សត្វដង្កូវមូលជាច្រើនក្បាលដែលជាប់គាំង១កន្លែងមិនអាចកម្រើកខ្លួនរួចដោយសារទឹកកកហ៊ុមព័ទ្ធយ៉ាងជិតរយៈពេល៤ម៉ឺន ៦ពាន់ឆ្នាំ ឬយើងអាចហៅម៉្យាងទៀតថា «ដង្កូវក្រាំងម៉ឺនឆ្នាំ» នៅទីបំផុតអាចកម្រើកខ្លួនឡើងវិញ និងមានជីវិតរស់រវើក។ ដង្កូវទាំងនេះត្រូវគេប្រទះឃើញនៅតំបន់វាលទឹកកកស៊ីបេរីកាលពីឆ្នាំ២០១៨។ សត្វដង្កូវរស់នៅទីនេះតាំងពីសម័យដំរីម៉ាមូត (mammoth) ដើរទន្ទ្រានផែនដីកាលពីរាប់ម៉ឺនឆ្នាំមុន។
ក្រោយមក, គេបាននាំយកដង្កូវស៊ីបេរីដែលក្រាំងក្នុងទឹកកកនេះទៅកាន់មន្ទីរពិសោធ។ មានន័យថាវាជាសត្វដែលមានជីវិតរស់នៅបានយូរបំផុតដែលគេប្រទះឃើញ និងមានឧបករណ៍រង្វាស់អាយុកាលរបស់វាយ៉ាងជាក់លាក់។ ដង្កូវទាំងនេះត្រូវអ្នកវិទ្យាសាស្ត្រជនជាតិរុស្ស៊ីរកឃើញនៅក្នុងរូងរបស់សត្វកំប្រុក និងនៅក្នុងផ្ទាំងទឹកកកជិតទន្លេខូលីម៉ា (Kolyma) កាលពីឆ្នាំ២០១៨។ កាលនោះ គេមិនទាន់ដឹងថាវាជាអ្វីឱ្យពិតប្រាកដ និងមិនដឹងថាវាក្រាំងនៅក្នុងទឹកកកនេះតាំងពីពេលណា។
ក្រោយមក, ដោយសារបច្ចេកវិទ្យាចេះតែទំនើបទៅៗ គេអាចស្រាវជ្រាវដឹងថាវាជាសត្វដង្កូវក្រាំងនៅក្នុងទឹកកកនៅដំណាក់កាលចុងក្រោយនៃយុគទឹកកក (Ice Age)។ ដង្កូវទាំងនេះមានប្រវែងដងខ្លួនមិនដល់១មិល្លីម៉ែត្រទេ។ នៅទីបញ្ចប់ ពួកវាអាចបម្លែងខ្លួនពីស្ថានភាពក្រាំងនៅក្នុងទឹកកក និងកម្រើកខ្លួនរវើកៗដើម្បីចាប់ផ្ដើមជីវិតសាជាថ្មី។ អ្នកវិទ្យាសាស្ត្របានដាក់ដង្កូវទាំងនេះនៅក្នុងចានទឹកស៊ុបដែលមានសារធាតុបំប៉នគ្រប់គ្រាន់ដើម្បីជួយឱ្យពួកវាបន្តជីវិតរស់នៅ។
បន្ទាប់ពីស្ថិតនៅក្នុងចានទឹកស៊ុបពីរបីអាទិត្យ, ពួកវាចាប់ផ្ដើមកម្រើកខ្លួនគើមៗ និងស៊ីចំណី។ គួរឱ្យស្ដាយពួកវារស់មិនបានយូរប៉ុន្មានទេ។ ត្រឹមតែរយៈពេលពីរបីខែប៉ុណ្ណោះពួកវាក៏បានស្លាប់ទៅ។ ប៉ុន្តែមិនថ្វីទេ អ្នកវិទ្យាសាស្ត្របានរកឃើញថាពួកវាបានបង្កើតកូនចៅមួយចំនួន។ អ្នកវិទ្យាសាស្ត្រកំពុងតាមដានកូនទាំងនេះ។
បណ្ឌិតហ៊្វីលីព ស៊ីហ្វឺ (Phillip Schiffer) ជាអ្នកស្រាវជ្រាវដង្កូវ ប្រាប់ថាសត្វដង្កូវប្រភេទនេះតាមធម្មតាអាចរស់បានចន្លោះពី២០-៦០ថ្ងៃ។ ពួកវាបង្កើតកូនចៅជាបន្តបន្ទាប់។ ពួកវាមានភាពធន់ពីធម្មជាតិ។ ទោះបីស្ថានភាពពិបាកយ៉ាងណាក៏ពួកវាអាចស៊ូទ្រាំបានដែរ។ នៅពេលពិបាកខ្លាំង, ពួកវានឹងក្រាំងនៅក្នុងទឹកកក។ កាលពីឆ្នាំ២០២១, គេប្រទះឃើញសត្វឆ្អឹងកង១ប្រភេទនៅតំបន់អាកទិចដែលក្រាំងនៅក្នុងទឹកកកតាំងពី២ម៉ឺន ៤ពាន់ឆ្នាំមុន។
កាលពីពេលកន្លងមក ពួកអ្នកវិទ្យាសាស្ត្រក៏ធ្លាប់រកឃើញជាហូរហែនូវសត្វជាច្រើនដែលកប់នៅក្នុងទឹកកករយៈពេលរាប់ម៉ឺនឆ្នាំ។ ប៉ុន្តែពួកវាបន្សល់ទុកតែត្រឹមសាកសពតែប៉ុណ្ណោះ។ ពោលគឺមិនមែនជាសត្វដែលគ្រាន់តែក្រាំងនៅក្នុងទឹកកក ប៉ុន្តែនៅមានជីវិតរស់រវើកដូចជាពពួកសត្វដង្កូវទាំងនេះទេ៕
ប្រភព៖ កាសែត Telegraph
https://www.telegraph.co.uk/news/2023/07/27/stone-age-worms-brought-back-life-defrosted-siberia/
ចែករំលែកព័តមាននេះ