រាជធានីភ្នំពេញ ៖ គិតមកដល់ពេលនេះ មានកងកម្លាំងនគរបាលជាតិជាង៧០នាក់ ហើយត្រូវបានបណ្តេញចេញពីក្របខណ្ឌក្នុងចំណោមជាង៧០នាក់នេះ គឺមានជាង៤០នាក់ត្រូវបណ្តេញចេញដោយសារបានរកឃើញថា មានប្រើប្រាស់សាធាតុញៀន។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអោយកោះសន្តិភាពដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា «បើតាមទិន្នន័យជា រួមមានកងកម្លាំងនគរបាលជាតិដែរ នាយរងវិន័យមានចំនួនសរុបជាង៨០នាក់ក្នុងនោះមានជាង៧០នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ហើយក្នុងចំណោមជាង៧០នាក់ហ្នឹង គឺមានជាង៤០នាក់ត្រូវបាន រកឃើញមានសារធាតុញៀននៅក្នុងខ្លួន ហើយក្រៅពីនេះ មានចំនួន៩នាក់ត្រូវដកមុខតំណែង និងបន្ថយឋានន្តស័ក្ត»។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា មន្ត្រីដែលបានរកឃើញថា មានសារធាតុញៀននេះ មានតួនាទី និងឋានៈចាប់ពីនារងការិយាល័យចុះទៅ ។ សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនេះ បន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញនូវសេចក្ដីប្រកាសលុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។
មន្ត្រីពន្ធនាគារដែលត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបមាន៖ ១-លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ អត្តលេខ០៣៣៥ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១។ ២-លោកវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ អត្តលេខ០៣៥១ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី។ ៣-លោកវរអគ្គានុរក្សថ្នាក់លេខ៣ គង់ ដារ៉ា អត្តលេខ២០០៤ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល។ ៤-លោកអនុរក្សថ្នាក់លេខ២ កេង ស៉ីឌុន អត្តលេខ៣០០៩ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល។ ៥-លោកអនុរក្សថ្នាក់លេខ៣ ខ្ចៅ សិរីរ័ត្ន អត្តលេខ៣០៦៣ មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ ។
លោកបណ្ឌិតទូច សុឃៈ ធ្លាប់បានគូសបញ្ជាក់ថា កម្លាំងនគរបាលជាតិខាងលើ ត្រូវបានស្នងការនគរបាលជាតិស្នើជាបន្ទាន់មកកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យកងកំលាំងនគរបាលជាតិលេខ០០៦ ពោលគឺស្នើបណ្តេញចេញពីក្របខណ្ឌតែម្ដង។ ឯកឧត្តម ស សុខា បានចេញប្រកាសបណ្តេញមន្ត្រីនគរបាលទាំងនេះ ដោយអនុវត្តនូវអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា សម្រាប់កងកំលាំងនគបាលជាតិ ចំណុះ បណ្ដាអង្គភាពផ្សេងៗនៃក្រសួងមហាផ្ទៃ គឺនៅតែបន្តធ្វើយុទ្ធនាការនេះ ជាដំណាក់កាលៗបន្តទៀត។ បើតាមការអះអាងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា ចំពោះការធ្វើតេស្តរកសារធាតុញៀននេះ គឺកងកម្លាំងប្រដាប់អាវុធទាំងអស់មានការសប្បាយរីករាយហើយចូលរួមយ៉ាងសកម្ម និងស្ម័គ្រចិត្តក្នុងការមកធ្វើតែស្តរកសារធាតុញៀននេះ។
ចំពោះរកឃើញសារធាតុញៀននេះ បើប្រៀបធៀបនឹងកងកំលាំងនគរបាលទាំងអស់ គឺមានចំនួនតិចតួចបំផុតដែលនេះបញ្ជាក់នគរបាលជាតិ បានស្គាល់អំពីច្បាប់ អនុវត្តច្បាប់ យល់ពីបទបញ្ជា អនុវត្តបទបញ្ជា អនុត្តវិន័យ និងភារកិច្ច និងយល់ច្បាស់ពីភាពគំរូក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ដល់មហាជន យុវជន យល់ច្បាស់ពីហានិភ័យនៃគ្រោះថ្នាក់ ដែលកើតឡើងដោយសារតែពាក់ព័ន្ធនឹងគ្រឿងញៀន ឬការប្រើប្រាស់គ្រឿងញៀន។
លោកបណ្ឌិតបានអះអាងថា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីនិងជាពិសេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កកម្លាំងក្ដី មន្ត្រីស៊ីវិលក្ដី មន្ត្រីពន្ធនាគារក្ដីនឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនៅគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃច្បាប់ពាក់ព័ន្ធនិងលិខិតបទដ្ឋាននានារួមទាំងក្រមសីលធម៌វិជ្ជាជីវៈក្រោមពាក្យស្លោកថា អ្វីៗដើម្បីប្រជាពលរដ្ឋ។
សូមជម្រាបផងដែរថា មិនថាតែក្រសួងមហាផ្ទៃនោះទេ ដែលបណ្តេញកម្លាំងនគរបាលជាតិចេញពីក្របខណ្ឌពាក់ព័ន្ធនឹងការរកឃើញសាធាតុញៀនក្នុងខ្លួន ។ ក្រសួងការពារជាតិ ក៏បានបណ្តេញមន្ត្រីជានាយទាហាន ដែលពាក់ព័ន្ធនឹងគ្រឿងញៀនចេញពីក្របខណ្ឌផងដែរ ជាបន្តបន្ទាប់ផងដែរ ។ ជាក់ស្តែង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្រេចបណ្តេញនាយទាហានចំនួន២នាក់ទៀត ចេញពីក្របខណ្ឌយោធា ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិ ដែលចុះហត្ថលេខាដោយឯកឧត្តម ទៀ សីហា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា នាយទាហានទាំង២នាក់ ដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌយោធារួមមាន៖ ១-វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក ។ ទី២-វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ១៩៦៨៤៧ មេបញ្ជាការរងមូលដ្ឋានកងរាជអា វុធហត្ថ ខណ្ឌជ្រោយចង្វា បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ