ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា K-Pop «G-Dragon» ត្រូវ​ប៉ូលិស​សាកសួរ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀ.ន

10 ខែ មុន

កូរ៉េ​ខាងត្បូង ៖ កំពូល​តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ​របស់​កូរ៉េ​ខាងត្បូង G-Dragon កាលពី​ថ្ងៃ​ទី​៦

កូរ៉េ​ខាងត្បូង ៖ កំពូល​តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ​របស់​កូរ៉េ​ខាងត្បូង G-Dragon កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​បង្ហាញខ្លួន​សម្រាប់​ការ​សាកសួរ​របស់​ប៉ូលិស ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀ.ន ហើយ​នេះ​ក៏​ជាក​រណ៍​ចុង​ក្រោយ​បំផុត​របស់​ក្រុម​សិល្បករ​កូរ៉េ​ខាងត្បូង​ខេ​ប៉ុប K-pop ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​គ្រឿងញៀ.ន​។

ការ​ស៊ើបអង្កេត​ប្រឆាំង​តារាចម្រៀង​រ៉េ​ប G-Dragon ដែល​មានឈ្មោះ​ពិត​ថា Kwon Ji-yong កើតឡើង​ចំ​ពេល​មានការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ដោយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អភិរក្សនិយម លោក Yoon Suk Yeol ហើយ​បន្ទាប់​ពី​ការ​ចោទប្រកាន់ កាលពី​ចុងខែ​តុលា​កន្លង​ទៅ ភាគហ៊ុន​របស់​ទីភ្នាក់ងារ K-pop មួយ​ចំនួន រួម​ទាំង​អតីត​ភ្នាក់ងារ​ផលិតកម្ម YG Entertainment ដែល G-Dragon ធ្លាប់​រួមរស់​ជាមួយ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

G-Dragon ឬ G.D អាយុ​៣៥​ឆ្នាំ បាន​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​ខុស​អ្វី​ទាំងអស់ ព្រមទាំង​បាន​ឆ្លើយ​រាល់​សំណួរ​របស់​ប៉ូលិស ហើយ​ថែម​ទាំង​បាន​អះអាង​ថា រូបគេ​មក​ផ្តល់​ចម្លើយ​សម្រាប់​ប៉ូលិស ដើម្បី​ជម្រះ​មន្ទិល​មក​លើ​រូបគេ​។ តារា​ប្រុស​សមាជិក​ក្រុម​ដ៏​ល្បី​របស់​កូរ៉េ​ខាងត្បូង BIGBANG រូប​នេះ បាន​បញ្ជាក់​នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​លោក​បាន​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ដែរ​ឬទេ?រូបគេ​បាន​ឆ្លើយ​ថា «​គ្មាន​ការ​ពិត​ទេ ចំពោះ​ការ​ចោទប្រកាន់​ពី​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​»​។

ការ​ចាប់ខ្លួន​តារា​ល្បី​កូរ៉េ​ខាងត្បូង កើត​ឡើងជា​បន្តបន្ទាប់​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ លើ​បទចោទប្រកាន់​គ្រឿងញៀន ដែល​បាន​ជំរុញ​អាជ្ញាធរ​បង្កើន​ការ​បង្ក្រាប​គ្រឿងញៀ.ន និង​អធិការកិច្ច​គយ​។ ប្រទេស​កូរ៉េ​ខាងត្បូង​មានច្បាប់​តឹងរ៉ឹង​ចំពោះ​គ្រឿងញៀន ហើយ​ឧក្រិដ្ឋកម្ម​ជា​ធម្មតា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​យ៉ាងតិច ៦​ខែ ឬ​រហូត​ដល់ ១៤​ឆ្នាំ​សម្រាប់​ជនល្មើស និង​អ្នក​ជួញដូរ​។

G-Dragon មិនមែន​ជា​សមាជិក​ដំបូង​របស់​ក្រុម BIGBANG ដែល​ប្រឈម​នឹង​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​នោះ​ទេ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៧ T.O.P. ដែល​មានឈ្មោះ​ពិត​ថា Choi Seung-hyun ទទួល​ការ​ព្យួរទោស​ដាក់​ពន្ធនាគារ​រយៈពេល​១០​ខែ​ពី​បទ​ប្រើប្រាស់​កញ្ឆា បន្ទាប់​ពី​រូបគេ​បាន​សារភាព​កំហុស និង​ស្វែងរក​ការ​បន្ធូរបន្ថយ​គេច​ពី​ការ​ជាប់​ពន្ធនាគារ​។ នៅ​ក្នុង​ឆ្នាំ ២០២១ Seungri ដែល​មានឈ្មោះ​ពិត​ថា Lee Seung-hyun ត្រូវ​បាន​កាត់ទោស​ពី​បទ​ឃុបឃិត​ក្នុង​ការ​គេចពន្ធ គម្រោង​សូកប៉ាន់ និង​ពេស្យាចារ ហើយ​ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ​។

សូម​ជម្រាប​ថា BIGBANG បាន​គ្របដណ្ដប់​លើ​វិស័យ K-pop អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៦ ដែល​មាន​សមាជិក​សរុប​ចំនួន​៥​នាក់ ខណៈ​ដែល​បច្ចុប្បន្ន​ក្នុង​ចំណោម​ពួក​គេ​ដែល​កំពុង​បន្ត​អាជីព​ចម្រៀង ប្រែខ្លួន​ជា​តារាចម្រៀង​ទោល​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ