រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់ផ្តល់ជូននូវការបំពេញបែបបទ និងនីតិវិធីការអនុញ្ញាតឱ្យជនបរទេស ធ្វើការនៅកម្ពុជានៅលើប្រព័ន្ធអនឡាញ ។ នេះបើតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នេះ ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមប្រព័ន្ធអនឡាញនេះ និយោជក ឬជនបរទេសអាចស្នើសុំសរវា មានដូចជា ទី១. លិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (សម្រាប់និយោជក) ទី២. ការចុះបញ្ជិកាកិច្ចសន្យាការងារជនបរទេស (សម្រាប់និយោជក) និងទី៣. បណ្ណការងារ និងសៀវភៅការងារជនបរទេស (សម្រាប់សាមីជនបរទេស)។ ទម្រង់បំពេញបែបបទ និងនីតិវិធីទាំងនេះត្រូវបានក្រសួងការងារដាក់នៅលើគេហទំព័ររបស់ក្រសួងផ្ទាល់ ដើម្បីសម្រួលដល់និយោជក និងជនបរទេសប្រើប្រាស់គ្រប់ពេលវេលានៅលើប្រព័ន្ធអ៊ីនធើណេត រួមទាំងមានជាភាសារអង់គ្លេសផងដែរ។
ឯកឧត្តមបន្តថាប្រព័ន្ធគ្រប់គ្រងជនបរទេសតាមប្រព័ន្ធអនឡាញ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ទៅដល់ជនបរទេសនូវសេវាកម្មទាំងអស់ ដែលទាក់ទងនឹង បណ្ណ និងសៀវភៅការងារ និងសេវាកម្មនៃច្រកចេញចូលតែមួយ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅលើប្រព័ន្ធអ៊ីនធើណេត ។
ឯកឧត្តមគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងពលករបរទេសតាមប្រព័ន្ធអនឡាញ នេះគឺជាការធ្វើទំនើបកម្មសេវាកម្មបែបឌីជីថល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមផែនការយុទ្ធសាស្ត្រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ ស្តីអំពីការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ក៏ដូចជាស្របតាមយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ