«នាយករដ្ឋមន្ត្រីថៃប្រកាសជាចំហថាសេដ្ឋកិច្ចជាតិកំពុងធ្លាក់ទៅក្នុងវិបត្តិហើយ។ លោកសន្យាថានឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជំរុញសម្ទុះសេដ្ឋកិច្ចឡើងវិញតាមយន្តការរបស់រដ្ឋាភិបាល។»
ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាក់វិស៊ីន ថ្លែងនៅថ្ងៃពុធនេះថាលោកមានជំនឿថាស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃកំពុងតែធ្លាក់ទៅក្នុងវិបត្តិហើយ (គេច្រើនចំណាំហៅថាវិបត្តិសេដ្ឋកិច្ច)។ លោកថ្លែងបន្តទៀតថារដ្ឋាភិបាលត្រៀមដាក់ចេញវិធានការបន្ទាន់មួយចំនយនដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញបន្ថែមពីលើយន្តការដែលមានស្រាប់។
នៅចំពោះមុខអ្នកសារព័ត៌មាន, លោកសេដ្ឋាបញ្ជាក់ម្ដងទៀតថាស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃកំពុងធ្លាក់ទៅក្នុងវិបត្តិ។ លោកថ្លែងថាបើធនាគារជាតិយល់ផ្សេងពីលោកក៏ស្រេចតែការគិតរបស់គេទៅចុះ។ ប្រសាសន៍របស់នាយករដ្ឋមន្ត្រីថៃធ្វើឡើងបន្ទាប់ពីអគ្គទេសាភិបាលធនាគារជាតិថៃថ្លែងកាលពីម្សិលមិញថាវិធានការជំរុញសម្ទុះសេដ្ឋកិច្ចជាតិនឹងមិនអាចដោះស្រាយបញ្ហាដែលជាធាតុទ្រទ្រង់សំខាន់ៗនៅក្នុងវិស័យសេដ្ឋកិច្ចថៃបានឡើយ ក្នុងនាមថៃជាប្រទេសសេដ្ឋកិច្ចលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍។
សម្រាប់ឆ្នាំ២០២៤នេះ, ប្រទេសថៃធ្លាប់ព្យាករថានឹងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៣,២%។ ប៉ុន្តែឥឡូវនេះដោយសារមើលស្ថានការណ៍ក្នុងស្រុក និងស្ថានការណ៍ពិភពលោកហាក់ដូចជាមិនសូវស្រួលទាល់តែសោះ ដូច្នេះ រដ្ឋាភិបាលបញ្ចុះអត្រាព្យាករនេះមកនៅត្រឹម២,៨%។ មូលហេតុដោយសារអត្រានាំទំនិញចេញពីប្រទេសថៃទៅលក់នៅប្រទេសដទៃថយចុះ និងម៉្យាងទៀតអ្នកទេសចរបរទេសក៏មិនសូវធ្វើដំណើរកម្សាន្តនៅប្រទេសថៃដូចការរំពឹងទុក។
អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃតិចជាងការរំពឹងទុកមែន។ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចថៃជាទូទៅមិនធ្លាក់ចុះក្នុងវិបត្តិដូចការអះអាងរបស់រដ្ឋាភិបាលទេ។ ខាងលើនេះជាការថ្លែងរបស់អគ្គទេសាភិបាលធនាគារជាតិថៃ។ អគ្គទេសាភិបាលរូបនេះកំពុងទទួលរងសម្ពាធពីនាយករដ្ឋមន្ត្រីថៃព្រោះមិនព្រមបញ្ចុះអត្រាការប្រាក់ ទោះបីអតិផរណាធ្លាក់ចុះយ៉ាងណាក្ដី។
លោកនាយករដ្ឋមន្ត្រីសេដ្ឋាថាក់វិស៊ីន ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ ធ្លាប់បានប្រាប់អគ្គទេសាភិបាលរូបនេះថាកាលណាធនាគារកំណត់ការប្រាក់បញ្ញើខ្ពស់ពេកបែបនេះ វានឹងធ្វើឱ្យប៉ះពាល់ខ្លាំងចំពោះវិស័យធុរកិច្ច។ លោកជំរុញឱ្យធនាគារជាតិបញ្ចុះអត្រាការប្រាក់បច្ចុប្បន្នដែលមាន២,៥%។ នេះជាអត្រាខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេល១ទសវត្សចុងក្រោយ។
រដ្ឋាភិបាលថៃសន្យាថានឹងដាក់ចេញវិធានការមួយចំនួនដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះ មានគម្រោងចែកកាបូបលុយឌីជីថល (digital wallet) ដែលមានប្រាក់សរុបជាង១៤ពាន់លានដុល្លារសម្រាប់ប្រជាជនថៃ។ ពួកគេអាចយកលុយទៅទិញទំនិញនៅក្នុងតំបន់ដែលពួកគេរស់នៅដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។ លោកសេដ្ឋាថ្លែងថាការកាត់បន្ថយអត្រាការប្រាក់ជាកិច្ចការរបស់ធនាគារជាតិ។ ប៉ុន្តែក្រៅពីគោលនយោបាយចែកកាបូបលុយឌីជីថលនេះ នៅមានគោលនយោបាយមួយចំនួនទៀតដែលត្រូវដាក់ចេញ៕
ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/thai-pm-economy-is-crisis-2024-01-24/
ចែករំលែកព័តមាននេះ