ខេត្តប៉ៃលិន ៖ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយលោកជំទាវបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍខេត្តនេះឱ្យមានការីកចំរើន ជាពិសេសវិស័យទេសចរណ៍ ធ្វើយ៉ាងណាក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនកាន់តែច្រើន។
ជាមួយគ្នានេះដែរ បើក្រឡេកមើលទៅភ្ញៀវទេសចរបរទេសចូលកាន់ប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រំ មានការកើនឡើងគួរអោយកត់សម្គាល់ ជាពិសេសភ្ញៀវទេសចរជនជាតិថៃ ដែលតែងតែមកម្សាន្ត និងមើលឃើញពីការអភិវឌ្ឍន៍របស់ខេត្តប៉ៃលិន។ ម្យ៉ាងវិញទៀត នៅតាមរមណីយដ្ឋានប្រវត្តិសាស្ត្រលោកយាយយ៉ាត វត្តភ្នំយ៉ាត វត្តរតនសោភ័ណ ហៅវត្តកោងកាង ដែលជាទីកន្លែងដ៏មានរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនសម្រាប់អ្នកទេសចរគួរដឹងនោះ បានធ្វើឱ្យទាក់ទាញដល់ភ្ញៀវទេសចរ បរទេសមកលេងកម្សាន្ត។
ថ្មីៗនេះ ភ្ញៀវទេសចរបរទេសប្រមាណជិត៥០នាក់ មានធ្វើដំណើរតាមរថយន្តទេសចរណ៍ ដើម្បីមកកម្សាន្ត និងយល់ដឹងពីប្រវត្តិសាស្ត្រខេត្តប៉ៃលិនផងដែរ។
បើតាមលោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ជាធម្មតាខែកក្កដា និងខែសីហា ជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះ មិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។ គោលដៅទេសចរណ៍ដែលមានភ្ញៀវទៅកម្សាន្តជាងគេ រួមមាន ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រលោកយាយយ៉ាត ភ្នំយ៉ាត វត្តកោងកាង, រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ និងរមណីយដ្ឋានកៃច្នៃជាច្រើនទៀតផងដែរ។
យោងតាមរបាយការណ៍លោកប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ភ្ញៀវទេសចរមកកម្សាន្តសរុប ៦៥៦,៣៧៦នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៦៤៦,៤៤២នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៩,៩៣៤នាក់៕
ចែករំលែកព័តមាននេះ