ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូតជប៉ុនថា ​ការ​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជាមាន​​ការ​កើនឡើង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្លែងក្នុងឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ​មិត្តភាព​រវាង ជប៉ុន​និង​កម្ពុជា ​កាលពីពេលថ្មីៗនេះ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថា ការ​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា​មាន​​ការ​កើនឡើង…

រាជធានី​ភ្នំពេញ​៖ ថ្លែងក្នុងឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ​មិត្តភាព​រវាង ជប៉ុន​និង​កម្ពុជា ​កាលពីពេលថ្មីៗនេះ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថា ការ​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា​មាន​​ការ​កើនឡើង គួរឱ្យកត់សម្គាល់ ។

ជាការអបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ​មិត្តភាព​រវាង ជប៉ុន​និង​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថានទូត​ជប៉ុន រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​(CJCC) ការិយាល័យ ទំនាក់ទំនង​ភ្នំពេញ​នៃ​មូលនិធិ​ជប៉ុន បាននិងកំពុងរៀបចំ​នូវ​ការ​ប្រគំ​តន្ត្រី​អូ​ខេ​ស្ត្រា​ជា​ច្រើន​ដង ដោយ​ក្រុម Worldship Orchestra (WSO) ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ​មិត្តភាព​រវាង ជប៉ុន​និង​កម្ពុជា ​។

នៅ​ក្នុង​ពិធី​បើក​ការ​ប្រគំ​តន្ត្រី​អូ​ខេ​ស្ត្រា ឯកឧត្ដម អ៊ី​ណូ អាត់​សូ​ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន នៅ​កម្ពុជា បាន​ថ្លែង​ថា​៖ «​ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង ជប៉ុន​និង​កម្ពុជា​។ រយៈពេល​៧០​ឆ្នាំ​មកនេះ ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​យើង​ទាំង​ពីរ បាន​អភិវឌ្ឍ​ក្រោម​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​កិច្ច​សហប្រតិបត្តិការ ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព ការ​កសាង​ឡើង​វិញ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ របស់​កម្ពុជា មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ការ​វិនិយោគ​របស់​ជប៉ុន នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ក៏​ការ​កើនឡើង​ផង​ដែរ​។ សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​កំពុង​រីក​ចម្រើន​ឥត​ឈប់​ឈរ​»​ ។

ឯកឧត្ដម អ៊ី​ណូ អាត់​សូ​ស៊ី បន្ថែម​ថា ថ្ងៃនេះ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​អញ្ជើញ​វង់​តន្ត្រី​ជប៉ុន Worldship Orchestra (WSO) មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧០​ឆ្នាំ រវាង​ប្រទេស​ទាំង​ពីរ​។ សមាជិក​នៃ​វង់​តន្ត្រី Worldship Orchestra ដែល​កំពុង​សំដែង​នេះ សព្វថ្ងៃ កំពុងធ្វើការ​ដើម្បី លើកកម្ពស់​ការ​អប់រំ​តន្ត្រី មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាននៅ​ក្នុង​ប្រទេស​កម្ពុជា និង​បណ្តា ប្រទេស​អាស៊ី​ផ្សេង​ទៀត និង​ដើម្បី​បណ្តុះ​តន្ត្រីករ​ជំនាន់​ក្រោយ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា WSO គឺជា​គម្រោង​របស់ NPO Worldship ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ បង្កើត​ឡើង​នៅ ទីក្រុង​តូ​ក្យូ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​គោលបំណង​ផ្ដល់​ឱ្យ​កុមារ​ជុំវិញ​ពិភពលោក​នូវ​«​បទ​ពិសោធន៍ វង់​តន្ត្រី​ដំបូង​»​។ បច្ចុប្បន្ន​កំពុងធ្វើការ​លើ​សកម្មភាព​ពីរ គឺ​កម្មវិធី​សម្តែង​នៅ​ក្រៅប្រទេស ដើម្បី​ផ្ដល់​ឱ្យ​កុមារ​នៅ ក្នុង​ប្រទេស​អាស៊ី​ជា​ច្រើន ដែល​មិន​មានឱកាស​ទទួល​បានការ​អប់រំ​ផ្នែក​សិល្បៈ​តន្ត្រី ឬ​ទស្សនាការ​សម្តែង ឧបករណ៍​តន្ត្រី​ផ្ទាល់ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ នឹង​ចាប់អារម្មណ៍​លើ​តន្ត្រី និង​សកម្មភាព​គាំទ្រ​វង់​តន្ត្រី​យុវជន​ក្រៅប្រទេស ​។

ឯកឧត្តម ចាន់ រតនា ជា​សហ​ប្រធាន​គណៈកម្មការ​ប្រ​តិ​ប​តិ្ត​សម្រាប់​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ​មិត្តភាព​កម្ពុជា​-​ជប៉ុន បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុម​តន្ត្រី​ជប៉ុន និង​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ចូលរួម​ក្នុង “​ការ​ប្រគុំ​តន្ត្រី​ពិសេស ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​។ ជា​ការ​ពិត​ណាស់ យើង​មាន​មោទនៈភាព​ជា​ខ្លាំង ដែល​ទំនាក់ទំនង​មិត្តភាព​របស់​យើង ឥឡូវនេះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ ព្រោះថា​នៅ​ឆ្នាំ​នេះ យើង​បាន​លើក​ឡើង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដែល​ជា​កម្រិត​ខ្ពស់​បំផុត នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង​ពីរ​» ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម ចាន់ រតនា បន្ថែម​ថា​៖ «​ជាមួយនឹង​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​ថ្មី​នេះ ដែល​ដាក់​ចេញ​ដោយ​ថ្នាក់ដឹកនាំ​របស់​យើង ជា​ពិសេស​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី គី​ស៊ី​ដា ហ្វូ​មី​អូ ប្រទេស​ទាំង​ពីរ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ផលប្រយោជន៍​ប្រជាជន​យើង​។ និង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​» ​។

សូម​ជម្រាប​ថា ការ​ប្រគំ​តន្ត្រី​អូ​ខេ​ស្ត្រា ខួប​៧០​ឆ្នាំ​នៃ​មិត្តភាព​ជប៉ុន​-​កម្ពុជា នឹង​ធ្វើ​ឡើង​តាម​កាល​បរិ​ច្ឆ​ទ និង​ទីតាំង​ដូច​ខាងក្រោម​៖

  • ថ្ងៃ​សៅរ៍ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ ម៉ោង​១៦.០០ នៅ​AEON HALL ជាន់​ទី​៣ ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ស៊ី​ធី (​ចាប់ផ្តើម​ស្វាគមន៍​ម៉ោង​១៥.០០ ហើយ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​សាធារណជន នឹង​មាន​ចែក​ជូន​នៅ​ម៉ោង​១៥.៣០​នាទី​) ។
  • ថ្ងៃអាទិត្យ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ម៉ោង​១៤.០០ ដល់​១៤.៤០ និង​១៦.៣០ ដល់​១៧.១០ នៅ ICON PLAZA ជាន់​ផ្ទាល់​ដី ផ្សារ​ទំនើប​អ៊ី​អន​មាន​ជ័យ (​ស្វាគមន៍​សាធារណជន​ចូលរួម​ទស្សនា​ដោយ​សេរី​) ៕

អត្ថបទសរសេរ ដោយ