ្នាំ ២០២០ ហើយបានចូលកាន់តំណែងជាផ្លូវការនៅខែមីនា ឆ្នាំ ២០២១ ដោយឈរនៅក្នុងនាមជានាយកប្រតិបត្តិស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ Citigroup ហើយក៏ជាស្ត្រីដំបូងគេមិនធ្លាប់មានពីមុនមក ដែលតំណែងធំនៅធនាគារ Wall Street។

មុនពេលត្រូវបានតែងតាំងជា CEO របស់ក្រុមហ៊ុន Citigroup លោកស្រី Fraser បានបម្រើការជាប្រធាន Citigroup និងជានាយកប្រតិបត្តិនៃ Global Consumer Banking។ ចាប់តាំងពីចូលរួមជាមួយ Citigroup នៅក្នុងឆ្នាំ ២០០៤ លោកស្រីបានដឹកនាំក្រុមជាច្រើន រួមទាំងយុទ្ធសាស្ត្រសាជីវកម្ម និងការរួមបញ្ចូលគ្នា ក៏ដូចជាការបញ្ចេញស្នាដៃប្រកបដោយប្រសិទ្ធភាព អំឡុងពេលមានវិបត្តិហិរញ្ញវត្ថុ។

៦. លោកស្រី Karen Lynch ៖ ជនជាតិអាម៉េរិក អាយុ៦០ឆ្នាំ បានឡើងកាន់តំណែងកំពូលនៅក្រុមហ៊ុនសេវាថែទាំសុខភាព CVS Health កាលពីខែកុម្ភៈ ឆ្នាំ ២០២១។ លោកស្រីបានចូលរួមជាមួយ CVS Health ជាអនុប្រធានប្រតិបត្តិ នៅពេលដែលបញ្ចប់ការទិញយកក្រុមហ៊ុន Aetna លើទឹកប្រាក់ ៧០ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១៨។ នៅឆ្នាំ ២០២៣ លោកស្រីបានដឹកនាំការទិញយកក្រុមហ៊ុនផ្តល់សេវាថែទាំបឋម Oak Street Health និងអ្នកឯកទេសថែទាំសុខភាពតាមផ្ទះ Signify Health នៅក្នុងតម្លៃ ១០ពាន់លានដុល្លារ និង ៨ពាន់លានដុល្លារ។

លោកស្រី Lynch ក៏ជាសមាជិកសមាគម Business Roundtable, វេទិកាសេដ្ឋកិច្ចពិភពលោក WEF ក៏ដូចជាសម្ព័ន្ធសកលសម្រាប់តម្លៃក្នុងក្រុមប្រឹក្សាប្រតិបត្តិផ្នែកថែទាំសុខភាព ហើយក៏ជាផ្នែកមួយនៃក្រុមប្រឹក្សាស្ត្រីនៃមហាវិទ្យាល័យ Boston ផងដែរ។

៥. កញ្ញា Taylor Swift ៖ ជនជាតិអាម៉េរិក អាយុ៣៤ឆ្នាំ គឺជាកំពូលតារាចម្រៀងដ៏ល្បីរបស់ពិភពលោក បានក្លាយជាសេដ្ឋិនីប្រាក់ពាន់លានដុល្លារ នៅខែតុលា ឆ្នាំ ២០២៣ ដោយសារប្រាក់ចំណូលពីកម្មវិធីប្រគំតន្ត្រីទេសចរណ៍ Eras និងតម្លៃលើកាតាឡុកចម្រៀង ឬចម្រៀងទាំងអស់របស់នាង។ Taylor Swift គឺជាតារាចម្រៀងដំបូងគេ ដែលបានបង្កើតចំណាត់ថ្នាក់កំពូលៗជាច្រើននៅលើវិស័យមួយនេះ ដោយផ្អែកលើបទចម្រៀង និងការប្រគំតន្ត្រីរបស់នាង។

ទ្រព្យសម្បត្តិរបស់ Taylor Swift មានប្រមាណ ១.១ពាន់លានដុល្លារ ដែលភាគច្រើនរកបានតាមរយៈការប្រគំតន្ត្រីទេសចរណ៍ បូករួមទាំងកាតាឡុកចម្រៀងរបស់នាង។ តម្រូវការសម្រាប់សំបុត្រទស្សនាការប្រគំតន្ត្រី Eras Tour ឆ្នាំ ២០២៣ របស់នាងបានគ្របដណ្ដប់យ៉ាងខ្លាំងលើក្រុមហ៊ុន Ticketmaster ដែលជំរុញឱ្យសមាជិកសភាអាម៉េរិកចោទសួរអំពីការផ្អាកដំណើរក្រុមហ៊ុនលើការលក់សំបុត្រការប្រគំតន្ត្រី ខណៈដែលប្រទេសជាច្រើនដណ្ដើមគ្នាទិញសិទ្ធិ សម្រាប់ការប្រគំតន្ត្រីដ៏អស្ចារ្យនេះ។

៤. លោកស្រី Giorgia Meloni ៖ ជនជាតិអ៊ីតាលី អាយុ៤៧ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដោយក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រអ៊ីតាលី។ លោកស្រីក៏ជាប្រធានគណបក្សស្តាំនិយម Brothers of Italy ដោយបានចូលកាន់តំណែង នៅខែមីនា ឆ្នាំ ២០១៤។

ស្ថិតនៅអាយុ១៥ឆ្នាំ លោកស្រីបានចូលរួមជាមួយក្រុមយុវជននៃចលនាសង្គមអ៊ីតាលី ដែលជាគណបក្សមួយ ត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រអតីតមេដឹកនាំផ្តាច់ការរបស់ប្រទេសអ៊ីតាលី លោក Benito Mussolini ហើយដែលត្រូវបានពិពណ៌នាថា ពួកហ្វាស៊ីសនិយម។

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ លោកស្រីគាំទ្រសំណើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយផ្ទាល់។ លោកស្រីបានហៅកំណែទម្រង់នេះថា កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយអស្ថិរភាពនយោបាយរបស់ប្រទេសអ៊ីតាលី។

៣. លោកស្រី Kamala Harris ៖ ជនជាតិអាម៉េរិក អាយុ៥៩ឆ្នាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ បានក្លាយជាស្ត្រីជនជាតិស្បែកខ្មៅដំបូងគេ និងជាជនជាតិអាម៉េរិកដើមកំណើតអាស៊ីខាងត្បូងដំបូងគេ ដែលក្លាយជាអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក។

យ៉ាងណាមិញ មិនមែនជារឿងចម្លែកទេសម្រាប់លោកស្រី ដោយក្នុងឆ្នាំ ២០១៦ លោកស្រីគឺជាស្ត្រីជនជាតិអាម៉េរិកដើមកំណើតឥណ្ឌាដំបូងគេ ដែលជាប់ឆ្នោតជាសមាជិកាព្រឹទ្ធសភាសហរដ្ឋអាម៉េរិក តំណាងរដ្ឋកាលីហ្វ័រញ៉ា (California)។ នៅក្នុងឆ្នាំ ២០១០ លោកស្រីបានក្លាយជាស្ត្រីជនជាតិអាម៉េរិកដើមកំណើតអាហ្រ្វិកដំបូងគេ និងជាស្ត្រីដំបូងគេ ដែលបម្រើការជាអគ្គមេធាវីរបស់រដ្ឋកាលីហ្វ័រញ៉ា។

លោកស្រី Kamala Harris បានកើតនៅទីក្រុងអូកលែន (Oakland) រដ្ឋកាលីហ្វ័រញ៉ា ដែលឪពុកម្ដាយជាជនអន្តោប្រវេសន៍ ដោយម្ដាយមកពីប្រទេសឥណ្ឌា និងឪពុកមកពីប្រទេសចាម៉ៃកា។ ក្នុងនាមជាអតីតនិស្សិតសាកលវិទ្យាល័យដ៏ល្បី Howard លោកស្រីគឺជានិស្សិតបញ្ចប់ការសិក្សាដំបូងគេនៃ មហា វិទ្យាល័យ ឬសាកលវិទ្យាល័យ ដែលមានប្រវត្តិជាជនជាតិស្បែកខ្មៅ ដើម្បីកាន់តំណែងជាអនុប្រធានាធិបតី។

២. លោកស្រី Christine Lagarde ៖ ជនជាតិបារាំង អាយុ៦៨ឆ្នាំ បានក្លាយជាស្ត្រីដំបូងគេបំផុត ដែលកាន់តំណែងជាប្រធានធនាគារកណ្ដាលអឺរ៉ុប នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ឆ្នាំ២០១៩ ហើយនៅក្នុងនាមជាប្រធានគោលនយោបាយរូបិយវត្ថុអឺរ៉ុប លោកស្រីបានប្រឈមមុខនឹងការសាកល្បងសមត្ថភាពដ៏សំខាន់មួយ ដើម្បីធានានូវកំណើនសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងបរិយាកាសអតិផរណាខ្ពស់។

ចាប់ពីឆ្នាំ ២០១១ រហូតដល់ពាក់កណ្តាលឆ្នាំ ២០១៩ លោកស្រីបានដំណើរការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលធ្វើការដើម្បីធានាស្ថិរភាពនៃប្រព័ន្ធរូបិយវត្ថុពិភពលោក។ នៅក្នុងការវិភាគវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ លោកស Lagarde បានចង្អុលទៅលើការគិតដ៏ចាស់កំរិល នៅក្នុងឧស្សាហកម្មដែលដឹកនាំដោយបុរស ហើយបានអំពាវនាវឱ្យមានការធ្វើកំណែទម្រង់យេនឌ័រ។

១. លោកស្រី Ursula von der Leyen ៖ ជនជាតិអាល្លឺម៉ង់ អាយុ៦៥ឆ្នាំ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការអឺរ៉ុប កាលពីខែកក្កដា ឆ្នាំ ២០១៩ ដែលជាសាខាប្រតិបត្តិនៃសហភាពអឺរ៉ុប EU។ លោកស្រីគឺជាស្ត្រីដំបូងគេ ដែលកាន់តំណែងដ៏ធំនេះ ដែលទទួលខុសត្រូវចំពោះច្បាប់សម្រាប់ប្រជាជនអឺរ៉ុបជាង ៤៥០លាននាក់។

ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៩ លោក von der Leyen បានបម្រើការក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី Angela Merkel ដែលពេលនោះគឺជាអធិការបតីអាល្លឺម៉ង់ ហើយក៏ជាអាណត្តិដ៏យូរបំផុតនៃសមាជិកគណៈរដ្ឋមន្ត្រី។ សម្រាប់រយៈពេល៦ឆ្នាំចុងក្រោយនៃពេលវេលាលោកស្រីក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី Angela Merkel លោកស្រី von der Leyen បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់។

លោកស្រីក៏បានដឹកនាំកញ្ចប់ថវិកាសង្គ្រោះអ្នកប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ចំនួន​៧៥០ ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០២២ លោកស្រីបានក្លាយជាអ្នកគាំទ្រប្រទេសអ៊ុយក្រែនដ៏រឹងមាំបំផុតរបស់បស្ចិមប្រទេស ចំពេលមានការឈ្លានពានដោយមិនញញើតរបស់ប្រទេស​រុស្ស៊ី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ