ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ ប្រកាសថា កីឡាការិនី ខាន់ ចេសា សម្រេចចិត្ត មិនចូលរួម​ការប្រកួត​ កីឡាអាស៊ី នៅចិន ដោយសារមូលហេតុ​ផ្ទាល់ខ្លួន​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សហព័ន្ធកីឡា​ជឹជីត​ស៊ូកម្ពុជា បានប្រកាសថា កីឡាការិនី ខាន់ ចេសា បានសម្រេចចិត្ត​មិនចូលរួមប្រកួតក្នុងវិញ្ញាសាជឹជីតស៊ូ Ne-Waza នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី១៩…

ភ្នំពេញ៖ សហព័ន្ធកីឡា​ជឹជីត​ស៊ូកម្ពុជា បានប្រកាសថា កីឡាការិនី ខាន់ ចេសា បានសម្រេចចិត្ត​មិនចូលរួមប្រកួតក្នុងវិញ្ញាសាជឹជីតស៊ូ Ne-Waza នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី១៩ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាងចូវ ប្រទេសចិន ដោយសារមូលហេតុផ្ទាល់ខ្លួន​។

សេចក្តីប្រកាស បន្តថា «សហព័ន្ធកីឡាជឹជីតស៊ូកម្ពុជា មិនមានការពាក់ព័ន្ធ​លើសេចក្តីសម្រេច​ចិត្តនេះទេ។ សហព័ន្ធ​គោរពតាមការសម្រេចចិត្តរបស់កីឡាការិនី ខាន់ ចេសា ហើយបញ្ហានេះ ក៏មិនមានផលប៉ះពាល់ណាមួយដល់​កិច្ចខិតខំប្រឹងប្រែងរបស់​សហព័ន្ធ ក្នុងព្រឹត្តិការណ៍​ប្រកួតនេះទេ​។ យើងនៅតែរក្សា​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយកីឡាការិនី ខាន់ ចេសា ប្រកបដោយវិជ្ជាជីវៈ»។

សេចក្តីប្រកាស បន្តថា ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធ​គ្រោងបញ្ជូនអត្តពលិក ចំនួន ២រូប គឺ កីឡាការិនី ខាន់ ចេសា ប្រកួតវិញ្ញាសា Ne-Waza នារី ទម្ងន់ក្រោម ៥២គីឡូក្រាម និងកីឡាករ មឿនលឹម សុបញ្ញា ប្រកួតវិញ្ញាសា Ne-Waza បុរស ទម្ងន់ក្រោម ៦៩គីឡូក្រាម។

ជាមួយគ្នានេះ សហព័ន្ធនៅតែបន្ត​ផ្តោត​ការយកចិត្តទុកដាក់ និងប្តេជ្ញា​ចិត្តគាំទ្រ​កីឡាករ មឿនលីម សុបញ្ញា ដើម្បីឆ្ពោះទៅ​វគ្គផ្តាច់ព្រ័ត្រ ដណ្តើម​មេដាយ​ជូនជាតិពីព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនេះ។

កើតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០១ កីឡាការិនី ជម្រើសជាតិកម្ពុជា ជឺជីតស៊ូ កញ្ញា ខាន់ ចេសា ជាម្ចាស់មេដាយមាស កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។ នាងក៏បានឈ្នះ​មេដាយមាស កីឡាស៊ីហ្គេម ក្នុងឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ខាន់ ចេសា មានម្តាយជនជាតិម៉ិកស៊ិក និងឪពុក ជាខ្មែរ-អាមេរិក។ នាងបានហ្វឹកហាត់កីឡា ជឺជិតស៊ូ នៅ​អាយុ ១២ឆ្នាំ និងបានចូលរួម​​ការ​ប្រកួត ដោយឈ្នះ​​មេដាយ​ដ៏ច្រើន​សន្ធឹកសន្ធាប់។ នាងកើត នៅរដ្ឋតិចសាស់ ហើយរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង សហរដ្ឋអាមេរិក​។

ចំពោះការខកខាន​ មិនបានចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសចិន ពេលនេះ ត្រូវបាន​គណៈកម្មា​ធិការ​ជាតិ​អូឡាំពិកកម្ពុជា (NOCC) ឱ្យដឹងថា ដោយសារកត្ដាផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេសា ត្រូវចូលរួមប្រកួតកម្មវិធី ONE Fight Night 14 នៅលើសង្វៀន ONE Championship នៅប្រទេសសិង្ហបុរី ​ដើម្បីដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយកីឡាការិនីអាមេរិក Danielle Kelly៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ