ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំលៀក​បំពាក់​ប្រពៃណី​បុរាណ​ថៃ គ្រោង​ស្នើ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​​វប្បធម៌អង្គការយូណេស្កូ

10 ខែ មុន

ប្រទេស​ថៃ ៖ ក្រសួង​វប្បធម៌​ថៃ គ្រោង​ស្នើ​បន្ថែម​សំលៀក​បំពាក់​ប្រពៃណី​បុរាណ​ថៃ សម្រាប់​ការ​ចុះបញ្ជី​

ប្រទេស​ថៃ ៖ ក្រសួង​វប្បធម៌​ថៃ គ្រោង​ស្នើ​បន្ថែម​សំលៀក​បំពាក់​ប្រពៃណី​បុរាណ​ថៃ សម្រាប់​ការ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក Kowit Pakamart អគ្គនាយក​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​វប្បធម៌ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុ​ស្តិ៍ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣​។

ជា​ជំហាន​ឆ្ពោះទៅ​រក​ការ​បញ្ជូន​សំណើ​ទៅ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ នាយកដ្ឋាន​ផ្សព្វផ្សាយ​វប្បធម៌​ថៃ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ កន្លង​ទៅ បាន​បើក​វគ្គ​បំផុសគំនិត​មួយ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ថៃ​ជាមួយ​មនុស្ស​ដែល​ចូលរួម​ក្នុង​គម្រោង​មួយ ដើម្បី​ចងក្រង​ព័ត៌មាន​អំពី​សំលៀក​បំពាក់​ប្រពៃណី​បុរាណ​ថៃ​។

លោក Kowit បាន​ថ្លែង​ថា សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ថៃ មិន​ដូច​របស់​ជនជាតិ​ដទៃ​ទេ គឺ​មាន​តែ​មួយ​គត់​នៅ​ក្នុង​ការ​រចនា និង​សម្ភារៈ ដែល​បាន​បង្ហាញ​ពី​សិល្បៈ​ហត្ថកម្ម​ដែល​ឆ្លុះ​បញ្ចាំង​ពី​តំបន់​ផ្សេង​ៗ​នៃ​ប្រទេស​។ សម្រាប់​ស្ត្រី សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​មាន ៨ ប្រភេទ​សំខាន់​ៗ​។ ព្រះ​មហាក្សត្រិយានី​ថៃ Sirikit បាន​ផ្តួចផ្តើម​ស្រាវជ្រាវ​លើ​ការ​ស្លៀកពាក់​នារី​ថៃ​ក្នុង​សម័យ​ផ្សេង​ៗ​គ្នា ដើម្បី​រចនា​ម៉ូ​ដ​សំលៀក​បំពាក់​សម្រាប់​ពាក់​ពេល​អមដំណើរ​ព្រះមហាក្សត្រ Bhumibol Adulyadej នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​កាលពី ៦០​ឆ្នាំ​មុន​។

ដោយឡែក សម្រាប់​បុរស សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​មាន ៣ ប្រភេទ​ធំ​ៗ សម្រាប់​ពាក់​នៅ​ក្នុង​ឱកាស​ផ្សេង​ៗ​គ្នា​។ លោក Kowit បាន​លើក​ឡើង​ថា ការ​ស្លៀកពាក់​បែប​ប្រពៃណី​បុរាណ​ថៃ​ក៏​ជា​បទដ្ឋាន​សង្គម​សម្រាប់​ប្រជាជន​ថៃ​ផង​ដែរ ដើម្បី​បង្ហាញ​ថា ពួក​គេ​ស្រឡាញ់​ប្រពៃណី និង​វប្បធម៌​របស់​ពួក​គេ​។

លោក​សាស្ត្រាចារ្យ Saowatharn Phoklad នាយក​វិទ្យាស្ថាន​ក៏​បាន​លើក​ឡើង​ថា វិទ្យាស្ថាន​ស្រាវជ្រាវ Thai Khadee នៃ​សាកលវិទ្យាល័យ Thammasat បាន​ទទួល​ការ​គាំទ្រ​ពី​នាយកដ្ឋាន​ផ្សព្វផ្សាយ​វប្បធម៌ ដើម្បី​ចងក្រង​មូលដ្ឋាន​ទិន្នន័យ​ស្តី​ពី​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ថៃ​សម្រាប់​សំណើ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​ក្រុម​សិក្សា​របស់​វិទ្យាស្ថាន​កំពុង​ចងក្រង​ព័ត៌មាន និង​សម្ភាស​អ្នក​ដែល​មាន​ទំនៀមទំលាប់ ដែល​ជាប់​ទាក់ទង​នឹង​បេតិកភណ្ឌ​វប្បធម៌​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ ជា​ពិសេស​សំលៀក​បំពាក់​ប្រពៃណី​បុរាណ​ថៃ​។

គួរ​បញ្ជាក់​ថា កាលពី​ដើមខែ​នេះ អង្គការ​យូ​ណេ​ស្កូ​ទើបតែ​ដាក់​បញ្ចូល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ថៃ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ខ្លួន ខណៈ​លោ្ខ​ន​ខុន​ថៃ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ ២០១៨ ម៉ាស្សា​បែប​ថៃ​នៅ​ឆ្នាំ ២០១៩ និង​របាំ​ណូ​រ៉ា​នៅ​ឆ្នាំ ២០២១៕ (​ប្រភព ៖ បាងកក​ប៉ុ​ស្តិ៍​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ