រាជធានីភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធអាកា១ក្រុមថ្មីទៀតបានបន្តសំរុកចូលទៅក្នុងលំនៅឋានប្រជាពលរដ្ឋចាប់ម្ចាស់ចង និងគំរាមបាញ់សំលាប់ប្លន់យកលុយ និងគ្រឿងអលង្ការមានតំលៃមួយចំនួន រួចគេចខ្លួនបាត់។ នេះគឺជាអំពើប្លន់ដែលបង្កឡើងដោយចោរប្រដាប់អាវុធអាកាថ្មីមួយទៀត បន្ទាប់ពីក្រុមចោរកាំភ្លើង AK ដែលធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើកក្នុងខណ្ឌដង្កោត្រូវប៉ូលិសខណ្ឌបង្ក្រាបបាន១សំបុកកាលពីសបា្តហ៍មុននេះ។ ហេតុការណ៍លើកក្រោយកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១០ នៅផ្ទះលក់គុយទាវ និងកាហ្វេស្ថិតនៅតាមបណ្តោយផ្លូវអូរដឹមកប់ស្រូវក្នុងភូមិភ្លូរផ្អែម សង្កាត់គោករកា ខណ្ឌដង្កោ។
ម្ចាស់ផ្ទះនោះប្តីឈ្មោះអន កុសល អាយុ៤២ឆ្នាំ ត្រូវចោរចាប់ចងស្លាបសេក និងប្រពន្ធឈ្មោះជួន ចន្ថា អាយុ៣០ឆ្នាំ ជាអ្នកលក់គុយទាវ និងកាហ្វេ ។ ទ្រព្យសម្បត្តិដែលត្រូវចោរប្លន់យកទៅនោះមានលុយចំនួន៥០០ដុល្លារ ក្រវិលពេជ្រ១គូតំលៃ៥០០ដុល្លារ ខ្សែ.កប្លាទីន១ខ្សែតំលៃ៥០០ដុល្លារ និងទូរស័ព្ទដៃម៉ាកសូនីអេរិចសាន់១គ្រឿងតំលៃ២០០ដុល្លារ។ ចំណែកឯក្រុមចោរប្លន់មានគ្នាពី៥ទៅ៦នាក់ ស្លៀកពាក់សីុវិលបិទម៉ាស់មុខ ប្រដាប់ដោយកាំភ្លើងអាកាមួយដើម និងកាំភ្លើងខ្លី១ដើម ។ តាមសំដីម្ចាស់ផ្ទះប្រាប់សមត្ថកិច្ចថា កាំភ្លើងខ្លីនោះចោរអត់ដកចេញទេ គឺដាក់ក្នុងហោប៉ៅខោ ឯកាំភ្លើងអាកាមានក្រូម៉េកាណុងពណ៌សទៀតផងដែលសមត្ថកិច្ចសង្ស័យថា អាចជាកាំភ្លើងជ័រ ប៉ុន្តែទោះបីជាបែបណាក្តីមិនអាចមិនភ័យខ្លាចបានឡើយនៅចំពោះចុងកាណុងបែបនេះ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះទាំងពីរនាក់ប្តី ប្រពន្ធ និងក្រុមគ្រួសារបានអង្គុយហូបបាយ និងមើលទូរទស្សន៍នៅក្នុងផ្ទះ ដោយមិនបានបិទទ្វារទេ ។ ពេលនោះស្រាប់តែក្រុមចោរសំរុកចូលទៅខាងក្នុងផ្ទះ ហើយប្រើកាំភ្លើងអាកាភ្ជង់គំរាមបាញ់សំលាប់ រួចចាប់បុរសជាប្តីចងរុញចូលទៅក្នុងបន្ទប់ទាំងអស់គ្នា ហើយពួកគេបានរើកកាយ និងដោះយកគ្រឿងអលង្ការ និងលុយសរុប១.៥០០ដុល្លារ បន្ទាប់មកនាំគ្នាគេចខ្លួនយ៉ាងប្រញាប់ប្រញាល់ទៅបាត់។ មានការកត់សំគាល់ថា នៅទល់មុខផ្ទះកើតេហតុនោះមានកំលាំងយោធាយាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមានអាវុធដែរ ប៉ុន្តែពុំបានដឹងថា លំនៅឋាននោះត្រូវចោរចូលប្លន់ទេ។កំលាំងយោធាបានឃើញក្រុមចោររត់ចេញពីផ្ទះកើតេហតុដែរ តែនឹកស្មានថា ក្មេងៗឈ្លោះវាយតប់គ្នា លុះពេលក្រុមចោរទៅបាត់អស់ទើបដឹងរឿងច្បាស់ ព្រោះពេលនោះម្ចាស់ផ្ទះមិនបានស្រែកឱ្យជួយឡើយដោយខ្លាចចោរបាញ់សំលាប់។
ប្រភពព័ត៌មានបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ូលិស និងប៉េអឹមខណ្ឌដង្កោដឹកនាំផ្ទាល់ដោយលោកគិត សុផា អភិបាលខណ្ឌទៅរុករកក្រុមចោរប្លន់ ប៉ុន្តែពុំបានប្រទះឃើញឡើយ។ នេះគឺជាអំពើប្លន់ និងបង្កឡើងដោយក្រុមចោរប្លន់អាកាថ្មីទៀតដែលបានអុកឡុកលំនៅឋានប្រជាពលរដ្ឋខណ្ឌដង្កោ បន្ទាប់ពី ក្រុមចោរប្លន់អាកាដែលតែងតែប្លន់យ៉ាងកក្រើកពីមុន ហើយត្រូវប៉ូលិសខណ្ឌដង្កោដឹកនាំដោយលោកប៊ន សំអាត អធិការប៉ូលិសខណ្ឌចាប់បានកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងដាក់គុកព្រៃស។ កាលណោះប៉ូលិសចាប់បាន៣នាក់នៅសល់បក្សពួកចោរ៣នាក់ទៀតកំពុងគេចខ្លួន។ ទោះបីជាបែបណាចោរប្លន់ពេលនេះត្រូវគេសង្ស័យថា ជាក្រុមចោរប្លន់ថ្មីមួយទៀត ហើយភាគច្រើនជាជនស្ទាវទៀតផងមានចាស់តែម្នាក់ប៉ុណ្ណោះដែលគេសង្ស័យថាជាមេខ្លោង។ សមត្ថកិច្ច និងអាជ្ញាធរខណ្ឌដង្កោសង្ស័យថា អំពើប្លន់នេះអាចកើតចេញពីរឿងគំនុំ ព្រោះតាមការបំភ្លឺពីជនរងគ្រោះឱ្យដឹងថា កន្លងមកក្រុមគ្រួសាររបស់គាត់ធ្លាប់មានទំនាស់ជាមួយអ្នកជួលផ្ទះយ៉ាងស្រួចស្រាល់ ហើយបានមួយរយៈពេលក៏កើតមានសកម្មភាពប្លន់បែបនេះតែម្តង ៕
ចែករំលែកព័តមាននេះ