ខ្មែរយើងជាជាតិសាសន៍ដែលពិបាកនិយាយគ្នា។ កុំថា ដល់រឿងធំដុំសព្វ បើនឹងរឿងតូចៗល្អិតល្អោច ក៏យើងនិយាយមិនយល់គ្នា ហើយអាចកើតជាឈ្លោះទាស់ទែងគ្នាបានដែរ ។
ចំណាំមើលថា ខ្មែរយើងពិបាកធ្វើការជាក្រុមណាស់ ។ អោយតែមានមនុស្ស ចាប់ពីពីរនាក់ឡើង គឺយើងមិនខ្វះរឿងឈ្លោះ ទាស់ទែងគ្នាឡើយ។
តើបណ្តាលមកពីហេតុអ្វី?
កត្តាប្រពៃណីគ្រួសារ៖ របៀបរបបរស់នៅរបស់យើងតាំងពីក្មេងៗមក ហាក់ដូចជាមានលក្ខណ:រឹតដ្បិត ទៅលើការជជែកគ្នាដោយមានហេតុផល និងប្រកបដោយ ការគោរពចំពោះភាពប្លែកគ្នានៃទស្សនៈ ។ នៅពេលមនុស្សចាស់ជជែកគ្នា ក្មេងៗត្រូវដើរចេញ ដោយមិនមានការពន្យល់ថា ហេតុអ្វីបានជាត្រូវចេញ ។ ការលូកមាត់បញ្ចេញមតិត្រូវបានបំបិទ ។ រាល់ការសម្រេចចិត្ត មិនថាតូចធំ មនុស្សចាស់ជា អ្នកចាត់ចែង។ អ្នកដែលមានសិទ្ធិជាងគេ ឬមានឥទ្ធិពលជាងគេក្នុងគ្រួសារ អាចហាមសមាជិកគ្រួសារ អាចហាមអ្នកផ្សេងអោយបិទមាត់ នៅពេលគេមិនពេញ ចិត្តនឹងទស្សនៈរបស់សមាជិកណាម្នាក់ ។
ទម្លាប់នេះ ធ្វើអោយក្មេងលូតលាស់ដោយមិនខ្វាយខ្វល់ពីហេតុផលនៃការសន្មត់អ្វីមួយថាហេតុអ្វីបានជាទង្វើនោះខុស, ហេតុអ្វីទង្វើបែបនោះជាការត្រឹមត្រូវ, ហេតុអ្វីទើបសន្មត់ថា បែបនេះល្អ, ហេតុអ្វីទើបសន្មត់ថាបែបនោះអាក្រក់, និងនាំអោយគេមានអត្តចរិតជា អ្នកស្តាប់បង្គាប់ (obedient) ដែលគេតែងច្រឡំថា ជាកូនដែលដើរតាមគន្លងធម៌ ។ ហេតុដូច្នោះ នៅពេលត្រូវប្រឈមមុខ នឹងការជជែករកដំណោះស្រាយ គេច្រើនស្ងាត់មាត់ស៊ូទ្រាំមិននិយាយ ហើយបើនឹងត្រូវនិយាយក៏មិនដឹងជានិយាយដូចម្តេច ក្រៅពីការចោល សម្តីទៅទាំងកាក អោយភាគីម្ខាងទៀតទ្រាំមិនបានទៅជាឈ្លោះគ្នា ។
សាកចំណាំមើល បើខ្មែរយើងមិនពេញចិត្តអ្វីមួយ គាត់អត់និយាយទេ តែគាត់សម្តែង ការមិនពេញចិត្តតាមរយ:ទឹកមុខ និងកាយវិការបញ្ជួសបន្សោក ។ ហើយបើដល់កម្រិតមួយដែលគាត់ទ្រាំលែងបាន គាត់ក៏និយាយទាំងខឹងសម្បារ គំរោះគំរើយ ឬ រំជួលចិត្តដល់យំស្រែកក៏មាន ។ ជារឿយៗ អ្នកដែលប្រឈមមុខនឹងស្ថានការបែបនេះច្រើនអន់ចិត្ត និងខឹងត្រឡប់ទៅវិញថា «ចុះតាំងពីដើមមក ហេតុអ្វីក៏មិននិយាយ? ហេតុអ្វីក៏មិនប្រាប់គេ? គេធ្វើម៉េចអាចដឹងពីចិត្តយើងបាន?»
កត្តាប្រពៃណីសង្គម៖ សង្គមយើងកំណត់ថា ក្មេងត្រូវគោរពចាស់, អ្នកតូច ត្រូវគោរពអ្នកធំ ។ ការពិតទៅ ទម្លាប់បែបនេះល្អណាស់ ។ ប៉ុន្តែជាច្រើនដង ដែលខ្មែរយើងប្រើសិទ្ធិពិសេសនេះ សង្កត់សង្កិនទៅលើបុគ្គលដែលគាត់គិតថាក្មេងជាង ឬមានឋាន:តូចជាង ឬស្ថិតក្នុងស្ថានភាពទន់ខ្សោយជាងដោយប្រកាន់ខ្ជាប់ថា អញត្រូវ, បើឯង ធ្វើខុសចិត្តអញ ឬមានគំនិតខុសពីអញ ឯងខុស ។ រឿងកំប្លែងមួយនិយាយថា ពេលម៉ែទុកកែវចោល ហើយកូនដើរជាន់ ម៉ែស្តីអោយកូនថា ដើរអត់បើកភ្នែក ប៉ុន្តែពេលកូនទុកកែវចោលកន្លែងដដែល ហើយម៉ែដើរជាន់ ម៉ែក៏ជេរកូនទៀតថា ហេតុអីបានភ្លីភ្លើ យកកែវមកទុកកន្លែងហ្នឹង ។
តើយើងអាចប្តូរទម្លាប់នៃការគោរពរវាងមនុស្សក្មេង ទៅមនុស្សចាស់ ឬរវាងអ្នកតូចទៅអ្នកធំ មកជា «ការគោរពគ្នាទៅវិញទៅមក» តើល្អដែរទេ? តើអាចប្តូរទម្លាប់មួយ ដែលគិតដោយសារអញមានអភ័យឯកសិទ្ធិ ពិសេស ដូច្នោះអញត្រូវ ហើយអញអាចបញ្ជាអោយជនណាដែលអញ មិនពេញចិត្តត្រូវបិទមាត់បានទេ?
កត្តាចរិតបុគ្គល៖ ខ្មែរយើង ចិត្តច្រើន ប្រកាន់ច្រើន និងចូលចិត្តប្រតិកម្មតាមអារម្មណ៍ ជាជាងការគិត និងការជជែកដោយហេតុផល ។ យើងបកប្រែ ការបដិសេធថា ជាការស្អប់ ។ ឧទាហរណ៍ ម្តាយមិនអោយដើរយប់ កូនបកប្រែសេចក្តីថាម្តាយចិត្តចង្អៀត តឹងរឹងដាក់ខ្លួនពេក ។ ប្រធានផ្នែកមិនអនុម័តគំរោងបុគ្គលិកចោទប្រធានថា ចង់ធ្វើបាបខ្លួន ។
ប្តីសួរប្រពន្ធពីរឿងលុយកាក់ ប្រពន្ធចោទប្តីថា គាបសង្កត់ ចិត្តមិនបានជាមួយខ្លួន ។ ជំនួសអោយការសួរនាំ និងបកស្រាយពីហេតុផល ដោយសន្តិវិធី យើងក៏បញ្ជោះបន្សោកអោយគ្នា ។ ឧទាហរណ៍ ប្តីឆ្ងល់ថាហេតុអ្វីលុយរកមកហើយមិនសល់ ។ ប្រពន្ធទៅជាខឹងប្តី គិតថាប្តីមិនទុកចិត្តខ្លួន មិនយល់ពីទុកលំបាកដែលខ្លួន ចាត់ចែងថវិកាដែលត្រូចចំណាយសព្វគ្រប់ក្នុងគ្រួសារ ហើយក៏ឆ្លើយទាំងទទឹងទិស ទៅប្តីថា «បើគិតថាខ្ញុំ កាន់លុយមិនកើតទេ មកកាន់លុយ ហើយចាត់ចែងខ្លួនឯងទៅឮ» ។
ចម្លើយនេះ ប្តីឮហើយ ស្ងាត់មាត់ដូចគេចុក ហើយក៏លែងសួរនាំតទៅទៀត ប៉ុន្តែក្នុងចិត្ត គឺពិតជាអន់ចិត្តក្រៃលែង ។ ដំបូងៗក៏ចេះតែទ្រាំទៅ។ យូរៗទៅ ទ្រាំលែងបានឈ្លោះគ្នា ក្ឌុង ឬមិនអ៊ីចឹង ក៏សោះអង្គើយនឹងគ្នា ដូចអ្នកដទៃ ។
បើនិយាយពីការសន្ទនា ឬតស៊ូមតិជាផ្លូវការ ខ្មែរយើងចាញ់ប្រៀបគេ ត្រង់ការគ្រប់ គ្រង់អារម្មណ៍ និងការពន្យល់ពីហេតុផលនេះឯង ។ យើងនិយាយបែកអូរហូរស្ទឹង ពេលខ្លះ ចាកប្រធានបទ ពេលខ្លះ មិនលើកពីហេតុផល ហើយនិយាយតែពីអារម្មណ៍ខ្លួន ត្អូញត្អែរច្រើន រហូតបាត់ឱកាសបកស្រាយរឿងដែលជាសាច់ការ ហើយចាញ់ក្តីគេ ។
បើពេលណាខ្មែរគិតថា ខ្លួនឯងត្រូវហើយមើលឃើញចំណុចខ្វះខាតណាមួយរបស់ភាគី ម្ខាងទៀត ខ្មែរនឹងមើលងាយ មើលថោកគេ ដៀលត្មិះ គេមិនសំចៃមាត់ ហើយបើអាចជាន់គេបានខ្មែរនឹងសង្គ្របជាន់អោយកប់ភក់ជ្រាំ មិនអោយអ្នកនោះឯង ងើបរួចដាច់ខាត ។
ជាញយដងណាស់ យើងឃើញមានការទាមទារសិទ្ធិបញ្ចេញមតិ ប៉ុន្តែតើខ្មែរប៉ុន្មានអ្នកដែលគោរពសិទ្ធិបញ្ចេញមតិរបស់អ្នកដែលមានទស្សនផ្ទុយពីខ្លួន ដោយមិនមានកើតចិត្តខឹងស្អប់ ។ គេថា ខ្មែរយើងមានចរិតក្តិចត្រួយ ឃើញគេល្អជាងខ្លួនមិនបាន ។ តើយើងក្តិចត្រួយគ្នារបៀបណា? គឺរបៀបដែលយើងប្រព្រឹត្តិចំពោះគ្នា តាមអារម្មណ៍ស្រលាញ់ ស្អប់ ភ័យខ្លាច និង ប្រកាន់ថាអញត្រូវ ឯងខុស ។
គេថា ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។ បើខ្មែរ ស្រលាញ់អ្នកណា គឺស្រលាញ់ងប់ងុល អ្នកនោះធ្វើអី ក៏ល្អ ក៏ត្រូវ ហើយបើខុស ក៏ខ្មែរយោគយល់ជានិច្ច ។
ផ្ទុយទៅ បើខ្មែរមិនពេញចិត្តហើយ ខ្មែរព្រួតគ្នាផ្តន្ទាទាល់តែបុគ្គលនោះងើបលែងរួច ។ បើខ្មែរស្អប់ មនុស្សណាម្នាក់ត្រង់ចំនុចណាមួយ ទោះបើបុគ្គលនោះ មានចំណុចផ្សេងទៀត ដែលល្អយ៉ាងណាក៏ដោយ ក៏ខ្មែរធីបចោលដែរ ហើយ គេនឹងគាស់រំលើងចំណុចមួយ ដែលទាស់ចិត្តគេនោះ ម្តងហើយម្តងទៀត ។ តើយើងធ្លាប់ឮពាក្យអស់ទាំងនេះទេ «ហ្អែងក៏មិនគ្រាន់ជាងអញដែរ, និយាយហ្នឹង ធ្វើដូចខ្លួនឯងគ្រាន់បើណាស់ចឹង, មិនខ្មេះទេ, លាងខ្លួនឯង អោយជ្រះសិនទៅ ចាំនិយាយ, បើមិនចេះ កុំធ្វើចេះ, ។ល។»បើធ្លាប់ឃើញ ធ្លាប់ឮ ធ្លាប់និយាយដែរ តើអ្នកទាំងអស់គ្នា ដឹងទេថា អ្នកកំពុងបំពានលើសិទ្ធិបញ្ចេញមតិរបស់អ្នកដទៃ ហើយអ្នកជាមនុស្សដែលមានចិត្តចង្អៀតចង្អល់ ។
ជាធម្មតា មនុស្សយើងមានពេលខុស មានពេលត្រូវ មានរឿងជាទីពេញចិត្ត និងមិនពេញចិត្ត ។ បើត្រង់ណា ដែលយើងមិនពេញចិត្ត យើងពន្យល់ដោយហេតុផល ហើយបើយើងមិនអាចពន្យល់បាន ឬ និយាយគ្នាមិនកើត យើងអាចចៀសចេញ តែយើងមិនអាចហាមអ្នកដទៃ មិនអោយគេនិយាយបានទេ។ កាលដែលយើងមានទម្លាប់ មិនបើកចិត្តទូលាយ ទទួលយកទស្សនៈប្លែកគ្នានេះហើយ ទើបយើងចេះតែឈ្លោះគ្នា ។
តើខ្មែរយើងប៉ុន្មាននាក់ដែលអាចធ្វើការជាមួយគ្នា សេពគប់ ឬអាចនៅរក្សាសន្តិភាព នឹងគ្នាបានទាំងដែលពេលខ្លះគេមានទស្សនៈខ្វែងគ្នា? គឺមានដោយកម្រណាស់ សូម្បីតែជាមួយបងប្អូនបង្កើតរបស់ខ្លួន។ ដោយបែបនោះហើយ បានជាឃើញមានគេនិយាយថា អ្នកខ្លះរៀនចេះដឹងដែរ តែឃើញតែឈ្លោះទាស់ទែងគ្នា ព្រោះប្រកាន់តែ ចំណេះខ្លួន តែចរិតមានះ ពិបាកនិយាយគ្នាក្រៃ
លែង ។
ដោយ ៖ កញ្ញា នាងសុធារី
ចែករំលែកព័តមាននេះ