ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវតាមស្វែងរកមុខម្ចាស់ម៉ូតូកង់បីឥណ្ឌា ដែលដឹកស្ត្រីជនជាតិបារាំងម្នាក់បង្ហូសសណ្ឋាគារដែលនាងត្រូវស្នាក់នៅ ហើយបម្រុងដឹកយកនាងទៅកន្លែងស្ងាត់ ក្នុងចេតនាប្រព្រឹត្តអំពើទុច្ចរិត ធ្វើឲ្យនាងភ័យក៏សម្រេចចិត្តលោ.តចុះពីលើម៉ូតូកង់បីឥណ្ឌានោះតែម្តង បណ្ដាលនារីរងគ្រោះរងរបួសបាក់ម្រាមដៃ១ និងរបួសលើផ្ទៃមុខទៀត។ នេះបើយោងតាមការឲ្យដឹងពីសមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងព្រោងព្រាតតាមបណ្ដាញសង្គម ដែលបានចែករំលែកផ្សព្វផ្សាយបន្តគ្នា ក្រោយពីមានអាក់ខោនហ្វេសប៊ុកមួយឈ្មោះថា «Sam Achhara» បានបង្ហោះជាសាធារណៈដំបូងគេ ដោយភ្ជាប់នូវរូបថតជនរងគ្រោះ ដែលមានស្នាមរបួសផងដែរ។
យោងទៅលើខ្លឹមសារដែលអាក់ខោនហ្វេសប៊ុកខាងលើនេះ បានសរសេរនោះបានប្រាប់ឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខណៈពេលស្ត្រីជាជនជាតិបារាំងរូបនេះ ចុះពីលើរថយន្តក្រុងដឹកអ្នកដំណើ ហើយហៅម៉ូតូកង់បីឥណ្ឌាជិះទៅកាន់សណ្ឋាគារដែលនាងត្រូវស្នាក់នៅ។
ម្ចាស់អាក់ខោនខាងលើនេះ មិនបានប្រាប់ឈ្មោះជនបរទេសនោះទេ តែបានបញ្ជាក់ថា «នាងជាភ្ញៀវទេសចរជនជាតិបារាំង»។ គាត់បានឲ្យដឹងទៀតថា «ភ្ញៀវទេសចររូបនេះ បានធ្វើដំណើរតាមរយៈរថយន្តក្រុងពេលយប់ ដោយចេញពីភ្នំពេញឆ្ពោះមកកាន់ខេត្តបាត់ដំបង លុះមកដល់ចំណតរថយន្តនៅវេលាទៀបភ្លឺ នាងចុះពីរថយន្ត រួចហៅម៉ូតូកង់បីឥណ្ឌាឲ្យដឹករូបនាងទៅកាន់សណ្ឋាគារ «ឡាក់គី» នៅក្នុងក្រុងបាត់ដំបង។ ប៉ុន្តែពេលដឹកទៅ អ្នកបើកម៉ូតូកង់បីឥណ្ឌា មិនបានដឹកនាងទៅកាន់សណ្ឋាគារនោះទេ បែរជាព្យាយាមដឹកនាងទៅកន្លែងស្ងាត់ បើទោះជានាងបានប្រាប់ម្ដងហើយម្ដងទៀត ឲ្យអ្នកបើកបរនោះដឹកនាងទៅសណ្ឋាគារក្ដី»។
ម្ចាស់អាក់ខោនខាងលើនេះ បានបញ្ជាក់ទៀតថា «នោពេលឃើញសភាពបែបនេះ ធ្វើឲ្យនាងភិតភ័យ ទើបនាងសម្រេចចិត្តលោ.តចុះពីលើម៉ូតូកង់បីឥណ្ឌានោះតែម្តង រហូតធ្វើឱ្យនាងរងបួសបាក់ម្រាមដៃ១ និងរបួសលើផ្ទៃមុខទៀតផង»។
ក្រោយមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ភ្លាម សមត្ថកិច្ចក៏បានតាមស្រាវជ្រាវស្វែងរកស្ត្រីបរទេសដែលជាជនជាតិបារាំងរូបនេះ ដើម្បីសួរនាំអំពីដំណើររឿង ហើយក៏បានជួបនាង និងសួរនាំនាងដឹងអំពីរឿងនេះ។ ប៉ុន្តែសមត្ថកិច្ចហាក់ជួបការលំបាកក្នុងការស្រាវជ្រាវរកមុខម្ចាស់ម៉ូតូកង់បីឥណ្ឌាដ៏កំហូ.ចរូបនោះ ដោយសារតែពុំស្គាល់អត្តសញ្ញាណ ឬភិនភាគជនទុច្ចរិ.តនោះឡើយ ប៉ុន្តែតាមរយៈការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនានា នៅតាមដងផ្លូវ និងនៅចំណតរថយន្ត សមត្ថកិច្ចហាក់មានតម្រុយខ្លះៗហើយ។
អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានប្រាប់កោះសន្តិភាពឱ្យដឹងដែរថា កម្លាំងរបស់លោកបាននិងកំពុងតាមដានតម្រុយអ្នកបើកម៉ូតូកង់បីឥណ្ឌានោះតាំងពីចំណតរថយន្ត និងតាមដងផ្លូវដែលជននេះដឹកភ្ញៀវខាងលើ។
លោកប្រាប់បន្តថា នៅតាមដងផ្លូវត្រង់ចំណុចផ្លូវកែងមួយកន្លែង ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា គេបានប្រទះឃើញបំណែកកញ្ចក់មួយចំហៀង ដែលគេសង្ស័យថា គឺជាបំណែកកញ្ចក់ម៉ូតូកង់បីឥណ្ឌាដែលបើកលឿន រហូតបត់ដួល ហើយក៏មានជាប់រូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលគេបំពាក់ខាងមុនផ្ទះខ្លះៗផងដែរ។ ពេលនេះកម្លាំងជំនាញកំពុងតាមតម្រុយនេះហើយ។
បើតាមប្រភពព័ត៌មានដទៃទៀត បាននិយាយឱ្យដឹងថា អ្នកបើកម៉ូតូកង់បីឥណ្ឌានោះ មិនព្រមដឹកស្ត្រីបរទេសរូបនោះទៅតាមផ្លូវជាតិក្នុងក្រុងទេ តែបែរជាដឹកនាងចេញពីចំណតនៅក្នុងផ្សារ «ភូពុយ» ទៅតាមផ្លូវខាងជើងផ្សារ ដែលស្ងាត់ឈឹងគ្មានភ្លើង រួចឆ្ពោះទៅទិសខាងកើត។ លុះដល់ចំណុចកើតហេតុ ស្ត្រីបរទេសក៏លោ.តចុះស្រែករកគេជួយតែម្ដង ចំណែកអ្នកបើកម៉ូតូកង់បីឥណ្ឌាវិញ ទំនងជាភ័យស្លន់ស្លោរក៏បន្ថែមល្បឿនបត់ត្រឡប់ក្រោយ ទើបបណ្ដាលឲ្យក្រឡាប់បែកកញ្ចក់មួយចំហៀងបន្សល់ទុកបំណែកនៅកន្លែងកើតហេតុ តែគេពុំស្គាល់ជនទុច្ចរិ.តនោះទេ។
យ៉ាងណាម៉ិញ សមត្ថកិច្ចត្រូវតែធ្វើការស្រាវជ្រាវស្វែងរកជនទុច្ចរិ.តម្នាក់នេះឲ្យឃើញ ព្រោះអំពើទុច្ចរិ.តរបស់ជននេះ មិនមែនត្រឹមតែធ្វើឲ្យស្ត្រីជនជាតិបារាំងម្នាក់នេះភ័យខ្លាចនោះទេ វាថែមទាំងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ទៅលើភ្ញៀវទេសចរបរទេសគ្រប់ជាតិសាសន៍ដទៃទៀត ដែលមានបំណងមកលេងប្រទេសកម្ពុជា៕
ចែករំលែកព័តមាននេះ