ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្តល់​អនុសាសន៍​ ១០ ​ចំណុច​ ដើម្បី​ជា​មូលដ្ឋាន​លើ​ការ​ពិភាក្សា​ការងារ​សមរម្យ​ នៅ​កម្ពុជា ២០២៤-២០២៨

11 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ នេះ ផ្តល់​អនុសាសន៍​ចំនួន ​១០​ ចំណុច ​ទៅ​កាន់​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ត្រីភាគី​ថ្នាក់​ជាតិ​ស្ដី​ពី ​«​ការ​រៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០២៤-២០២៨» ​ជា​មូលដ្ឋាន​គ្រឹះ​ក៏​ដូច​ជា​ធាតុ​ចូល​ សម្រាប់​អង្គ​សិក្ខាសាលា​ សម្រាប់​កិច្ច​ពិភាក្សា​ ដើម្បី​ធានា​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា​ ។

អនុសាសន៍​ទាំង​ ១០ ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់​ជាតិ​ស្តី​ពី​ “​ការ​រៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ​ឆ្នាំ​២០២៤-២០២៨” ​ដែល​ប្រារ​ព្ឋ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ដែល​មានការ​ចូលរួម​ពី​លោក Oktavianto Pasaribu នាយករង​នៃ​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ និង​លោក​សំ សឿ​ន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​សហជីព​ សម្រាប់​កម្មវិធី​ការងារ​សមរម្យ​ ប្រចាំ​នៅ​កម្ពុជា​(NTUC) និង​លោក​ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA)​ ។

អនុសាសន៍​ទាំង​ ១០​ ចំណុច​នោះ ​រួម​មាន៖ ១, ការ​កសាង​ជំនឿ​ទុកចិត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​មក​លើ​ប្រសិទ្ធភាព​ការងារ​របស់​ប្រតិបត្តិ​ករ​របស់​ក្រសួង។ ទី​២, ការ​បង្កើត​អនុ​ឡោម​ភាព​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​សុខភាព​(OSH)។ ទី​៣, ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ (​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​)។ ទី​៤, ការ​ពង្រីក​វិសាលភាព​បេឡា​សន្តិសុខ​សង្គម។ ទី​៥, ពលករ​ទេសន្តរប្រវេសន៍។ ទី​៦, ការ​លុប​បំបាត់​ចោល​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ។ ទី​៧, កាតព្វកិច្ច​ហ្វឹកហ្វឺន​កូនជាង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​សិក្ខាកាម។ ទី​៨, ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​គោលដៅ​១,៥​លាន​នាក់។ ទី​៩, ការ​លើកកម្ពស់​យេ​ន​ឌឺ​ ដល់​កម្មករនិយោជិត​ជា​ស្ត្រី ​តាម​គោលការណ៍​សមធម៌។ ទី​១០, ការ​ពង្រឹង​យន្តការ​ត្រីភាគី​ ។

ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី អនុសាសន៍ ​១០ ​ចំណុច ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ស្រប​ទៅ​តាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ប្រកាស​ដាក់​ចេញ​តាំងពី​ដើម​អាណត្តិ​ ។

មុន​នឹង​បញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី បាន​រំពឹង​ទុក​ថា ការ​ពិភាក្សា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់​ជាតិ ស្តី​ពី​ការ​រៀបចំ​កម្មវិធី​ការងារ​សមរម្យ​ ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៤-២០២៨ នឹង​ឈរ​លើ​ពិភាក្សា​ ដែល​យក​ឧត្តម​ប្រយោជន៍​របស់​កម្មករនិយោជិត ​ប្រមាណ ​១០​ លាន​នាក់​នៅ​កម្ពុជា ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ធាតុ​ចូល ​ក្នុង​ផែនការ​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល​ ៕ អត្ថបទសហការ