រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុគ្គលិកប្រុសស្រីចំនួន៤នាក់ ក្នុងចំណោម៥នាក់ ដែលបំរើការនៅក្នុងខុនដូមួយកន្លែង បាននាំគ្នាតវ៉ា ខណៈពេលដែលម្ចាស់ខុនដូបានបណ្តេញពួកគាត់ចេញ ដោយមិនបើកប្រាក់ខែឱ្យ និងថែមទាំងដកយកទូរស័ព្ទរបស់ពួកគាត់ចំនួន៥គ្រឿងយកទៅរក្សាទុកថែមទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅចំណុចខុនដូមួយកន្លែង ផ្លូវ១៣៥ កែងផ្លូវ៤៦៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសម្ដីបុគ្គលិកស្រីប្រុសខាងលើ បានប្រាប់ឱ្យដឹងថា «ពួកគាត់បានមកបំរើការនៅក្នុងខុនដូ ដែលមានអ្នកខ្លះធ្វើជាចុងភៅ អ្នកខ្លះធ្វើជាកូនកាំបិ.ត និងមានអ្នកខ្លះទៀតធ្វើជាសន្តិសុខ។ លុះមកដល់ម៉ោង៧យប់ ថៅកែដែលជាជនជាតិចិនក៏បានដេ.ញពួកគាត់ចេញបញ្ឈប់ពីការងារ ដោយមិនបានបើកប្រាក់ខែឱ្យនោះទេ ហើយថែមទាំងដកហូតទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ទុកថែមទៀត រួចចោ.ទប្រកា.ន់ថា ពួកគាត់បានលួ.ចខោអាវ និងសម្ភារៈនៅខុនដូខាងលើទៀត»។
ទោះបីជាយ៉ាងណា ពួកគាត់បានបញ្ជាក់ថា «ខោអាវទាំងនេះ គឺមានជនចិនម្នាក់ដែលធ្វើការនៅខុនដូខាងលើ គឺជាអ្នកឱ្យពួកគាត់ ហើយខោអាវទាំងនេះ ជាខោអាវចាស់ៗតែប៉ុណ្ណោះ មិនមែនខោអាវថ្មីនោះទេ»។
គួរបញ្ជាក់ថា ចំពោះករណីខាងលើនេះដែរ ពួកគាត់នាំគ្នាតវ៉ាទាមទារនេះ គឺមិនចង់បានអ្វីនោះទេ ក្រៅពីប្រាក់ខែ ទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់មកវិញតែប៉ុណ្ណោះ ។
ពាក់ព័ន្ធក្នុងករណីនេះដែរ ក៏មានតំណាងខាងក្រុមហ៊ុនខុនដូ បានបញ្ជាក់ប្រាប់ថា «ខាងខុនដូ គឺមានកាមេរ៉ាសុវត្ថិភាពដែលថតបានបុគ្គលិកទាំង៥នាក់នោះនាំគ្នាធ្វើសកម្មភាពលួ.ចខោអាវ និងសម្ភារៈផ្សេងៗយកចេញមកក្រៅប្រហែលជា៣ទៅ៤ដងមកហើយ។ ចំណែកខាងក្រុមហ៊ុន ក៏ធ្លាប់ធ្វើការព្រមា.នជាច្រើនលើកមកហើយដែរ ប៉ុន្តែពួកគេនៅតែមិនស្តាប់។
អ្នកតំណាងខាងក្រុមហ៊ុនខុនដូ បញ្ជាក់ទៀតថា «ហើយនៅថ្ងៃកើតហេតុ ពួកគាត់ទាំងនោះ បានធ្វើសកម្មភាពដដែលទៀត ទើបខាងក្រុមហ៊ុនខុនដូបណ្តេញចេញតាំងពីវេលាម៉ោង៧ល្ងាច ហើយសន្យាថា ថ្ងៃស្អែកនឹងបើកលុយឱ្យពួកគាត់ ក៏ស្រាប់តែយប់ឡើងពួកគាត់ទាំង៤នាក់ ក្នុងចំណោម៥នាក់ នាំគ្នាត្រឡប់មកវិញ រួចធ្វើការតវ៉ាតែម្ដងទៅ»។
ហេតុការណ៍នេះដែរ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុសួរនាំរួចហើយ ក៏នាំអ្នកទាំងនោះយកទៅធ្វើការដោះស្រាយគ្នាជាមួយតំណាងខាងខុនដូខាងលើផងដែរ។
ក្រោយពេលកើតហេតុ តំណាងខាងខុនដូ បានយល់ព្រមបើកប្រាក់ខែ និងឱ្យទូរស័ព្ទទៅអ្នកទាំង៤នាក់វិញ ដើម្បីបញ្ចប់រឿង៕
ចែករំលែកព័តមាននេះ