ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តមួយរូប និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីអាវុធហត្ថចំនួន០៤រូបទៀតត្រូវឃាត់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿ.ងញៀ.ន។
មន្ត្រីដែលត្រូវបានឃាត់ខ្លួនខាងលើនេះ រួមមាន ៖ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន០៤រូបទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ដោយសង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿ.ងញៀ.ន។
យោងតាមសេចក្តីប្រកាសរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលអ្នកព័ត៌មានយើងទទួលបាន ក្នុងនោះមានន័យថា សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ ៖
១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿ.ងញៀ.ន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏ធ្វើការពន្លាតដែនដីសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។
២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន០៦រូប ដែលជានាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូបនោះ អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿ.ងញៀ.ន។
៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀ.ន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀ.ននោះទេ។
៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវបទប្បញ្ញត្តិ «ការសម្ងាត់នៃការស៊ើបអង្កេត»។
៥- ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវពាក្យស្លោក «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
មជ្ឈដ្ឋានមហាជន រង់ចាំមើលថា ក្រោយការចាប់ខ្លួនលោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, លោក ពេជ្រ ទីន នាយការិយាល័យគ្រឿ.ងញៀ.នអាវុធហត្ថខេត្ត, លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច, លោក មុន្នី មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងមន្ត្រីតាមស្នាក់ការ២នាក់ទៀតមិនទាន់ស្គាល់ឈ្មោះនោះ តើថ្នាក់លើនឹងមានចំណាត់ការបែបណា? តើថ្នាក់លើអាចលុបឈ្មោះមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺទាំង៦នាក់ដែរឬទេ? ឬមួយក៏ថ្នាក់លើទុកមន្ត្រីទាំង៦រូប ដែលមានការពាក់ព័ន្ធទទួលផលបទល្មើសគ្រឿ.ងញៀ.នដូចក្នុងសេចក្តីប្រកាសនេះហើយបន្តឱ្យនៅកាន់តួនាទីវិញដដែលទៀត?។
ដោយឡែក យោងតាមមន្ត្រីការិយាល័យផ្សព្វផ្សាយកងរាជអាវុធហត្ថខេត្តមួយរូប បានប្រាប់ឱ្យដឹងថា «មន្ត្រីទាំង៦រូបដែលត្រូវបានឃាត់ខ្លួន អាចនឹងត្រូវថ្នាក់លើលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីកងរាជអាវុធហត្ថតែម្ដង តែនេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការតែប៉ុណ្ណោះ»៕
ចែករំលែកព័តមាននេះ