ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា ២០២៣ បង្ហាញ​ពី ​វប្បធម៌និង​ការ​ជម្រុញ​ ការ​ផ្លាស់​ប្ដូរ​នានា ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​សហការ​ជាមួយ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) ការិយាល័យ​ទំនាក់ទំនង​ភ្នំពេញ នៃ​មូលនិធិ​ជប៉ុន រៀបចំ​នូវ​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា លើក​ទី​១២ ដែល​ជា​កម្មវិធី​វប្បធម៌​ដ៏​ធំ​មួយ…

រាជធានី​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​សហការ​ជាមួយ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) ការិយាល័យ​ទំនាក់ទំនង​ភ្នំពេញ នៃ​មូលនិធិ​ជប៉ុន រៀបចំ​នូវ​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា លើក​ទី​១២ ដែល​ជា​កម្មវិធី​វប្បធម៌​ដ៏​ធំ​មួយ ក្នុង​ចំណោម​កម្មវិធី​ធំ​ៗ​នានា នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​មិត្តភាព​ជប៉ុន​-​កម្ពុជា​ ។

មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ២០១២ ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​ជប៉ុន និង​កម្ពុជា ក៏​ដូច​ជា​ការ​ជម្រុញ​ការ​ផ្លាស់​ប្ដូរ​នានា​រវាង​ប្រជា ជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ​។

ឯកឧត្តម តា​កិ​អ៊ិ ស៊ុន​ស៊ុ​កិ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ។

នា​ឱកាស​ថ្ងៃ​បើក​មហោស្រព​នេះ​ផង​ដែរ ឯកឧត្តម តា​កិ​អ៊ិ ស៊ុន​ស៊ុ​កិ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​ថ្លែង​ថា​៖ «​ឆ្នាំ​នេះ​គឺជា​ឆ្នាំ​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​មិត្តភាព​ជប៉ុន​និង​កម្ពុជា​។ រយៈពេល ៧០ ឆ្នាំ​មកនេះ ចំណងមិត្តភាព​ដ៏​រឹង​មាំ​របស់​ប្រទេស​យើង​ទាំង​ពីរ បាន​រីក​ចម្រើន​តាម​រយៈ​កិច្ចសហការ​ប្រតិបត្តិការ​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ការ​កសាង​ប្រទេស​ឡើង​វិញ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។ តាម​រយៈ​មហោស្រព​នេះ ខ្ញុំ​សង្ឃឹមថា​អ្នកចូលរួម​នឹង​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ជប៉ុន និង​បាន​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​ទៅ​លើ​វប្បធម៌​ខ្មែរ និង​ជប៉ុន ក្រោយ​បាន​ចូលរួម​កម្មវិធី​នានា ក្នុង​មហោស្រព​នេះ​»​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ជំទាវ ប៉ែន មុនី​មក​រា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែង​ថា​៖ «​តាម​រយៈ​វិស័យ​វប្បធម៌ ជប៉ុន​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការ​អភិរក្ស អភិវឌ្ឍ​វប្បធម៌ ជា​ពិសេស​ការ​ជួយ​ជួសជុល​ប្រសាទ​នានា​ក្នុង​តំបន់​អង្គរ ក្នុង​ខេត្តសៀមរាប​។ ទន្ទឹម​នោះ​ប្រទេស​យើង​ទាំង​ពីរ​តែងតែ​ជួយ ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​តំបន់​ក៏​ដូច​ជា​អន្តរជាតិ​នៅ​ពេល​ចាំបាច់​» ​។

​លោកស្រី មិ​ណា​មិ​ណុ យូ​កុ ​ជា​តារាចម្រៀង និង​សម្ដែង ។
កញ្ញា ម៉​ម ឡ​រ៉ា ទេវ​រី ជា​សិល្បករ​ខ្មែរ​-​អា មេ​រិ​កាំ​ង ។

សូម​ជម្រាប​ផង​ដែរ​ថា ប្រធានបទ​ក្នុង​កម្មវិធី​មហោស្រព​ក្នុងឆ្នាំនេះ​គឺ «​មិត្តភាព​ស្រស់បំព្រង​របស់​យើង A Blossoming Friendship» ដែល​គូស បញ្ជាក់​ពី​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ ​។ ក្នុង​ពិធី​បើក​ក៏​មាន​វត្តមាន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង ព្រមទាំង​ភ្ញៀវ​កិត្តិយស ជា​ច្រើន​រូប​ទៀត​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មានការ​សម្តែង ដោយ​ផ្ទាល់​ពី​អគ្គរាជទូត​សុ​ឆន្ទៈ​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​មិត្តភាព​ជប៉ុន​-​កម្ពុជា គឺ​លោកស្រី មិ​ណា​មិ​ណុ យូ​កុ ដែល​ជា​តារាចម្រៀង និង​សម្ដែង និង​កញ្ញា ម៉​ម ឡ​រ៉ា ទេវ​រី ជា​សិល្បករ​ខ្មែរ​-​អា មេ​រិ​កាំ​ង ដែល​ជា​អ្នកនិពន្ធ​បទ​ចម្រៀង អ្នក​ផលិត​តន្ត្រី អ្នកជំនួញ និង​ជា​សហ​ស្ថាបនិក​នៃ​ផលិតកម្ម​បារមី ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា ២០២៣ ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​CJCC ។ កម្មវិធី​ចម្បង​រៀបចំ​ក្នុង​សាល​អង្គរ​-​គី​ហ្សូ​ណា​នៃ CJCC នៅ​ក្នុង​មហោស្រព​រួម​មាន ៖ ការ​ប្រគំ​តន្ត្រី​ពិសេស កម្មវិធី​ល្បងប្រាជ្ញា​សប្បាយ​ៗ​ស្តី​អំពី​ជប៉ុន និង​កម្ពុជា​, ការ​សម្ដែង​ខ្នាត​តូច​ពី Cosplay, បទ​ពិសោធន៍​ជាមួយ​កីឡា​កេ​ន​ដូ​, បទ​ពិសោធន៍​ជាមួយ​កីឡា​អគី​ដូ​, ប្រគំ​តន្ត្រី​អុ​ប៉េ​រ៉ា​កម្ពុជា​-​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយ​រី​យ៉ូ​កុ អ៊ុ​ក​ដា​, ការ​ប្រគំ​តន្ត្រី​ខ្នាត​តូច​ជប៉ុន​, ការ​ប្រគំ​តន្ត្រី​អា​ខូ​ស្ទិ​ក​ខ្មែរ ។​ល​។ ​៕

អត្ថបទសរសេរ ដោយ