ខេត្តត្បូងឃ្មុំ ៖ ដោយមើលឃើញអាកាសធាតុមានការបម្រែបម្រួលពីមួយឆ្នាំទៅមួយឆ្នាំ នៅតាមដងផ្លូវក្នុងភូមិទី៧ ឃុំរកាខ្នុរ និងភូមិសោយឃុំប៉ើស១ ស្រុកក្រូចឆ្មារ ដែលមានចម្ងាយប្រមាណ៤០០០ម៉ែត្រ ត្រូវបានអាជ្ញាធរដាំដើមឈើជម្រុះ ដើម្បីបង្កើតជាម្លប់ត្រឈឹងត្រឈៃតាមដងផ្លូវ។ ដើមឈើពិតជាមានអត្ថប្រយោជន៍ជួយស្រូបកំដៅ និងបញ្ចេញអុកស៊ីសែននៅពេលថ្ងៃទៀតផង។
លោកសយ ទូច អភិបាលស្រុកក្រូចឆ្មារប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៣ ថា
ចំពោះដើមឈើដែលដាំតាមដងផ្លូវ ក្នុងនោះ រួមមាន ធ្នង់ក្ងោក សណ្ដាន់ ព្រមទាំងប្រភេទឈើមួយចំនួនទៀត ដែលជាអំណោយអតីតឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានផ្ដល់មកឱ្យអាជ្ញាធរស្រុក ដើម្បីរៀបចំដាំលម្អតាមដងផ្លូវនៅក្នុងឃុំប៉ើស១និងឃុំរកាខ្នុរ ដើម្បីរៀបចំដាំតាមដងផ្លូវ ដែលរហូតមកដល់ពេលនេះ មានរយៈពេលពីរឆ្នាំក្នុងនោះ ដើមខ្លះមានកម្ពស់រហូតដល់៤ទៅ ៥ម៉ែត្រ។
លោកអភិបាលស្រុកក្រូចឆ្មារប្រាប់បន្តហើយដឹងទៀតថា ជាក់ស្ដែង នៅថ្ងៃទី១៤ វិច្ឆិកា រូបលោកនិងសហការីបានចុះទៅពិនិត្យមើលដើមឈើទាំងនេះឃើញថាដុះបានល្អ។ ដោយសារតែមួយរយៈកន្លងទៅភ្លៀងបានបង្អោរធ្លាក់មកចុះជាបន្តបន្ទាប់ ។ ហើយធ្វើឱ្យដើមឈើដុះបែកមេឃសាខារីកស្រស់បំព្រងក្នុងនោះអាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរ និងដើមឈើសូមជួយថែរក្សាធ្វើយ៉ាងណាឱ្យដើមឈើដែលបានដាំដុះនោះលូតលាស់ល្អទៅថ្ងៃខាងមុខ។
បែកមែកសាខា ចោលម្លប់ប្រឈឹងប្រឈី ពិសេស បងប្អូនដែលធ្វើដំណើរដោយកង់និងម៉ូតូ ក្នុងរដូវក្តៅគឺ អាចជ្រកក្រោមដើមឈើផ្ដល់ជាម្លប់ ដើម្បីឲ្យមានកម្លាំងនិងបន្តដំណើរទៅមុខទៀត។មួយវិញទៀត ដោយសារបាតុភូតអែលនីណូ ពីមួយឆ្នាំទៅមួយឆ្នាំបានធ្វើឲ្យអាកាសធាតុមានការបម្រែបម្រួល ដូច្នេះអាជ្ញាធរស្រុករួមទាំងលោកមេឃុំគឺបានសហការគ្នាដើម្បីដាំប្របតាមដងផ្លូវ ដើម្បីបម្រើប្រយោជន៍សាធារណៈជូនដល់ប្រជាពលរដ្ឋគ្រប់រូប។
លោកសយ ទូច អភិបាលស្រុកក្រូចឆ្មារបញ្ជាក់ថា ក្នុងពេលដែលរូបលោកចុះត្រួតពិនិត្យមើលដើមឈើដុះតាមដងផ្លូវប្រសិនបើមានដើមឈើណាដែលងាប់ក្រៀមស្វិតស្រពោនដូច្នេះយើងនឹងយកដើមឈើថ្មីមកដាក់ដាំជំនួស ។ សូមបញ្ជាក់ថា នៅតាមដងផ្លូវចាប់ពីមុខសាលាស្រុកមកឃុំរកាខ្នុរស្រុកក្រូចឆ្មារមានកន្លែងខ្លះដើមឈើដុសធំៗ ត្រូវបានអភិរក្សដោយមិនអនុញ្ញាតឲ្យជនណាម្នាក់កាប់បំផ្លាញនោះទេ។
ហើយកន្លែងដែលសម្បូរដើមឈើធំនោះគឺផ្ដល់ម្លប់ត្រជាក់។ហើយគេតែងតែឃើញអ្នកដំណើរមកជ្រកក្រោមម្លប់ឈើមិនថាក្មេងឬចាស់នោះទេ។ក្នុងនាមអាជ្ញាធរស្រុកសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារត្រូវតែនាំគ្នាចេះស្រឡាញ់ព្រៃឈើព្រោះព្រៃឈើត្រូវបានចាត់ទុកជាអាយុជីវិតរបស់មនុស្ស ។ តាមពិតទៅដើមឈើមានអត្ថប្រយោជន៍ច្រើននៅពេលថ្ងៃបញ្ចេញអុកស៊ីសែននិងស្រូបយកជាតិពុលផ្សេងៗពីលំហអាកាស។ រួមទាំងដើមឈើដុះនៅតំបន់ព្រៃលិចទឹក យើងត្រូវតែនាំគ្នាអភិរក្សព្រោះវាជាជម្រកត្រីពងដ៏មានសារៈសំខាន់ក្នុងរដូវវស្សា។
ចែករំលែកព័តមាននេះ