ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Aida Bella បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង២០០០នាក់ចូលចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
នាវាទេសចរណ៍បរទេស Aida Bella មានបណ្តោយ ២៣០ម៉ែត្រ ទទឹង៣២ម៉ែត្រ ជម្រៅទឹក ៧.៣ម៉ែត្រ បានធ្វើដំណើរចាកចេញពីប្រទេសសិង្ហបុរី ចូលសំចតនៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១២ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនាវា នេះមាន គម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៦រសៀល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា Aida Bella មានចំនួន ២ ០០៥នាក់ ស្រីចំនួន ១ ០៤៨នាក់ មាន ២៥សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៦៣១នាក់ ស្រី ១១២នាក់ មាន ២៧សញ្ជាតិ។
ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ Aida Bella ធ្វើដំណើរ ទស្សនកិច្ចនៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សារលើ រមណីយដ្ឋានវប្បធម៌ មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក(ភូមិ៣) និងតាមតំបន់ ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។
ការចូលចតរបស់នាវាទេសចរណ៍នៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុនាពេលនេះ បង្ហាញពីរដូវប្រាំងចូលមកដល់ ព្រោះជារៀងរាល់ឆ្នាំចាប់ពីខែវិច្ឆិកា មាននាវាទេសចរណ៍បរទេសតែងតែនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ធ្វើដំណើរចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជារដូវពុំសូវមានហានិភ័យដោយសារតែភ្លៀងព្យុះតាមសមុទ្រ។
សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ក៏មាននាវាទេសចណ៍ របរទេសមួយគ្រឿងនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ១០០០នាក់ ចូលចតធ្វើទស្សន កិច្ចរយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុផងដែរ៕
ចែករំលែកព័តមាននេះ