ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភាកូរ៉េ ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចាប់ផ្តើមឆាប់ៗនេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ​ស្តីទី​កម្ពុជា​ប្រធានរដ្ឋសភា​កូរ៉េ​បាន​គូសបញ្ជាក់​ថា តាម​ការ​វា​.​យ​តម្លៃ​លើ​គម្រោង នៃ​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ទើបបាន​បញ្ចប់ ហើយ​ការ​សាងសង់​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ​ស្តីទី​កម្ពុជា​ប្រធានរដ្ឋសភា​កូរ៉េ​បាន​គូសបញ្ជាក់​ថា តាម​ការ​វា​.​យ​តម្លៃ​លើ​គម្រោង នៃ​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ទើបបាន​បញ្ចប់ ហើយ​ការ​សាងសង់​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​វិមាន​ព្រឹទ្ធសភា ឯកឧត្តម គី​ម ជី​ន​ផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភា​កូរ៉េ បាន​បញ្ជាក់​ថា​«​នា​ពេល​ថ្មី​ៗ​នេះ​ការ​វា​.​យ​តម្លៃ​លើ​គម្រោង​នៃ​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ទើបបាន​បញ្ចប់ ហើយ​ការ​សាងសង់​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗ​ខាង​មុខ​» ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ប្រធានរដ្ឋសភា​កូរ៉េ បាន​សង្ឃឹមថា ស្ពាន​នេះ​នឹង​ជួយ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា និង​ជា​និមិត្តរូប​នៃ​មិត្តភាព​កម្ពុជា​-​កូរ៉េ ។ ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រីក​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ឱ្យ​កាន់តែ​រឹង​មាំ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា និង​បន្ត​ពង្រីក​លើ​វិស័យ​នានា​បន្ថែម​ទៀត ហើយ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​រួមចំណែក​ដល់​សន្តិភាព​ស្ថិរភាព និង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ាន​ក៏​ដូច​ជា តំបន់​មេគង្គ​ផង​ដែរ ។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ​ដែល​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍ​ផ្លូវការ ហិរញ្ញប្បទាន​ឥត​សំណង​ហិរញ្ញប្បទាន​សម្បទាន ចាប់តាំងពី​ឆ្នាំ​១៩៩៧ ។ ជា​ការ​កត់សម្គាល់​ក្រោម​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​បូក (New Southern Policy Plus) កម្ពុជា​ជា​ប្រទេស​អាទិភាព​សម្រាប់​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ។ នៅ​ឆ្នាំ​២០២២ កម្ពុជា​ជា​ប្រទេស​ទទួល​បាន​ជំនួយ​ច្រើន​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​របស់​កូរ៉េ​ក្នុង​ទឹកប្រាក់​ចំនួន​១៥០ លាន​ដុល្លារ​អា​មេ​រិ​ក ។

សម្តេច​ប្រមុខរដ្ឋ​ស្តីទី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« លំហូ​វិនិយោគ​ដោយ​ផ្ទាល់​ពី​សាធារណរដ្ឋ​កូរ៉េ និង​ទេសចរណ៍​កូរ៉េ​បាន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា កាត់​បន្ថយ​ភាព​ក្រក្រី លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ ។ ការ​រីក​ចម្រើន​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ទាំង​ពេល បច្ចុប្បន្ន និង​ពេល​អនាគត គឺ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​គាំទ្រ​របស់​សាធារណរដ្ឋ​កូរ៉េ​បាន​ឡើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រមុខរដ្ឋ​ស្តីទី​បន្ដ​ថា ឆ្នាំ​២០២៣​នេះ​រដ្ឋាភិបាល​កូរ៉េ​គ្រោង​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​២៣,២២ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​អនុវត្ត​គម្រោង​ផ្សេង​ៗ ក្រោម​ក្របខ័ណ្ឌ KOICA ក្នុង​វិស័យ​សុខាភិបាល អប់រំ វប្បធម៌ អភិវឌ្ឍ​ជនបទ កសិកម្ម ការ​បោសសម្អាត​មីន និង​បរិស្ថាន ។

ជំនួយ​ទាំង​អស់នេះ ជា​កាយវិការ​ដ៏​សប្បុរស​របស់​រដ្ឋាភិបាល​កូរ៉េ ដែល​នឹង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍ​លើ​វិស័យ​អាទិភាព​ជា​ច្រើន ពិសេស​ការ​បោសសម្អាត​មីន ដែល​ជា​ការ​គាំទ្រ​ដល់​គោលដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ។

សូម​ជម្រាប​ថា គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (​ផ្សារ​ចាស់​-​ជ្រោយចង្វារ​; ជ្រោយចង្វារ​-​អរិយ​ក្សត្រ​) នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០២៣ ខាង​មុខ ។ ស្ពាន​នេះ​សាងសង់​ឡើង​មាន​ជើង​សសរ​ទម្រ​ខ្ពស់​ៗ ទៅ​ខាងលើ​កោង​រត់​រកគ្នា ដើម្បី​យឹត​ខ្សែកាប ហើយ​មាន​លក្ខណៈ​ពិសេស​មួយ​ជើងសារ​ទម្រ​មាន​លក្ខណៈ​មួយ​រង្វើល​ដែល​ផ្តល់​ភាព​ងាយស្រួល​ឱ្យ​នាវា​ឆ្លងកាត់​ចេញចូល​ក្រោម​ស្ពាន ។ ស្ពាន​នេះ​នឹង​ជួយ​សម្រួល​ឱ្យ​ការ​ធ្វើ​ចរាចរណ៍​កាត់​បន្ថយ​ការ​កកស្ទះ​ចេញចូល​រាជធានី​ភ្នំពេញ និង​ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​អរិយ​ក្សត្រ ស្វាយ​ជ្រុំ​ផង​ដែរ ។

គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​ចុះហត្ថលេខា រួច​ហើយ​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​២៤៥ ៩០៩ ០០០ ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ